អង្គការ និងសមាគមជិត២០ ដាក់លិខិតទៅស្ថាប័នកំពូលៗ​ជំរុញអនុម័តច្បាប់ទទួលបានព័ត៌មាន

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងសន្និសីទស្តីពីសិទ្ធិទទួលបានព័ត៌មាន​ កាលពីឆ្នាំ ២០១៨ (រូបថត៖ ឯកសារ/ហួត វុទ្ធី)

អង្គការ និងសមាគមជិត២០ស្ថាប័ន បានផ្ញើលិខិត៤ ដាក់ដោយឡែកពីគ្នាទៅស្ថាប័នកំពូលរបស់រដ្ឋ និងរដ្ឋាភិបាល គាំទ្រដំណើរការតាក់តែងច្បាប់ និងអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដោយថា ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការ និងសមាគមទាំង១៩ ស្ថាប័នដែល​ចុះផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈនេះ បានឲ្យដឹងថា ដើមចមដែលនាំឲ្យអង្គការ និងសមាគម ដាក់លិខិត​៤ច្បាប់ដាច់ដោយឡែកពីគ្នាទៅក្រសួងព័ត៌មាន ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល ដើម្បីជំរុញទៅស្ថាប័នរដ្ឋទាំងនោះធ្វើការពិនិត្យ ដេញដោល និងអនុម័តច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់ៗ និងដាក់បញ្ជូលក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៩-២០២៣) ក្នុងនីតិកាលទី៦នេះ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ស្ថាប័នសាធារណៈ ត្រូវ​បំពេញភារៈកិច្ចប្រកបដោយ គុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសកាត់បន្ថយព័ត៌មានសម្ងាត់ឲ្យមានកម្រិតទាបបំផុត និងធានាឲ្យមានការចូលរួមពីសាធារណៈជនក្នុងវិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការវប្បធម៌ជាតិយ៉ាងសកម្ម និងមានគុណភាពខ្ពស់ទៀតផង។

អង្គការសង្គមស៊ីវិល និងសមាគមទាំងនោះរួមមាន  វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ គណកម្មាធិការសហប្រតិ​បត្តិការដើម្បីកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជំនួយផ្នែកច្បាប់នៃកម្ពុជា ក្រុមការងារដើម្បីដោះស្រាយទំនាស់ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា និងសមាគមបណ្តាញយុវជនកម្ពុជាជាដើម។

គួរបញ្ជាក់ថា ក្នុងជំនួបលើកទី៣របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីបានគាំទ្រ និងធានាឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងនីតិកាលពី៦នេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ