មន្ទីរទេសចរណ៍ខេត្តព្រះសីហនុថា ភ្ញៀវថយចុះ៣៤,០៩% បើធៀបនឹងឆ្នាំមុន

រូបភាពកំឡុងពេលចូលឆ្នាំសកល កាលពីឆ្នាំកន្លងទៅ (រូបភាពពីមន្ទីទេសចរក្រុងព្រះសីហនុ)

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាឆ្នាំនេះ ភ្ញៀវទេសចរណ៍បានថយចុះ ​៣៤,០៩% បើ​ប្រៀប​ធៀប​ពេល​​វេលាដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​​​។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានប្រាប់វីអូឌីនៅថ្ងៃនេះ​​ថា ព័ត៌មាន​បឋម​ ក្នុង  ​រយៈពេល ៣ថ្ងៃ ​នៃពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី​៤ ដល់ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩នេះ មាន​ភ្ញៀវសរុបប្រមាណជិត៦ម៉ឺននាក់​​​( ៥៨​,០០០នាក់) បានទៅលេងនៅខេត្តព្រះសីហនុ ដោយថា តួលេខនេះ មានការ​ថយចុះ ​៣៤,០៩% បើ​ប្រៀប​ធៀប​ពេល​​វេលាដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​​​ មាន​ភ្ញៀវ​សរុបចំនួន​ ៨៨​,០០០​នាក់។

ប្រធានសមាគមទេសចរណ៍កម្ពុជា លោក​ស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ភ្ញៀវទេចរនៅខេត្តព្រះសីហនុ ថយចុះ ដោយសារកំណើនជនជាតិចិនទៅរស់នៅ និងប្រកបអាជីវកម្មនៅតំបន់​នោះ។ លោកស្រីផ្តល់ជាយោបល់ថា ស្ថាប័នពាក់ព័ន្ធត្រូវ​ធ្វើការកំណត់តម្លៃសេវាសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន ឲ្យបានសមរម្យ ទើបទាក់ទាញភ្ញៀវទេសចរទៅទស្សនានៅតំបន់នោះច្រើនជាងមុន។

លោកស្រី​ផ្តល់ជាអនុសាសន៍ថា៖«រួមគ្នាជួយដល់ភ្ញៀវទេសចរក្នុងស្រុក គឺផ្តល់សេវាកម្មដល់ទេសចរក្នុងស្រុក ផ្តល់ឲ្យតម្លៃដែលអាច​ទទួលយកបាន ស្រដៀង​នឹងលើកមុន ធ្វើម៉េច​ឲ្យមានការទាក់ទាញ កុំឲ្យមានការខ្លាច​រអា ព្រោះកន្លងមក​ពលរដ្ឋខ្លះ គាត់ថាទៅដល់ថ្ងៃពេក ចេះតែឮតៗគ្នា »។

យោងតាមរបាយការណ៍ ចុះកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដែលផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ