អ្នកច្បាប់ និងអ្នកជំនាញផ្នែកបណ្តាញសង្គម ក្រើនរំឮកទៅអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យប្រុងប្រយ័ត្នក្នុងការចែករំលែកព័ត៌មាន និងកុំនិយាយរិះគន់បុគ្គលណាមួយដោយពុំមានមូលដ្ឋានច្បាស់លាស់ ដោយថា អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ និងធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម។
កាលក្រើនរំឮកនេះ ធ្វើឡើងស្របពេលដែលសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលគេហៅតៗគ្នាថា ចំប៉ីខ្មៅ កាលពីម្សិលមិញ និងបញ្ជូនទៅតុលាការថ្ងៃនេះ ពាក់ព័ន្ធរឿងបង្ហោះព័ត៌មានជេរប្រមាថជាតិសាសន៍ខ្មែរ ។
អ្នកស្រាវជ្រាវនិងប្រឹក្សាយោបល់ឯករាជ្យ លោក ប៉ា ចន្ទរឿន សង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ភាគច្រើនចែករំលែកព័ត៌មាន និងនិយាយរិះគន់បុគ្គលណាមួយ ដោយពុំមានមូលដ្ឋានច្បាស់លាស់នោះទេ លោកថា នឹងធ្វើឲ្យបះពាល់ដល់តម្លៃសីលធម៌សង្គម និងខ្លួនឯងជាដើម។
លោកមានប្រសាសន៍ថា៖ «ការបញ្ចេញយោបល់របស់គាត់ភាគច្រើន តាមបណ្តាញសង្គម មានភាពគ្រោតគ្រាត ពិសេសអសីលធម៌ ទោះបីគាត់មានចេតនាល្អ ឬយ៉ាងណា ប៉ុន្តែការប្រើប្រាស់ពាក្យពេចន៍របស់គាត់ក្នុងន័យ ការដៀមដាម បណ្តុះបង្អាប់ជាតិឯង ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ទាំងតម្លៃរបស់ជាតិដែរ»។
លោក ចន្ទរឿន លើកទឹកចិត្តឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកព័ត៌មានពិត និយាយរិះគន់ភាពអវិជ្ជមានរបស់សង្គមដែលកើតឡើងជាក់ស្តែង និងកុំជេរប្រមាថអ្នកដទៃ ទើបធ្វើឲ្យរួចពីការចោទប្រកាន់ ចាប់ខ្លួន និងធ្វើឲ្យប្រទេសជាតិមានការរីកចំរើនជាដើម។
អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក ស ម៉ូរី មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើន ជាពិសេសយុវជនតែងតែប្រើប្រាស់បណ្តាញសង្គម ដើម្បីសរសេរ Comment ឬបង្ហោះព័ត៌មាននិយាយរិះគន់បុគ្គលណាមួយ ដោយមិនគិតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ នឹងធ្វើឲ្យជួបបញ្ហាប្រឈមនាថ្ងៃអនាគត។
លោកមានប្រសាសន៍ថា៖ «បើយើងប្រើក្នុងផ្លូវវិជ្ជមាន វាដើរតួនាទីសំខាន់ក្នុងការចូលរួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអប់រំ ដូចជា ការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
មេធាវី សុក សំអឿន ពន្យល់ថា បើការចែករំលែក ឬ Comment លើព័ត៌មានមិនពិត ឬនិយាយជេរប្រមាថអ្នកដទៃ ខុសច្បាប់ព្រហ្មទណ្ឌ ត្រូវមានទោស។ ប៉ុន្តែ លោកជំរុញទៅអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានទំនួលខុសត្រូវលើការចែករំលែកព័ត៌មាន ឬនិយាយរិះគន់បុគ្គលណាមួយ។
លោកពន្យល់ថា៖ «គិតតែពីរឿងខ្លួនឯង យើងគ្រាន់តែស៊ែ (ចែករំលែក) ព័ត៌មានដែលយើងយល់ថា ព័ត៌មានដែលពិត វាអត់មានបញ្ហាអ្វីទេ ហើយបើយើងយល់ថា មានកំហុស យើងសុំទោសជាសាធារណៈទៅ»។
ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ internetworldstats.com បង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានជាង ៨ ០០៥ ០០០ ជិត៥០% នៃចំនួនប្រជាជន និងមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាង ៦ ៣០០ ០០០ ប្រហែល ៣៩ភាគរយ នៅក្នុងចំណោមប្រជាជនជាង ១៦លាននាក់នៅទូទាំងប្រទេស៕