កម្ពុជា​​ចាត់ទុកការផ្ដើមនីតិវិធីដែល​ឈានទៅព្យួ​រ EBA របស់សហភាពអឺរ៉ុប «ជារឿងអយុត្តិធម៌បំផុត»

លោក កែវ រ៉េមី ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែលធ្វើឡើងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីរាត្រី​ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ webtv.un.org/ screenshot

រដ្ឋា​​ភិបាល​កម្ពុ​ជា​ប្រតិ​​កម្មថា ​«ជា​រឿង​អយុ​ត្តិធ​ម៌​បំផុត​» ដែ​លស​ហ​ភា​ព​អឺរ៉ុប ​សម្រេ​ច​ចាប់ផ្ដើម​នីតិវិធីដែល​ឈាន​ទៅ​រក​​​ការ​ព្យួ​រ«ប្រ​​ព័​ន្ធ​អ​នុ​គ្រោះពន្ធគ្រប់​បែបយ៉ាងលើកលែងតែអាវុធ» ដោ​យថាប្លុកលោកសេរីមួយ​នេះ បានមើល​រំលង​ពីការខំ​ប្រឹងប្រែ​ងរបស់រដ្ឋាភិបាលក្នុងការ​​កែ​លម្អស្ថា​នកា​រណ៍​ជិត១ឆ្នាំ​មក​នេះ ​​ ។

សហភាពអឺរ៉ុ​ប​​ កាលពីថ្ងៃចន្ទ បាន​ប្រកាសដំណើរការនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធបណ្ដោះ​អាសន្ន​ពីកម្ពុជា​ ដោ​​យ​អះអាងថា ​ប្រព័​ន្ធ​​អនុគ្រោះ​ពន្ធនេះ អាច​ត្រូវ​​ដ​ក​ហូត​​វិញ​ ប្រសិ​ន​បើ​​កម្ពុជា​បរា​ជ័យ​​ក្នុង​​​កា​រ​ធ្វើ​ឲ្យ​ប្រសើរ​​​​​​ឡើង​​វិញ​​​នូវ​​​​ស្ថា​​ន​​ភា​​ព​សិទ្ធិ​​​មនុស្ស​​ និ​ង​ប្រ​ជា​ធិប​តេយ្យ។​

ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា លើកឡើងថា ខ្លួនខកចិត្ត​យ៉ាងខ្លាំង ទៅនឹង​ការ​សម្រេចរបស់សហភាពអឺរ៉ុបនេះ។

រដ្ឋាភិបាលលើកឡើងថា ការខកចិត្តនេះ ដោយសារតែសហភាពអឺរ៉ុបមើល​មិន​ឃើ​ញ​ពីគុ​ណសម្បត្តិរបស់ខ្លួន ដែលបានបើកផ្លូវ​ឲ្យថ្នាក់ដឹកនាំអតីតគណប​ក្សប​ក្ស​​ស​ង្គ្រោះជា​តិ១១៨រូបធ្វើ​នយោ​​​បាយឡើងវិញ ជំរុញ​ដល់​សិទ្ធិ​ការ​ងារ និងភាពជាដៃគូរវាងរ​ដ្ឋាភិបាលជាមួយ​អង្គកា​រ​សង្គម​ស៊ីវិលជាដើម ។

រដ្ឋាភិបាលអះអាងទៀតថា ភាពអយុត្តិធម៌មួយទៀត គឺសហភាពអឺរ៉ុបបានបដិសេ​ធសំឡេងឆ្នោត​ច្រើន​លាននាក់ ដែល​គាំទ្រគណបក្សទាំង១៩ និងរដ្ឋាភិបាល ហើយថា ការទា​មទារទាក់ទិននឹង​EBA​ ជាការជ្រៀ​តជ្រែកផ្ទៃក្នុងកម្ពុ​ជា ។

រដ្ឋាភិបាលលើកឡើងថា​៖ «គណៈកម្មការអឺរ៉ុប បានបដិសេធនូវសំឡេងដ៏ច្រើនលើសលុបរបស់​ម្ចាស់ឆ្នោត​កម្ពុ​ជា​​ ដែ​​ល​បាន​ស​ម្តែ​ង​​ការគាំទ្រដល់រដ្ឋាភិបាលតាមរយៈសន្លឹកឆ្នោតរបស់ពួកគេ។ ផ្ទុយទៅវិញ គណៈកម្មាធិកា​រអឺ​រ៉ុប​បែរ​​ជា​គាំ​​ទ្រអ្នកន​យោ​​​​​បា​យ​មួយក្តាប់តូច ដែលជាអ្នកបញ្ឆេះកំហឹងពលរដ្ឋឲ្យបង្កាត់ភ្លើងសង្គ្រាមស៊ីវិល»។

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីចុងខែមុន ផ្ញើសារជំរុញទៅសហភាព​អឺរ៉ុបឲ្យប​ន្តព​ង្រឹង​​ជំហរជួ​យស្តា​រ​ប្រ​​ជា​ធិបតេយ្យនៅកម្ពុជា ដោយហៅ​វិធានការដ​​​កប្រព័ន្ធអនុគ្រោះពន្ធ (EBA) នេះថា ជាការ​ទប់​ស្កាត់​កម្ពុជាកុំឲ្យ​រអិលទៅរក​របបផ្តាច់កា​រ។

លោក សម រង្ស៊ី ថា៖ «ប្រតិកម្មរបស់សហភាពអឺរ៉ុប ឆ្លើយតបទៅនឹងការរំកិលទៅរកអំណាចផ្តាច់ការនៅ​ប្រ​ទេសកម្ពុជា (គឺ​កា​រ​ព្យួ​រក​ម្ម​វិធីអនុគ្រោះពន្ធដារ EBA) គឺជាវិធានការត្រឹមត្រូវ និងសមស្រប ដែល​យើង​អាចទ​ទួល​​​យកបាន»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ រដ្ឋាភិ​បាល​ពិតជាបា​នខំកែស្ថានការណ៍ពិតមែន ដូចជា រំឭកឲ្យពន្លឿនសំណុំរឿងមេដឹកនាំសហជីព ចេញសេចក្តី​ណែនាំឲ្យបើកលំហសរីភាពសង្គមស៊ីវិលជាដើម ។

លោក អំ សំអាត រំឭកថា ប្រព័ន្ធ​អនុគ្រោះផ្នែ​កពាណិជ្ជក​ម្មរបស់ប្លុក​លោ​ក​​​សេ​រីនេះ នឹងមិនត្រូវដកហូតពីកម្ពុជា បើរដ្ឋាភិបាលមានឆន្ទៈស្តារប្រជាធិបតេយ្យឡើងវិញនោះ។

លោកថា៖ «រដ្ឋាភិបាលត្រូវតែមានឆន្ទៈមោះមុតក្នុងការប្តេជ្ញាឡើងវិញនូវការស្តារប្រជាធិបតេយ្យ និងការគោ​រពសិទ្ធិម​នុស្សនេះ​ បង្ហាញឲ្យសហភាពអឺរ៉ុបបានឃើញ អ្វីក៏ដោយវាមិន​មែនចេញនៅលើ​ច្បាប់នៅលើ​ក្រដាស និង យើ​​ង​គិត​ថាជាការកែប្រែទេ! វាស្ថិតនៅលើស​កម្មភាពទំាងឡាយដែ​លគេមើលឃើញថា ក​ម្ពុជាពិតជាមានឆន្ទៈ​ក្នុងកា​កែលំ​អនោះ»។

 ទោះជាយ៉ាងណា សហភាពអឺរ៉ុបបានបញ្ជាក់ថា នីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានេះ ប្រើពេ​ល១៨ខែ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈនេះទៅ ពោលគឺដល់ឆ្នាំ២០២០ ទើបសម្រេចជាផ្លូវការណ៍។

វិធានការរបស់សហភាពអឺរ៉ុបនេះ បានធ្វើឡើងក្រោយពីខ្លួនអំពាវនាវទៅរដ្ឋាភិបាលឲ្យស្តា​រប្រជាធិបតេយ្យ​ឡើ​ង​វិញ ដូចជា ត្រូវទម្លាក់បទចោទលើកអតីតប្រធានគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា ឲ្យគណ​បក្សប្រ​ឆាំង​នេះបានដំណើរការឡើងវិញ និងត្រូវរៀបចំការបោះឆ្នោតឡើងវិញ តាមយន្តការប្រជាធិបតេយ្យ​ ដោយ​មានគ​ណ​បក្ស​ប្រឆាំងចូលរួមជាដើម មិនទាន់ត្រូវបានធ្វើឡើង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ