បុរសដែលត្រូវគ្រាប់កាំភ្លើងក្នុងហេតុការណ៍ជម្លោះដីធ្លីក្នុងខេត្តព្រះសីហនុកំពុងស្ពឹកមួយកំណាត់ខ្លួន

លោក​ ពៅ​ សារ័ត្ន​ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈ​ ហៅមន្ទីពេទ្យព្រះសង្ឃ​ ក្នុងរាជធានីភ្នំពេញ​ ក្រោយពីរងគ្រោះដោយសារការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច​ និងប្រជាពលរដ្ឋ​ នៅពយម៉ាចូវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបភាព៖ ឃុត សុគន្ធ

លោក ពៅ សារ័ត្ន ដែលរងរបួសដោយគ្រាប់កាំភ្លើងត្រូវឆ្អឹងខ្នងក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមពលរដ្ឋ និងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុជុំវិញរឿងវិវាទដីធ្លីកាលពីពីរសប្តាហ៍មុននោះ កំពុងមានអាការៈស្ពឹកមួយកំណាត់ខ្លួនចុះក្រោមមិនអាចកម្រើកបានក្រោយពេលវះកាត់។​

ម្តាយរបស់លោក ពៅ សារ័ត្ន គឺអ្នកស្រី អន អៀន ប្រាប់ វីអូឌី ថា ក្រុមគ្រូពេទ្យបានវះកាត់យកគ្រាប់ចេញមានរយៈពេល១៣ថ្ងៃហើយ ប៉ុន្ តែរហូតពេលនេះកូនរបស់គាត់នៅតែមិនអាចកម្រើកបានដដែល ដោយស្ពឹកមួយកំណាត់ក្រោម។

អ្នកបន្ថែមថា៖ «មួយកំណាត់ខាងក្រោមចាប់ពីផ្សិតចុះក្រោម ស្ពឹកមិនអាចធ្វើចលនាអីបានទេ ខ្លួនក៏នៅឈឺ ឲ្យតែបានមួយកំណាត់ហ្នឹងស្រួលទៅ ខ្ញុំលើកអង្គុយធ្វើចលនាហើយ ប៉ុន្ តែមួយកំណាត់ហ្នឹងនៅឈឺអញ្ចឹង មិនអាចធ្វើអីកើត»

ស្រ្តីរូបនេះ បង្ហាញក្តីបារម្ភថា ខ្លាចកូនរបស់គាត់មិនមានសភាពដូចដើមដោយធ្លាក់ខ្លួនពិការ ប៉ុន្តែយ៉ាងណាគ្រូពេទ្យប្រាប់អ្នកស្រីថា កូនគាត់នឹងជាសះស្បើយឡើងវិញ។

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុជាង៣០០នាក់ប្រដាប់ដោយកាំភ្លើង ខែលនិងឡានទឹក បានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល ប៉ុន្តែត្រូវបានតវ៉ាប្រឆាំងដោយក្រុមអ្នកភូមិរាប់រយនាក់ប្រដាប់ដោយដំបង ដុំថ្ម និងដបសាំង រហូតមានការបង្ក្រាបនិងផ្ទុះអាវុធពីសំណាក់សមត្ថកិច្ច បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល២នាក់ និង៤នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន។

ក្រោយផ្ទុះអំពើហិង្សារនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតចាប់ជនប្រើអំពើហិង្សាលើពលរដ្ឋទាំងនោះ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន ប្រាប់ វីអូឌី ថា គណៈកម្មការនេះកំពុងដំណើរការស៊ើបអង្កេត និងបង្ហាញលទ្ធផលក្រោយប្រជុំនៅល្ងាចថ្ងៃទី៦ ខែកុម្ភៈនេះ។

លោកបន្ថែមថា៖ «ក្រោយចប់ប្រជុំល្ងាចនេះ បានយើងដឹងលទ្ធផលច្បាស់លាស់ កិច្ចប្រជុំនេះមានក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏គាត់ចូលរួមប្រជុំដែរ អញ្ចឹង ហើយក្រោយចប់ពីប្រជុំទៅ យើងនឹងមានសន្និសីទកាសែតមួយដើម្បីផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានសួរនាំផងដែរ»

មន្ត្រីកងរាជអាវុធហត្ថរូបនេះប្រាប់វិអូឌីកាលពីថ្ងៃទី៤ ថា មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅខេត្តព្រះសីហនុត្រូវបានដក​បញ្ឈរ​ជើង និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​នេះ​កាល​ពី​ខែ​មុន។

ក្នុងវីដេអូឃ្លីបមួយដែលបានផ្សព្វផ្សាយ​តាមបណ្តាញសង្គម អំពីហេតុការណ៍ប៉ះទង្គិចគ្នារវាងពលរដ្ឋ និងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុនោះ មានបុរសម្នាក់ស្លៀកពាក់ជាមន្រ្តីកងរាជអាវុធហត្ថបានវាយសំពង និងធាក់ជាន់ទៅលើបុរសម្នាក់ទៀតស្លៀកពាក់ស៊ីវិលទាំងដៃជាប់ខ្នោះ ហើយបុរសម្នាក់ទៀតស្លៀកពាក់ជាមន្រ្តីទាហានបានយកស្វាយកាំភ្លើងវាយទៅលើបុរសជាប់ខ្នោះបន្ថែមទៀត។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីការដូ លោក អំ សំអាត មានប្រសាសន៍ថា វាងាយស្រួលបំផុត ប្រសិនបើសមត្ថកិច្ចមានឆន្ទៈពិតប្រាកដក្នុងការចាប់ជនដៃដល់មកដាក់ទោស ដោយថា​ ភស្តុតាងបានបង្ហាញតាមរយៈវីដេអូយ៉ាងច្បាស់ទៅហើយ។

លោកបន្ថែមថា៖ «គណកម្មការ បើយើងបង្កើតហើយ យើងត្រូវតែអនុវត្ត យើងត្រូវតែស៊ើបអង្កេតឲ្យបានពិតប្រាកដ ដើម្បីស្វែងរកការពិតចាប់ជនដែលពាក់ព័ន្ធហ្នឹង យកមកអនុវត្តទោសតាមផ្លូវច្បាប់។ បើសិនជាយើងបង្កើតឲ្យមានគណៈកម្មការ ប៉ុន្តែ​មិនមានឆន្ទៈពិតប្រាកដ អាហ្នឹង! អាវប្បធម៌និទណ្ឌភាព ឬក៏វប្បធម៌នៃការប្រើប្រាស់អំពើហិង្សា វាមិនអាចបញ្ចប់បានទេ»

លោកបន្ថែមថា សកម្មភាពអាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបទៅលើពលរដ្ឋមានជម្លោះដីធ្លីនោះ ជាទង្វើររំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងខុសច្បាប់ ដោយថា បានធ្វើទារុណកម្មទៅលើពលរដ្ឋទាំងដៃជាប់ខ្នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ