កសិករធ្វើស្រូវប្រាំងនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានត្អូញត្អែថា តម្លៃស្រូវថោកឆ្នាំនេះធ្វើឲ្យពួកគេខាតថ្លៃដើម ហើយបារម្ភថា តម្លៃស្រូវអាចនឹងបន្តចុះដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់។
កសិករធ្វើស្រូវអ៊ីអ៊ែនៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បានឲ្យដឹថា តម្លៃស្រូវឆ្នាំនេះធ្លាក់ចុះច្រើន បើប្រៀបធៀបឆ្នាំមុន ប៉ុន្តែពួកគាត់បង្ខំចិត្តលក់ឲ្យឈ្មួញដើម្បីយកប្រាក់សងថ្លៃចំណាយផ្សេងៗក្នុងការបង្កបង្កើនផល។ ពួកគាត់អះអាងថា បន្ទាប់ពីទូទាត់ប្រាក់ថ្លៃធ្វើស្រែ និងប្រាក់ដែលលក់ស្រូវបាននោះ គឺមិនរួចថ្លៃដើមឡើយ។

កសិករនៅក្រុងពោធិ៍សាត់ អ្នកស្រី ចាន់ រ៉ា បានមានប្រសាសន៍ថា អ្នកស្រីបានធ្វើស្រូវលើផ្ទៃដីជាង៣ហិកតា ហើយចំណាយប្រាក់ដើមជាង៦លានរៀលសម្រាប់ធ្វើស្រូវប្រាំង។ អ្នកស្រីថា ក្រោយពេលប្រមូលផលលក់ទៅវិញ គឺមិនបាន៦លានរៀលនោះទេ ដែលធ្វើឲ្យអ្នកស្រីខាតដើម ហើយមិនទាន់គិតពីថ្លៃកម្លាំងពលកម្មផង។
អ្នកស្រី ចាន់ រ៉ា មានប្រសាសន៍ថា៖ «ម៉ាថ្ងៃៗខ្ញុំមិនដែលទំនេរទេ ពីរនាក់ប្តីប្រពន្ធនៅតែស្រែ បូមទឹក បាញ់ថ្នាំ បាចជី ខំថែ ក្រែងបានផលមកលក់គ្រាន់បានចំណេញទុកចាយ ដឹងអីខាតអញ្ចឹងសោះ។ បើដឹងអញ្ចឹងទៅធ្វើការរោងចក្រគ្រាន់បើជាង»។
អ្នកស្រី ចាន់ រ៉ា បានសំណូមពរទៅមន្ទីរកសិកម្មខេត្ត ជួយផ្តល់ពូជស្រូវដែលមានតម្លៃខ្ពស់ដល់កសិករដើម្បី ផលិតកុំឲ្យពួកគាត់លក់ទៅខាត់ដើម។ បើពុំនោះទេ កសិករអាចលក់ឬជួលដីស្រែទៅឲ្យឈ្មួញ ហើយសម្រុកនាំគ្នាទៅធ្វើការនៅទីប្រជុំជន។

កសិករម្នាក់ទៀតនៅក្រុងពោធិ៍សាត់ លោក សុង លីន ដែលទើបនឹងច្រូតស្រូវរួច បានឲ្យដឹងថា តម្លៃស្រូវអ៊ីអ៊ែបានធ្លាក់ថ្លៃច្រើនបើប្រៀបទៅឆ្នាំមុនៗ ដែលធ្វើគាត់ខាតបង់ប្រាក់ដើម ហើយលោកបារម្ភតម្លៃនេះអាចនឹងចុះទាបជាងនឹងទៅទៀត។
លោកបានបន្តថា បច្ចុប្បន្នស្រូវអ៊ីអ៊ែ ១គីឡូក្រាមមានតម្លែ៥៨០រៀលប៉ុណ្ណោះ ខណៈដែលឆ្នាំមុនស្រូវមានតម្លែ៧៨០៛ក្នុង១គីឡូក្រាម។ លោកថា កសិករដដៃទៀតក៏ដូចជារូបលោក ចំណាយច្រើនក្នុងការងបង្កបង្កើនផលស្រូវ រួមមាន ចំណាយថ្លៃជី ថ្នាំសម្លាប់សត្វល្អិត ថ្លៃបូមទឹក ឈ្នួលច្រូតស្រូវ និងស្ទូងជាដើម។
លោក សុង លីន បានមានប្រសាសន៍ថា៖ «ស្រូវអ៊ីអ៊ែសព្វថ្ងៃថោកជាងកន្ទក់សម្រាប់ជ្រូកស៊ីទៅទៀត។ បើនៅតែថោកចឹង អ្នកធ្វើស្រែជំពាក់បំណុលគេវ័ណ្ឌកហើយ ព្រោះអីដើមធ្វើស្រែត្រូវចំណាយច្រើន ទើបបានផល»។
ចំណែកឈ្មួញទិញស្រូវ និងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ គឺលោក រួន បានឲ្យដឹងថា គាត់ទិញស្រូវអ៊ីអ៊ែក្នុងតម្លៃ៥៨០រៀល ក្នុង១គីឡូក្រាម ហើយស្រូវមានគុណភាពល្អទៀតទើបទិញ។ លោកថា មូលហេតុដែលលោកទិញក្នុងតម្លៃទាប ដោយសារតែអង្ករស្រូវហ្នឹងមិនសូវមានអ្នកបញ្ជាទិញ ធ្វើឲ្យស្រូវជន់តាមរោងម៉ាស៊ីននីមួយៗ។
លោក រួន មានប្រសាសន៍ថា៖ «ខ្ញុំទិញគ្រប់ប្រភេទស្រូវ តែតម្លៃថ្លៃឬថោកអាស្រ័យទៅលើស្រូវត្រូវប៉ាន់ឬមិនត្រូវប៉ាន់។ បើស្រូវដែលមានម៉ូយកម្ម៉ង់ទិញច្រើន ដូចជា ម្លិះ ឬស្រូវក្រអូប គឺខ្ញុំទិញតម្លៃពី៩០០ ដល់១.១៥០រៀល ក្នុង១គីឡូក្រាម»។
លោក រួន បានផ្តាំទៅកសិករវិញថា ពួកគាត់គួរតែជ្រើសរើសពូជស្រូវណាដែលគេចូលចិត្តទទួលទាន ហើយអាចនាំទៅក្រៅប្រទសបានផងទើបបានតម្លៃខ្ពស់។
ទោះជាតម្លៃស្រូវអ៊ីអ៊ែមានតម្លៃធ្លាក់ចុះខ្លាំងក៍ដោយ ក៍ពុំទាន់មានស្ថាប័នណាមកចុះជួយអន្តរាគមន៍តម្លៃស្រូវនេះដែរ។ ថ្មីៗនេះសមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានស្នើទៅរដ្ឋមន្រ្តីក្រសួងកសិកម្មចេញមកបកស្រាយបញ្ហាស្រូវអ៊ីអ៊ែធ្លាក់ថ្លៃ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី០២ ខែកុម្ភៈ បានសសេរបង្ហោះនៅលើទំព័រហ្វេសប៊ុក លោកថា មូលហេតុស្រូវធ្លាក់ថ្លៃដោយសារឈ្មួញវៀតណាមមិនទាន់ចូលមកទិញព្រោះគេរវល់បុណ្យចូលឆ្នាំប្រពៃណីរបស់គេ។
