ភរិយាអ្នកមានជម្លោះដីធ្លីម្នាក់នៅព្រះវិហារ​ ថាបាត់​ដំណឹងប្តី​ក្រោយពីទាហានចាប់​ខ្លួន​ទៅ​

លោក ស៊ុំ ម៉ឺន ដែលត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

ភរិយាអ្នកមានជម្លោះដីធ្លីម្នាក់នៅខេត្តព្រះវិហារស្វែងរកកិច្ចអន្តរាគមន៍ពីសង្គមស៊ីវិលឲ្យជួយតាមរកស្វាមី​របស់គាត់​ បន្ទាប់​ពីទាហានចុះ​ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា។

កាលពីខែមករាកន្លងទៅ ក្រុមទាហានកងពលតូចវារៈ ២៦១ បានចុះចាប់ខ្លួនពលរដ្ឋចំនួន ១៥ នាក់ បន្ទាប់ពីពលរដ្ឋទាំងនោះបានដឹកនាំអ្នកភូមិតវ៉ារឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងចំណោមពលរដ្ឋ ១៥ នាក់នោះ គឺមាន​ម្នាក់​ ឈ្មោះ ស៊ុំ ម៉ឺន។

ភរិយារបស់លោក ស៊ុំ ម៉ឺន គឺអ្នកស្រី ភូ ភឹមម៉ៅ ប្រាប់ វីអូឌី នៅថ្ងៃនេះថា កាលពីថ្ងៃទី២០ ខែមករា  ក្រុមទាហានកងពលតូចវរៈ ២៦១ ដែលការពារដីឲ្យក្រុមហ៊ុនមួយបានចុះចាប់ប្ដី និងកូនប្រុស គាត់ ដែលកំពុងដឹកអីវ៉ាន់យកទៅលក់។ ក្រោយការចាប់ខ្លួននោះ អ្នកស្រីថា សមត្ថកិច្ចបានបញ្ជូនកូនប្រុសទៅឃុំខ្លួនពន្ធនាគារ ប៉ុន្តែ ប្ដីរបស់គាត់សមត្ថកិច្ចមិនបញ្ជូនទៅពន្ធនាគាទេ។

ពលរដ្ឋ ២នាក់ដែលត្រូវជាឪពុក (ស៊ុំ ម៉ឺន) និងកូនប្រុស (ម៉ឺន មាន) ដែលតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

អ្នកស្រីព្រួយបារម្ភខ្លាចប្ដីរបស់គាត់ត្រូវគេសម្លាប់ ដោយថា រហូតមកពេលនេះ អ្នកស្រីទាន់មិនទទួលបានដំណឹងថា ប្ដីនៅទីណាឡើយ។ អ្នកស្រីបន្តថា បច្ចុប្បន្នគាត់កំពុងស្នើសុំឲ្យសមាគមការពារសិទ្ធិមនុស្សអាដហុកជួយស្វែងរកប្ដី បន្ទាប់ពីអ្នកស្រីបានទៅរកនៅតាមស្ថាប័នពាក់ព័ន្ធផ្សេងៗរួចហើយនោះ។

 អ្នកស្រី៖ «កូនឈ្មោះ ម៉ឺន មាន ហ្នឹង! ប្រាប់ថា ម៉ែអើយ ខ្ញុំមកដល់ពន្ធនាគារហើយ សួរថា កូនឯងឃើញប៉ានៅហ្នឹងអត់! ប៉ា អត់ឃើញទេ ចុះគេចាប់កូនឯងគេធ្វើម៉េចខ្លះ វាថាគេចាប់មក គេវាយបីស្វៃកាំភ្លើង ហើយទះកំ​ភ្លៀង ៥ កំភ្លៀង។ គេវាយខ្ញុំឡើងទ្រោមខ្លួ​នអស់ហើយម៉ែអើយ ប៉ាក៏បែកក្បាល។ ខ្ញុំដើរសួរអស់ហើយ ជាប់២០ ថ្ងៃហើយ រហូតដល់ខ្ញុំទៅអាដហុករក តា ចាន់ ឲ្យជួយអំពាវនាវរកឲ្យ។ មិនបារម្ភម៉េច កើតទុកដល់ខ្លួនឯងឈឺទៅហើយ មិនរស់ ឬងាប់ ព្រោះយើងមិនដឹង »។

នាយ​សេនាធិការកងពលលេខ ៦ វរៈ២៦១ លោក លុយ សម្បត្តិ ច្រានចោលចំពោះការបាត់ខ្លួនលោក ស៊ុំ ម៉ឺន ថាពាក់​ព័ន្ធនឹង​ទាហានរបស់លោក។  លោកបង្វែរសំណួរនេះ ឲ្យទៅសួរមន្ត្រីបរិស្ថាននិងអាជ្ញាធរ​ស្រុក។

លោកថា៖ «សួរទំនាក់ទំនងទៅអាជ្ញាធរស្រុក ហើយមន្ត្រីបរិស្ថាន ព្រោះកម្លាំងហ្នឹង ខាងមន្ត្រីបរិស្ថាន និងកងរាជអាវុធហត្ថស្រុកជាអ្នកយកទៅ»។

អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង អះអាងថា លោកមិនដឹងរឿងការចាប់ និងបាត់ខ្លួន លោក ស៊ុំ ម៉ឺន ទេ។

លោកថា៖ «ខ្ញុំអត់បានដឹងរឿងហេតុនេះទេ អញ្ចឹងឲ្យខ្ញុំឆ្លើយ ខ្ញុំឆ្លើយអត់ចេញ ព្រោះប្រជាពលរដ្ឋខ្ញុំ អត់ត្រូវបានតុលាការចាប់ខ្លួនទេ»។

វី.អូ.ឌី មិនអាចសុំការឆ្លើយពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក អៀ សុខា បានទេជុំវិញករណីនេះ។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា លោកនិងអង្គការសហប្រជាជាតិកំពុងធ្វើការស៊ើបអង្កេតជុំវិញការបាត់ខ្លួនលោក ស៊ុំ ម៉ឺន ក្រោយពីអាជ្ញាធរចុះចាប់កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ។ លោកជំរុញឲ្យអាជ្ញាធរទទួលខុសត្រូវចំពោះការបាត់ខ្លួនប្រជាពលរដ្ឋនេះ ។

លោកថា៖ «តាមផ្លូវច្បាប់អ្នកដែលបង្ក អ្នកដែលចាប់ខ្លួនគឺអ្នកនោះទទួលខុសត្រូវ  ជាពិសេសកងពលលេខ ៦ ឬក៏ វីរៈ ២៦១ ជាអ្នកទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរដែលចាប់គេ បណ្ដាលឲ្យបាត់ ជាពិសេស លុយ សម្បត្តិ (នាយ​សេនាធិការកងពលលេខ ៦ វរៈ២៦១)»។

កាលពីថ្ងៃទី៣១ ខែមករា ប្រជាពលរដ្ឋជាង២០០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព បាននាំគ្នាប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើទៅលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងពលរដ្ឋ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ។

តំណាងអ្នកភូមិឲ្យដឹងថា ក្រុមហ៊ុនមេត្រីភាពទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកាលឆ្នាំ២០១២ លើដីទំហំ៨៥២០ហិកតា ដោយគ្របដណ្តប់លើស្រុកជាំក្សាន្ត និងស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីអភិវឌ្ឍលើវិស័យដាំដំណាំកៅស៊ូ និងចិញ្ចឹមសត្វ ដោយប៉ះពាល់ដី៥៥៩ហិកតារបស់ពលរដ្ឋ៣៣៩គ្រួសារ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ