ហេតុ​អ្វី​​កម្ពុជា​ត្រូវ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​លោក​សេរី?

ទង់ជាតិ EU និងទង់ជាតិកម្ពុជា (ប្រព័ន្ធអនុគ្រោះពន្ធ EBA)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈ​ពេល ៤​ថ្ងៃ នៅ​ប្រទេស​ចិន​កាល​ពី​ខែ​មករា​កន្លង​មក​នេះ ជា​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​ទៅ​កាន់​មហា​អំណាច​ពិភព​លោក​មួយ​នេះ បន្ទាប់ពី​រូប​លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​អាណត្តិ​ថ្មី ក្រោយ​​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន។

ដំណើរ​ទស្សនកិច្ច​មួយ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​ទុក​ជា​ «ជោគ​ជ័យ​ដ៏​ធំ​ធេង» បន្ទាប់​ពី​មហា​អំណាច​ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​ទៅ ៦០០​លាន​ដុល្លារ​សម្រាប់​កម្ពុជា​ក្នុង​រយៈ​ពេល ៣​ឆ្នាំ ហើយ​ប្រទេស​ទាំង​ពីរ​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់ ១០​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៣ និង​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​ព្រម​ព្រៀង​ចំនួន ៨ ដែល​ផ្ដោត​ទៅ​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​ជួស​ជុល​សំណង់​ប្រាសាទ​បុរាណ​ជា​ដើម។

​ដំណើរ​ទស្សនកិច្ច​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​សារៈ​សំខាន់​កាន់​តែ​ធំ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​មហា​អំណាច​ចិន ទាំង​នៅ​ក្នុង​វិស័យ​​​នយោបាយ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ប៉ុន្តែ ទំនាក់​ទំនង​កម្ពុជា​ជាមួយ​ក្រុម​ប្រទេស​លោក​សេរី ជាពិសេស​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​វិញ បែរ​ជា​មាន​ភាព​រកាំ​រកូស​នឹង​គ្នាទៅ​វិញ។

ទំនាក់​ទំនង​រកាំរកូស​បែប​នេះ អាច​ត្រូវ​បាន​មើលឃើញ​តាម​រយៈ​ប្រតិកម្ម​ជា​រឿយៗ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តប​ទៅ​នឹង​សហរដ្ឋ​អាមេរិក ឬ​ក៏​សហគមន៍​អឺរ៉ុប ដែល​បាន​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ផ្ដល់​មក​ឲ្យកម្ពុជា និង​​ទណ្ឌកម្ម​ផ្សេងៗ។

ស្ថិត​ក្នុង​ស្ថានភាព​ពីរ​ផ្ទុយ​គ្នា​បែប​នេះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា​ត្រូវ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ក្រុម​ប្រទេស​លោក​សេរី?

ការ​រក្សា​បាន​នូវ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក នឹង​ជួយ​ផ្ដល់​ផល​ប្រយោជន៍​​ដ៏​ធំ​ធេង​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា។ ផល​ប្រយោជន៍​នោះ អាច​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ផល​ចំណេញ​លើ​វិស័យ​ផ្សេងៗ ប៉ុន្តែ ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ប្រទេស​លោក​សេរី​ទាំង ២​តំបន់​នេះ គឺ​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន។

តួលេខ​របស់ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-អាមេរិក បាន​កើន​ឡើង​​ដល់​ទៅ​ជិត ៩០០​ភាគរយ​នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ដោយ​បាន​កើន​ឡើង​ពី​ចំនួន​ ៣៧៥​.៧​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​១៩៩៨ មក​ដល់​ចំនួន​​ ៣,៦២៥.៨​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ។

តួលេខ​របស់​រដ្ឋាភិបាល​អាមេរិក​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា កម្ពុជា​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ធំ​ធេង​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​មក​នេះ។ ផល​ចំណេញ​នោះ អាច​មើល​ឃើញ​តាម​រយៈ​តម្លៃ​នៃ​​ទំនិញ​​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក ដែល​មាន​ទំហំ​ធំ​ជាង​តម្លៃ​ទំនិញ​អាមេរិក​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា។

តួលេខ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៣,២៦៥​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ខណៈ​ដែល​កម្ពុជា​នាំ​ចូល​ទំនិញ​ពី​អាមេរិក​មក​វិញ មាន​តម្លៃ​ត្រឹម​តែ​ជាង ៣៦០​លាន​ដុល្លារ​ប៉ុណ្ណោះ។

តួលេខ​ដដែល​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អាមេរិក​គិត​ចាប់​ពីឆ្នាំ​១៩៩៨​ មក​ដល់​ឆ្នាំ​២០១៨​កន្លង​មក​ បាន​កើន​ឡើង​​ជិត ៨០០​ភាគរយ​ឯណោះ ដោយ​ភាគ​ច្រើន​នៃ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា គឺ​ជា​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង។

ក្រៅ​ពី​ទទួល​បាន​ផល​ចំណេញ​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជជាមួយ​អាមេរិក​ហើយ​នោះ កម្ពុជា​ក៏​​ទទួល​បាន​ផល​ចំណេញ​​ធំ​ធេង​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហគមន៍​អឺរ៉ុប ដែល​មានសមាជិក​ចំនួន ២៨​ប្រទេស​ផង​ដែរ ចាប់​តាំង​ពី​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA)។ តួលេខ​របស់​គណៈកម្មការ​អឺរ៉ុប បាន​បង្ហាញ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ បាន​កើន​ឡើង​ដល់​ទៅ​ជាង ៩០០​ភាគរយ នៅ​ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ពោល​គឺ​បាន​កើន​ឡើង​ពី​ចំនួន​​ប្រហែល ៥០០​លាន​ដុល្លារ​ (៤៩៩,៥៤៤,៦៦២​ដុល្លារ​) នៅ​ក្នុង​ឆ្នាំ​២០០៣ មក​ដល់​ចំនួន​ជាង ៥​ពាន់​លាន​ដុល្លារ (៥,០០៩,៦១២,៥៨១​ដុល្លារ) នៅ​ក្នុង​ឆ្នាំ​២០១៨​មក​នេះ។

តួលេខ​ដដែល​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា កម្ពុជាទទួល​បាន​ផល​ចំណេញ​យ៉ាង​ហោច​ណាស់ ៥​ដង​ ខណៈ​អឺរ៉ុប​ទទួល​បាន​ផល​ចំណេញ​មិន​ដល់​ ១​ដង​ផង នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​​ដែល​មាន​តម្លៃ​​សរុប​ដល់​ទៅ​ជាង ៥,​៨៦០លាន​ដុល្លារ​អាមេរិក​នេះ​(៥,៨៦០,២៨១,០៦៩​ដុល្លារ)។

តួលេខ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អឺរ៉ុប​ឆ្នាំ​២០១៧​កន្លង​មក​នេះ ​បាន​បង្ហាញ​ថា រដ្ឋ​សមាជិក​សហភាព​អឺរ៉ុបចំនួន ៥​ដែល​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ មាន​អាល្លឺម៉ង់​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ​មាន​តម្លៃ​ដល់​ទៅ​​ជាង ១​,០៣២​លាន​ដុល្លារ បន្ទាប់​មក​ចក្រភព​អង់គ្លេស​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ដល់​ទៅ​ជាង ៩៩៨​លាន​ដុល្លារ ប្រទេស​អេស្ប៉ាញ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ដល់​ទៅ​​ជាង ៦៣៩​លាន​ដុល្លារ ប្រទេស​​ហូឡង់​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជាង ៥៥០​លាន​ដុល្លារ និង​ប៊ែលហ្ស៊ិក​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជិត ៤៥០​លាន​ដុល្លារ។

​តួលេខ​ទាំង​ពីរ​ខាង​លើ​នេះ បង្ហាញ​ថា សហគមន៍​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ធំ​លំដាប់​​ទី​១​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក គឺ​ជា​ទីផ្សារ​ធំ​លំដាប់​ទី​២សម្រាប់​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប ប្រទេស​លោក​សេរី​ដទៃ​ទៀត ក៏​សុទ្ធ​តែ​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ផង​ដែរ នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​លោក​សេរី​ទាំង​នោះ។

ទិន្នន័យ​​របស់​ធនាគារ​ពិភព​លោក​​ឆ្នាំ​២០១៦​កន្លង​មក បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដល់​ទៅ​ជាង ៦៥៤​លាន​ដុល្លារ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កាណាដា ខណៈ​ដែល​កាណាដា​វិញបាន​នាំ​ចេញ​ទំនិញ​មក​កាន់​កម្ពុជា​មាន​តម្លៃ​ប្រហែល ៥០​លាន​ដុល្លារ​ប៉ុណ្ណោះ។

ទិន្នន័យ​ដដែល​នេះ ក៏​បាន​ចាត់​ថ្នាក់​ប្រទេស​ជប៉ុន​ជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ទំនិញ​កម្ពុជា​ផង​ដែរ ដោយ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ មាន​តម្លៃ​ដល់​ទៅ​ជាង ៨២៧​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦​កន្លង ខណៈ​ដែល​ប្រទេស​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​របស់​អាមេរិក​មួយ​នេះ បាន​នាំ​ចូល​ទំនិញ​មក​កម្ពុជា​វិញ​មាន​តម្លៃ​ជាង ៥២៨​លាន​ដុល្លារ​ប៉ុណ្ណោះ។

តួលេខ​ទាំង​នេះ បង្ហាញ​ផង​ដែរ​ថា មិន​ថា​ទីផ្សារ​មួយ​ណា​ទេ ភាគ​ច្រើន​នៃទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ គឺ​​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មករ-កម្មការិនី​​កម្ពុជា​មាន​ចំនួន​ប្រហែល ៨០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

បើ​ទោះបី​ជា​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​សម្រាប់​កម្ពុជា​ក្ដី ប៉ុន្តែ ទិន្នន័យ​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​តែ​ជាង ៦០៩​លាន​ដុល្លារ​ប៉ុណ្ណោះ​ចូល​ទៅ​ទីផ្សារ​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ ខណៈ​ដែល​ចិន​វិញ​បាន​នាំ​ចូល​ទំនិញ​មក​កម្ពុជា​មានតម្លៃ​ដល់​ទៅ​ជាង ៤,៥៥០​លាន​ដុល្លារ​ឯណោះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ​ជាង ៣,៩៤១​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

តួលេខ​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា តើ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​លោក​សេរី មាន​សារៈ​សំខាន់​ប៉ុណ្ណា​សម្រាប់​កម្ពុជា​ទាំង​នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ទាំងឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ