កម្មករបម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ បានផ្ទុះការតវ៉ាជាថ្មីទៀតនៅថ្ងៃនេះ បន្ទាប់ពីថៅកែរោងចក្រនោះ បានបិទទ្វារមិនឲ្យពួកគេចូលបំពេញការងារដូចការជូនដំណឹង។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមករា ថៅកែរោងចក្រ W&D សម្រេចទទួលយកកម្មករទាំងអស់ដែលក្រុមហ៊ុនបានបញ្ឈប់ពេលកន្លងមក ឲ្យចូលធ្វើការងារវិញ ដោយទុករយៈពេល ២សប្តាហ៍ ប៉ុន្តែ មិនព្រមទទួលយកកម្មករមួយចំនួនតូចដែលរោងចក្រនេះចោទថា បានញុះញង់ឲ្យកម្មករតវ៉ា។
កម្មករម្នាក់ លោក ផាត់ សាមុត ប្រាប់ វីអូឌី ថា ក្រោយឃើញសេចក្តីប្រកាសព័ត៌មាននោះ ក្រុមកម្មករសម្រេចនាំគ្នាចូលបំពេញការងារនៅថ្ងៃនេះ ប៉ុន្តែ ភាគីក្រុមហ៊ុនបានបិទទ្វារមិនឲ្យកម្មករចូលបំពេញការងារឡើយ ដែលជំរុញឲ្យក្រុមកម្មករចេញតវ៉ាជាថ្មីទៀត។
លោកបន្ថែមថា៖ «ក្រុមកម្មករតវ៉ាហ្នឹង គឺពួកគាត់សុំចូលបម្រើការងារទាំងអស់គ្នាវិញ ដោយពុំមានការរើសអើង ដោយភាគីខាងរោងចក្រប្រកាន់គោលជំហរថា ឲ្យកម្មករចូលធ្វើការងារវិញ។ ដល់ពេលកម្មករចូល បែរជាបិទទ្វាមិនឲ្យកម្មករចូលទៅវិញ»។
កម្មការិនី អ្នកស្រី ជា សុខា និយាយថា រោងចក្រ W&D កំពុងតែរើសអើងកម្មករវ័យចំណាស់ កម្មករធ្វើការយូរ កម្មករប្រុសៗ និងកម្មករមានផ្ទៃពោះជាដើម ដោយថា រោងចក្រមិនទទួលយកឲ្យចូលបម្រើការងារឡើយ។
អ្នកស្រីបន្ថើមថា៖ «បើសិនជាគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ គាត់មិនព្រមមកជួយដោះស្រាយឲ្យពួកខ្ញុំបានចូលធ្វើការងារទេ គឺពួកខ្ញុំនឹងនាំគ្នាហែរញត្តិទៅដាក់តាមក្រសួងទាំងអស់ ហើយពួកខ្ញុំក៏បោះតង់នៅថ្ងៃស្អែកនៅមុខរោងចក្រហ្នឹងម៉ង ដើម្បីឲ្យកម្មករឈរ ដើម្បីកុំឲ្យមានការរាំងស្ទះ ព្រោះថា ពួកនេះ វាចាំតែចាប់កំហុសទេ។ តែមានការរាំងស្ទះ វាចោទលើពួកខ្ញុំទៀតហើយ តែពួកវាវិញ អត់ចេះគោរពពាក្យសម្តីខ្លួនឯងទេ។ សរសេរជាអក្សរប៉ុណ្ណឹងហើយ នៅនិយាយយកជាការមិនបានផង»។
លោក តាំង ម៉េង មេធាវីតំណាងឲ្យក្រុមហ៊ុន W&D បានច្រានចោលការលើកឡើងនេះ ដោយថា រោងចក្រគឺទទួលយកកម្មករទាំងអស់ឲ្យចូលបម្រើការងារវិញ ប៉ុន្តែ លើកលែងតែកម្មករជាង ១០០នាក់ប៉ុណ្ណោះ ដោយថា កម្មករទាំងនោះបានញុះញង់ឲ្យកម្មករតវ៉ា និងបង្កការរាំងស្ទះដល់ដំណើរការរកស៊ីរបស់ក្រុមហ៊ុន។
លោកបន្ថមថា៖ «កម្មករមួយចំនួនតូចហ្នឹង គាត់មានឈ្មោះក្នុងបញ្ជីហើយ ក្នុងហ្នឹងមាន ១០២នាក់។ កម្មករ១០២នាក់ហ្នឹងគាត់បានរារាំងកម្មករផ្សេងទៀតមិនឲ្យចូលធ្វើការងារ ហើយឥលូវហ្នឹងកំពុងតែបិទផ្លូវ បិទផ្លូវច្រកចេញចូលរបស់រោងចក្រមិនឲ្យកុងតឺន័រដឹកឥវ៉ាន់ចេញចូលទេ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេជុំវិញករណីនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីចុងឆ្នាំ២០១៨ កម្មករជិត ២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D បានផ្ទុះការតវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង ១ពាន់នាក់ ដោយចោទថា មិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ ប៉ុន្តែ ក្រោយមក រោងចក្រនេះបានប្រកាសទទួលយកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន។
នៅថ្ងៃទី២៦ ខែមករា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញលិខិតមួយការពាររោងចក្រ ដោយលើកឡើងថា ថៅកែរោងចក្រ W&D មិនមានកាតព្វកិច្ចណាមួយត្រូវទូទាត់ប្រាក់អតីតភាពការងារជាកញ្ចប់មុនឆ្នាំ២០១៩ ជូនកម្មករនោះទេ ដោយថា ការតវ៉ារបស់ក្រុមកម្មករទាំងនេះធ្វើឡើងដោយខុសច្បាប់៕