លោក ហ៊ុន សែន ​ដក​តំណែង​​មេ​​ប៉េអឹម​​ខេត្ត​រតនគិរីក្រោយ​ប្រកាស​ចែក​លុយ​រាប់​ម៉ឺន​ដុល្លារ​ដល់​​កូនៗ

លោក​ឧត្ដមសេនីយ៍​ត្រី គឹម រស្មី (កណ្ដាល) មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី។ រូបថត៖ ផ្ដល់​ឲ្យ

មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​ដក​ហូត​តួនាទី និង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​ថែម​ទៀត បន្ទាប់​ពី​សារព័ត៌មាន​ចុះ​ផ្សាយ​ថា លោក​បាន​ប្រកាស​ចែក​លុយ​ដល់​កូនៗ​របស់​លោក​ជា​សាធារណៈ។

ក្នុង​ព្រះរាជ្យក្រឹត្យចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី បាន​សម្រេច​លុប​ឈ្មោះ​លោក​ឧត្ដម​សេនីយ៍​ត្រី គឹម រស្មី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគីរី ចេញ​ពី​ក្រប​ខណ្ឌ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រូប​នេះ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹត្យ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​បែប​នេះ ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​ ហ៊ុន សែន បាន​អះ​អាង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​ថា លោក​បាន​សម្រេច​ចិត្ត​ទាំង​ឈឺ​ចាប់​ក្នុង​ការ​បណ្ដេញ​ចេញ​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រូប​នេះ​។

ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ​ថា៖   «នេះ​គឺ​ជា​ការ​វះ​កាត់​ប្រកប​ដោយ​ការ​ឈឺ​ចាប់។ នេះ​ជា​អភិក្រម​ទី​៥ គឺ​ការ​វះ​កាត់»។

លោក គឹម រស្មី ត្រូវ​បាន​លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​បញ្ឈប់​ពី​តួនាទី និង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​បែប​នេះ ក្រោយ​ពី​វីដេអូ​បែក​ធ្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកបង្ហាញ​ថា លោក​បាន​ប្រកាស​ចែក​លុយ​ដល់​កូនៗ​របស់​គាត់​នូវ​ទឹក​ប្រាក់​ម្នាក់ ១០​ម៉ឺន​ដុល្លារ។

VOD មិនទាន់អាចសុំព័ត៌មានបន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឪម យ៉ិនទៀត នោះទេ។

ប៉ុន្ដែ ក្រោយការប្រកាសដកលោក គឹម រស្មី ចេញពីតំណែងនេះ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម បានចេញមុខប្ដឹងលោក គឹម រស្មី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទពីបទ «មានទ្រព្យសម្បត្តិដោយខុសច្បាប់» និង «ទទួលផលបន្ដពីបទល្មើសពុករលួយ» ប្រព្រឹត្តនៅខេត្តរតនគីរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ