មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលកាន់អំណាច៤០ឆ្នាំមកនះ បានផ្ញើសារគំរាមជាថ្មីទៀតថា ក្នុងតម្លៃណាក៏ដោយត្រូវទប់ស្កាត់ឲ្យបាន កុំឲ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលដូចពីអតីតកាល ខណៈអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវឲ្យចូលរួមផ្លាស់ប្តូរមេដឹកនាំ។
លោក ហ៊ុន សែន សរសេរលើរហ្វេសប៊ុករបស់លោកនៅថ្ងៃពុធម្សិលមិញថា ការដែលប្រទេសជាតិរីកចម្រើនរហូតបច្ចុប្បន្ន លោកថា បានពីការប្រឹងប្រែងនិងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្រោយពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល ។
លោកបានប្តេជ្ញាចិត្តថា៖ «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឲ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ»។
សារព្រមានជាថ្មីទៀតរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងចំពេលដែល លោក សម រង្ស៊ី ប្រកាសម្តងហើយម្តងទៀតពីក្រៅប្រទេសមកថា លោកនឹងវិលចូលកម្ពុជាវិញនៅឆ្នាំនេះ និងបានអំពាវនាវទៅពលរដ្ឋឲ្យចូលរួមផ្លាស់ប្តូរមេដឹកនាំ។
លោកថា៖ «ការលះបង់គឺអាចប៉ះពាល់ដល់អាយុជីវិត។ ប៉ុន្តែ ខ្ញុំមិនចង់ឲ្យមានការបង្ហូរឈាមទេ។ មេទ័ពដែលពូកែជាងគេ គឺច្បាំងឈ្នះដោយមិនចាំបាច់បង្ហូរឈាម។ យើងធ្វើម៉េចឲ្យកម្លាំងយើងពីក្រៅចូលទៅក្នុងស្រុកគឺផ្ទុះម៉ង។ ផ្ទុះដោយសន្តិវិធី ហើយខ្ញុំទៅនេះ ខ្ញុំអត់ឲ្យ ហ៊ុន សែន ចាប់ខ្ញុំទេបងប្អូន ខ្ញុំនឹងនាំពលរដ្ឋរាប់លាននាក់ទៅចាប់ ហ៊ុន សែន វិញ»។
ការរិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍ គំាទ្រទៅនឹងការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន។ សេចក្តីថ្លែងការណ៍ បានសរសរថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសាធារណៈ ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារមិនអនុញ្ញាតិឲ្យបុគ្គលឬក្រុមណាបៀតបៀនបានឡើយ។
លោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករនៅខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានគំរាមថា សមត្ថកិច្ចបានត្រៀមខ្នោះ សម្រាប់ស្វាគមន៍ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សារនយោបាយឆ្លើយឆ្លងនេះ កំពុងជំរុញឲ្យបែកបាក់ជាតិ ដោយថា លទ្ធផលបោះឆ្នោត២០១៧ គណបក្សសង្គ្រោះជាតិ មានសំឡេងគាំទ្រជាង៣លាននាក់ដែរ។
អ្នកវិភាគរូបនេះ ព្រួយបារម្ភថា ស្ថានការនេះ នឹងរុញកម្ពុជាឲ្យរអិលធ្លាក់ក្នុងទណ្ឌកម្មអន្តរជាតិ បើគ្មានអ្វីប្រែប្រួល។ លោកថា ពេលកម្ពុជាជាប់ទណ្ឌកម្ម បញ្ហាមួយចំនួននៅក្នុងសង្គមនឹងកើតឡើង ដោយសារតែពេលនោះពលរដ្ឋភាគច្រើនអត់ការងារធ្វើ ឥស្សរជននយោបាយខ្លះត្រូវគេបង្កកទ្រព្យសម្បត្តិ ក្រោមវិធានការរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោកថា៖ «អាចមានការបង្កកទ្រព្យសម្បត្តិ អាចមានការបិទទំនិញកាន់តែច្រើនឡើងដែលចូលទៅទីផ្សារអឺរ៉ុប។ អាហ្នឹង គេហៅថា មិនទាន់ដល់ជាវិធានការទណ្ឌកម្មពាណិជ្ជកម្មទេ តែបើស្ថានការណ៍រុញដល់វិធានការពាណិជ្ជកម្ម កម្ពុជាពិបាករស់ហើយ»។
លោក ឯម សុវណ្ណារ៉ា រំឭកថា បើអ្នកនយោបាយខ្មែរ គិតពីប្រយោជន៍ជាតិ មិនគួរបន្តដើរលើផ្លូវបែបនេះទេ ហើយត្រូវស្វែងរកដំណោះស្រាយនយោបាយ ដើម្បីធានាពីដំណើរការប្រជាធិបតេយ្យ ដូចដែលសហគមន៍អន្តរជាតិចង់បាន។
សហភាពអឺរ៉ុប កំពុងដំណើរការដកប្រព័ន្ធធអនុគ្រោះពន្ធ EBA ពីកម្ពុជាវិញ បើរដ្ឋាភិបាលមិនស្តារស្ថានការណ៍ ដើម្បីធានាដល់ការបោះឆ្នោតឡើងវិញ តាមគន្លងប្រជាធិបតេយ្យ ដែលមានគណបក្សប្រឆាំងចូលរួមឡើងវិញនោះ។
ករណីនេះ សហរដ្ឋអាមេរិកក៏ដូចគ្នា។ មហាអំណាចលោកសេរីមួយនេះ មិនទាន់លុបចោលវិធានការដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីមួយចំនួនរបស់រដ្ឋាភិបាលនៅឡើយទេ ហើយក៏កំពុងពន្លឿនច្បាប់ពីរទៀត ដើម្បីឈានទៅបង្កកទ្រព្យសម្បត្តិមន្ត្រីណា ដែលពួកគេយល់ថា បានចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះ ។