អាដហុក ថាការចាប់ខ្លួនសកម្មជនដីធ្លី១៤នាក់នៅព្រះវិហារ ខុសនីតិវិធី

ពលរដ្ឋ ២នាក់ដែលត្រូវជាឪពុក (ស៊ុំ ម៉ឺន) និងកូនប្រុស (ម៉ឺន មាន) ដែលតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

សមាគមការពារសិទ្ធិមនុស្សមួយបានជំរុញទៅអាជ្ញាធរខេត្តព្រះវិហារ ឲ្យដោះលែងពលរដ្ឋ១៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់កាលពីចុងខែមករា ជុំវិញជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយកាលពីខែមុន ដោយថា ការចាប់ខ្លួននេះធ្វើឡើងខុសនីតិវិធីច្បាប់។​

កាលពីម្សិលមិញ អាជ្ញាធរខេត្តព្រះវិហារដឹកនាំដោយអភិបាលខេត្ត លោក អ៊ុន ចាន់ដា បានបើកកិច្ចប្រជុំមួយដែលមានការចូលរួមពីសមាគមការពារសិទ្ធិមនុស្សអាដហុក និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយវិវាទដីធ្លីរវាងក្រុមពលរដ្ឋ និងក្រុមហ៊ុន«មេត្រីភាព» ស្ថិតនៅស្រុកជាំក្សាន្ត និងស្រុកគូលែន។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ប្រាប់ វីអូឌី ថា នៅក្នុងកិច្ចប្រជុំនោះ លោកបានស្នើទៅអភិបាលខេត្តឲ្យជួយអន្តរាគមន៍ដោះលែងពលរដ្ឋ១៤នាក់ ដោយថា ការចាប់ខ្លួនពលរដ្ឋទាំងនោះធ្វើឡើងខុសនីតីវិធីច្បាប់។

លោក ឡោ ចាន់ បន្តថា ក្រោយលោកស្នើឲ្យមានការដោះលែងពលរដ្ឋទាំងនោះ គឺអភិបាលខេត្តព្រះវិហារលោក លោក អ៊ុន ចាន់ដា ឆ្លើយថា កិច្ចការនោះជាសមត្ថកិច្ចរបស់តុលាការ ប៉ុន្តែយ៉ាងណា លោកបានសម្របសម្រួលកុំឲ្យមានការចេញដីកាចាប់ខ្លួនពលរដ្ឋបន្តទៀត។

លោកបន្ថែមថា៖ «ខ្ញុំមិនត្រឹមស្នើឲ្យមានការដោះលែងពលរដ្ឋទាំង១៤នាក់នោះទេ គឺខ្ញុំបានតស៊ូមតិ និងពន្យល់ប្រាប់លោកព្រះរាជអាជ្ញានៅពេលហ្នឹង។ ពាក់ព័ន្ធការចាប់នេះគឺយើងឃើញថា យោធាដែលគាត់ចាប់ហ្នឹងមិនមែនចាប់ជាបទល្មើសជាក់ស្តែង មានដីកាបង្គាប់ឲ្យចាប់ ឬក៏មានការដឹកនាំផ្ទាល់ពីលោកព្រះរាជអាជ្ញានោះទេ។ ការចាប់ហ្នឹងធ្វើឡើងខុសនីតិវិធី បើយើងនិយាយទៅការចាប់ហ្នឹងធ្វើឡើងដោយកំហឹង ដោយពុំមានឯកសារគ្រប់គ្រាន់ទេ ចាប់ខុសផ្លូវច្បាប់»

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះបន្តថា ការចាប់ខ្លួនពលរដ្ឋនោះ គឺពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ដោយពលរដ្ឋ២៥នាក់កំពុងរងការចោទប្រកាន់ ខណៈ១៤នាក់កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តព្រះវិហារ និង១នាក់ទៀតកំពុងបាត់ខ្លួនក្រោយទាហានការពារក្រុមហ៊ុនចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា។

វិអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានទេដោយទូរស័ព្ឋចូលគ្មានអ្នកទទួល។

ចំណែកព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ក៏មិនអាចទាក់បានដែរដោយទូរស័ព្ទបិទ ប៉ុន្តែ យ៉ាងណាកាលខែមុនព្រះរាជអាជ្ញារូបនេះប្រាប់ វីអូឌី ថា ការចាប់ខ្លួនពលរដ្ឋទាំងនោះមិនពាក់ព័ន្ធរឿងជម្លោះដីធ្លីឡើយ គឺដោយសារពលរដ្ឋប្រព្រឹត្តបទល្មើសបរិស្ថាន។

អភិបាលរងស្រុកជាំក្សាន្ត លោក វុធ ដារ៉ា ដែលចូលរួមកិច្ចប្រជុំកាលពីម្សិលមិញនោះ ប្រាប់ វិអូឌី ថា ក្រោយប្រជុំចប់អភិបាលខេត្តបានដាក់ចេញវិធានការ៥ចំណុច ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លី។

លោក វុធ ដារ៉ា បញ្ជាក់ថា អភិបាលខេត្តបានបង្កើតក្រុមកាងារមួយ ដើម្បីចុះដោះស្រាយទំនាស់ដីធ្លីរវាងក្រុមហ៊ុនមេត្រីភាពដែលកំពុងមានជម្លោះនោះ ដោយក្រុមការងារចុះបញ្ជីដីធ្លីត្រូវចុះសិក្សាជាបន្ទាន់ក្នុងការកំណត់ព្រំដី ធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋថ្មីបានច្បាស់លាស់ និងស្នើទៅសាលាដំបូងខេត្តបញ្ឈប់ការចេញដីកាចាប់ខ្លួនប្រជាពលរដ្ឋផ្សេងទៀតដែលបានទន្រ្ទានយកដី ដោយរងចាំក្រុមការងារខេត្តចុះដោះស្រាយសិន រួមទាំងវិធានការផ្សេងៗទៀត។

លោកបន្ថែម៖ «តែគាត់ [អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា] ដាក់ចេញមកផែនការអញ្ចឹងហើយ យើងថ្នាក់ក្រោមត្រូវតែអនុវត្តតាមហើយ ប៉ុន្តែចំពោះការចាប់មនុស្សនោះគឺមិនឲ្យចាប់តទៅទៀតទេ គាត់បានសុំទៅព្រះរាជអាជ្ញាសុំឲ្យឈប់ចេញដីកាចាប់ខ្លួនពលរដ្ឋទៀត»

លោក ឡយ លីហួរ ដែលអះអាងថា ជាតំណាងពលរដ្ឋប្រាប់អូឌីថា លោកនឹងពិភាក្សាជាមួយអ្នកច្បាប់ និងក្រុមអ្នកភូមិដើម្បីរកវិធីសុំទៅតុលាការឲ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពលរដ្ឋទាំង១៤នាក់បាននៅក្រៅឃុំវិញ ដោយលោកព្រមានថា ប្រសិនពុំដំណោះស្រាយវិវាទដីធ្លី និងពុំមានការដោះលែងពលរដ្ឋទេ ប្រជាពលរដ្ឋអាចនឹងនាំគ្នាប្រមូលផ្តុំតវ៉ាតាមស្ថាប័នរដ្ឋផ្សេងៗបន្តទៀត។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋស្នើសុំទៅតុលាការឲ្យដោះលែងពួកយើងខ្ញុំ និងទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកជាង២០នាក់ហ្នឹងផង ប៉ុន្តែ បើមិនអញ្ចឹងទេ អ្នកភូមិនឹងឡើងទៅតវ៉ាដល់តុលាការខេត្តនៅពីរបីថ្ងៃខាងមុខនេះហើយ»

កាលពីថ្ងៃទី៣១ ខែមករា ប្រជាពលរដ្ឋជាង២០០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពបាននាំគ្នាប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើទៅលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងពលរដ្ឋ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ។

តំណាងអ្នកភូមិឲ្យដឹងថា ក្រុមហ៊ុនមេត្រីភាពទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកាលឆ្នាំ២០១២ លើដីទំហំ៨៥២០ហិកតា ដោយគ្របដណ្តប់លើស្រុកជាំក្សាន្ត និងស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីអភិវឌ្ឍលើវិស័យដាំដំណាំកៅស៊ូ និងចិញ្ចឹមសត្វ ដោយប៉ះពាល់ដីប្រជាពលរដ្ឋ៥៥៩ហិកតា ក្នុងនោះមានពលរដ្ឋ៣៣៩គ្រួសារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ