ក្រសួងមហាផ្ទៃទទួលស្គាល់បក្សនយោបាយថ្មីឈ្មោះ «បំណងពលរដ្ឋ»

លោក ស ខេង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ «គណបក្សបំណងពលរដ្ឋ» ដែលមានលោក អ៊ិត សារម្យ ជាប្រធានគណបក្សចាប់ពីថ្ងៃទី៧ ខែកុម្ភៈនេះតទៅ ។

បើតាមលិខិតចុះថ្ងៃទី០៧ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ក្រសួងយល់ព្រមទទួលស្គាល់ «គណបក្សបំណងពលរដ្ឋ» របស់លោក អ៊ិត សារម្យ ដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៣៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លិខិតដដែលថា គ​ណបក្សរបស់លោក អ៊ិត សារម្យ ត្រូវធ្វើសកម្មភាពឲ្យស្របទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន និងលក្ខនិ្តកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ  មានប្រសាសន៍ថា ការបង្កើតគណបក្សថ្មីនេះ  ដើម្បីចូលរួមដោះស្រាយបញ្ហាប្រទេសជាតិ។ លោកបន្តថា ក្រោយពីក្រសួងបានទទួលស្គាល់រួចហើយ នឹងចុះធ្វើសកម្មភាព ដោយរៀបចំរចនាសម្ព័ន្ធនៅតាមដ្ឋាន។

លោកថា៖ «​គ្រាន់តែកិច្ចការងាររបស់យើង ក្រោយពីការចុះបញ្ជី យើងបំពេញបេសកម្មស្របទៅតាមច្បាប់ ស្ដីពីគណបក្សនយោបាយ ឬក៏រដ្ឋធម្មនុញ្ញខ្មែរ។ ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់យើងទៅតាមក្រុមប្រឹក្សាខេត្តក្រុង អញ្ចឹងទៅការងាររបស់យើង»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សនយោបាយ​ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃចំនួន ៤១ គណបក្ស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ