វិស័យឯកជន ខកចិត្តរឿងអឺរ៉ុបចាប់ផ្ដើមនីតិវិធីឈានទៅព្យួរ​ EBA តែប្ដេជ្ញាគាំទ្ររដ្ឋាភិបាល

កម្មករជញ្ជូនអង្ករ សម្រាប់ដឹកទៅឲ្យអតិថិជន និងចែកចាយទៅហាងម៉ូយផ្សេងទៀត។ រូបភាព៖ ណាត សុភាព

ភាគីពាក់ព័ន្ធដែលធ្វើការក្នុងវិស័យធនាគារ រោងចក្រកាត់ដេរ សហគ្រាសធុនតូច និងមធ្យមបារម្ភពីវិធានការរបស់សហភាពអឺរ៉ុបដែលអាចឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ប៉ុន្ដែ ពួកគេក៏ប្រកាសគាំទ្ររដ្ឋាភិបាលក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។  

កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅនេះ សហភាព​អឺរ៉ុប​បាន​ប្រកាស​ចាប់​ផ្ដើម​ដំណើរដែល​ឈាន​ដល់​ការ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

សហភាពអឺរ៉ុបក៏ប្រកាសផងដែរថា កម្ពុជានៅមានពេលវេលាក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ដោយជំរុញឲ្យរដ្ឋាភិបាលគោរពកាតព្វកិច្ចសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាបេះដូងនៃភាពជាដៃគូជាមួយសហគមន៍អឺរ៉ុប។

ភ្លាមៗ ក្រោយការប្រកាសរបស់សហភាពអឺរ៉ុបនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា «GMAC» បានស្នើសុំឲ្យអឺរ៉ុបពិចារណាឡើងវិញចំពោះវិធានការបស់ខ្លួន ដោយថា វាធ្វើឲ្យផលប៉ះពាល់ដល់កម្មកររោងចក្រជាង ៧០ម៉ឺននាក់។  មិនតែប៉ុណ្ណោះ GMAC អះអាងថា វិធានការព្យួរ EBA នឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដោយថា ការព្យួរ EBA នឹងបង្កើនអត្រាពន្ធចំនួន ១២ភាគរយនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងចំនួនពី ៨ ទៅ ១៧ភាគរយ សម្រាប់ផលិតផលស្បែកជើង។

GMAC លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «សមត្ថភាពប្រកួតប្រជែងរបស់យើងនឹងស្ថិតក្នុងហានិភ័យដោយមិនសមហេតុផល កេរ្ដិ៍ឈ្មោះឧស្សាហកម្មរបស់យើងនឹងទទួលរងផលប៉ះពាល់ ហើយការអភិវឌ្ឍរបស់កម្ពុជានឹងត្រូវផ្អាក។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងការកសាងចង្វាក់ផ្ដត់ផ្គង់សំលៀកបំពាក់ដែលមានលក្ខណៈទទួលខុសត្រូវ នឹងត្រូវអន្ដរាយ ហើយវានឹងប៉ះពាល់យ៉ាងខ្លាំងសម្រាប់កម្មករ ជាពិសេសអ្នកដែលមកពីទីជនបទ»។   

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម លោក តែ តាំងប៉ សំដែងការសោកស្ដាយដែលសហគមន៍អឺរ៉ុបបានសម្រេចចាប់ផ្ដើមវិធានការពាក់ព័ន្ធនឹងរឿង EBA នេះ។ ប៉ុន្ដែ លោកថា វិធានការរបស់អឺរ៉ុបនេះមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ មកលើសហគ្រានធុនតូច និងមធ្យម ហើយជាឱកាសអាចធ្វើឲ្យកម្ពុជាលែងពឹងផ្អែកបរទេស និងអភិវឌ្ឍសេដ្ឋកិច្ចដោយខ្លួនឯង។

លោកផ្ដល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្រោមសំពាធពីអន្ដរជាតិនេះ អាជ្ញាធរនៅថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមវិធានការដែលរដ្ឋាភិបាលបានដាក់ចេញ ដោយត្រូវកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេស និងត្រូវបង្កើនផលិតផលក្នុងស្រុក ដើម្បីនាំចេញទៅលក់នៅបរទេស។

លោកបន្ដថា៖ «រដ្ឋាភិបាលយើងយុទ្ធសាស្ដ្រចតុកោណ គោលនយោបាយមានទាំងអស់ ថ្នាក់ក្រោមជាតិសូមឲ្យអនុវត្តផង […] ក៏ប៉ុន្ដែយើងហាមដាច់ខាតការនាំចូលផលិតផលសម្រេចពីបរទេសដោយក្រសួងពាណិជ្ជកម្មគេធ្វើតាមរយៈពិព័រណ៍ អញ្ចឹងសហគ្រាសធុនតូចមធ្យម នៅពេលប្រទេសជិតខាតជឿនលឿនដឹងមកម្ដងៗរាប់រយកុងតឺន័រ សួរថានៅក្នុងស្រុកផលិតអីទៀត យើងអត់ហាមគេទេ បើនៅក្នុងស្រុកធ្វើបាន រឿងអីឲ្យគេចូលបាន»។

អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកស្រី សូ ផនណារី មានប្រសាន៍ថា វិធានការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា មិនមានផលប៉ះពាល់អ្វីដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។

ប៉ុន្ដែ លោកស្រី បញ្ជាក់ថា វាអាចមានផលអវិជ្ជមានដល់ផ្នែកឥតទានខ្នាតតូច ឬជំនួញខ្នាតតូច ដោយលោកស្រីអះអាងថា អ្នកខ្ចីប្រមាណ៨០ភាគរយ ជាកម្មករ និងកសិករ។ លោកស្រីជឿជាក់ថា ក្រុមហ៊ុនឯកជននឹងអាចជួយសម្រួលបន្ទុកដល់អតិថិជន ប្រសិនបើពួកគេរងផលប៉ះពាល់កើតចេញពីវិធានការដក EBA របស់អឺរ៉ុបនោះ ដូចជា ធនាគារមានគោលការណ៍ការពារអតិថិជន ពង្រឹងគុណភាពក្នុងការផ្ដល់កម្ចី និងវិធានកាទប់ស្កាត់ហានិភ័យផ្សេងៗ។

លោកស្រីមានប្រសាសន៍ថា៖ «ភាគច្រើនគាត់នៅក្នុងជំនួញខ្នាតតូចរបស់អេស៊ីលីដា ហើយកម្មករ កសិករគាត់នៅក្នុងជំនួញខ្នាតតូច […] ការផ្ដល់ឥតទាន គឺយើងអត់ឲ្យគាត់ប៉ះពាល់ព្រោះយើងចង់រក្សាគាត់ឲ្យមានបទពិសោធន៍ជាមួយធនាគារ ហើយផ្ដល់សេវាល្អឲ្យគាត់ ឲ្យគាត់មានទំនុកចិត្ត។ ដូចថា ឥឡូវគាត់អាក់នៅក្នុងប្រាក់ចំណូលគាត់ យើងក៏មើលឡើងវិញថា គាត់អាចនឹងមានការងារ ឬចាប់ផ្ដើមបង់វិញ ឬផ្ដាស់ពីការងារមយយទៅការងារមួយ យើងរងចាំគាត់រកប្រាក់ចំណូលពីការងារថ្មីរបស់គាត់»។

យ៉ាងណាក៏ដោយ ក្រោយការប្រកាសរបស់សហភាពអឺរ៉ុបជុំវិញបញ្ហារឿង EBA នេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីវិធានការទប់ស្កាត់ ​ ដោយថាក្រសួងស្ថាប័នពាក់ព័ន្ធបានធ្វើកំណែទម្រង់ និងបានជួយកាត់បន្ថយចំណាយថ្លៃដើមផលិតកម្ម ការដឹកជញ្ជូន និងគោលនយោបាយគាំទ្រដល់កម្មករ និងកសិករ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន សហភាព​អឺរ៉ុប​​ឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅកាន់ទីផ្សារអឺរ៉ុប មានតម្លៃដល់ទៅ ៤.៩​ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​២០១៨​។ ផលិតផលដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបនោះ រួមមាន ផលិត​ផល​កាត់​ដេរសំលៀកបំពាក់ បន្លែ និងម្ហូប​អាហារ និងយានយន្ដ ដែលមាន​ទំហំ​ដល់​ទៅ ៩៩​ភាគរយ​ នៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារអន្ដរជាតិ​មួយ​នេះ។ ហើយ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៨​ពាន់​លាន​ដុល្លារអាមេរិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

របាយការណ៍​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងផងដែរ​ថា ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារអឺរ៉ុប បាន​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ