អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលព័ត៌មានថា មានមន្ត្រីជាន់ខ្ពស់របស់ខ្លួនភាគច្រើន ចង់ចូលរួមផ្លាស់ប្តូរមេដឹកនាំ ដោយសារមិនពេញចិត្តការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក សម រង្ស៊ី នៅថ្ងៃសុក្រនេះ បានចែករំលែកសេចក្តីថ្លែងការណ៍មួយ មានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា គឺរូបទេវតាបាចផ្កា នៅលើគេហទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន។
សេចក្តីថ្លែងការណ៍នោះសរសេរថា ភាគច្រើននៃសមាជិកគណៈកម្មាធិការកណ្តាល និងគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា នឹងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរក្នុងឆ្នាំ២០១៩នេះ ។
សេចក្តីថ្លែងការណ៍នោះបន្តថា៖ «ពួកយើងមានទឹកចិត្តដូចប្រជាពលរដ្ឋច្រើនលើសលប់ទូទាំងប្រទេសកម្ពុជា ដែលមានការខកចិត្តយ៉ាងខ្លាំង និងព្រួយបារម្ភយ៉ាងក្រៃលែង ចំពោះទង្វើផ្តាច់ការ […] របស់បុគ្គល ហ៊ុន សែន»។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកសេចក្តីថ្លែងការណ៍ដែលលោក សម រង្ស៊ី ចែកចាយនេះថា ជាការប្រឌិតឡើងដោយក្រុមលោក សម រង្ស៊ី។ លោកថា ទង្វើនេះមានបំណងចង់បំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
លោកថា៖ «អាហ្នឹងវាជាល្បិចចាស់ដែលទណ្ឌិត សម រង្ស៊ី អស់ផ្លូវដើរ យកមកប្រើដើម្បីបំបែកបំបាក់ជួរគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ការប្រើល្បិចដើម្បីបំបែបបំបាក់គណបក្សប្រជាជនកម្ពុជាតាំងពីច្រើនឆ្នាំមកហើយហ្នឹង វាអត់ទទួលបាលលទ្ធផលអីទេ ប៉ុន្តែ ផ្ទុយទៅវិញ អាអ្នកបំបែកគេហ្នឹងហើយ រលាយដូចអំបិលត្រូវទឹកនោះ! »។
អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មានប្រសាសន៍ថា មន្ត្រីដែលមានតំណែងសំខាន់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ទំនងជាមិនទៅចេញមុខប្រឆាំងនឹងមេដឹកនាំរបស់ខ្លួននៅពេលនេះទេដោយថា ពួកគេនៅទទួលបានប្រយោជន៍ពីតំណែងខ្ពស់នេះនៅឡើយ។ លោកថា សារនេះអាចជាចិត្តសាស្ត្រនយោបាយច្រើនជាង។
អ្នកវិភាគវ័យក្មេងរូបនេះ វិភាគថា បើទោះបីជាសារនេះពិតឬមិនពិតយ៉ាងណាក៏ដោយ លោកថា ក៏ជាជ្រុងមួយបន្លាចដៃគូប្រកួតឲ្យព្រួយបារម្ភពីបញ្ហាផ្ទៃក្នុងដែរ ខណៈបក្សកាន់អំណាចកំពុងប្រឈមទៅនឹងសម្ពាធពីសហគមន៍អន្តរជាតិនោះ។
លោកថា៖ «បើសិនគណបក្សប្រជាជនកម្ពុជាមិនរឹងមាំ កាណុងកាំភ្លើងចិត្តសាស្ត្រនេះ អាចវាយបំបាក់បានដែរ។ អញ្ចឹង! សង្គ្រាមចិត្តសាស្ត្រនេះ កាលណាតែបាញ់ចេញរៀងខ្លួន គឹគណបក្សទាំងសងខាងហ្នឹង មានការប្រុងប្រយ័ត្នខ្ពស់ ថ្វីបើមានការបដិសេធ ក៏មានការព្រួយបារម្ភ និងការពារដែរ»។
លោក សម រង្ស៊ី កាលពីចុងខែមុន បានប្រកាសគាំទ្រសហភាពអឺរ៉ុបដែលបានដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដោយអះអាងថា វិធានការនេះ បានជួយទប់ស្កាត់កម្ពុជាកុំឲ្យរអិលទៅរករបបផ្តាច់ការ។
ហើយប៉ុន្មានសប្តាហ៍នេះ លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមផ្លាស់ប្តូរមេដឹកនាំ ខណៈលោកថា មានគម្រោងវិលចូលកម្ពុជាវិញនៅឆ្នាំនេះ។
ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួន មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាឡឺមង់ បារាំង និងកាណាដា ជាដើម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។
ប្លុកលោកសេរីមួយនេះ ជំរុញរដ្ឋាភិបាលឲ្យស្តារស្ថានការណ៍ឡើងវិញ ធានាដំណើរការប្រជាធិបតេយ្យ ដែលមានគណបក្សប្រឆាំងចូលរួម៕