បទយកការណ៍៖ ឪពុក​ម្ដាយ​កម្ពុជា​កាន់​តែ​​បើក​ចំហរ​ជជែក​ជាមួយ​កូនៗ​អំពី​ការ​រួម​ភេទ

អ្នកជំនាញខាងសុខភាពបន្តពូជ និងផ្លូវភេទ អ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា ផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារវីអូឌី។ រូបភាព៖ ហ៊ី ឆាយ

ការ​រួម​ភេទ ឬ​រួម​សង្វាស គឺ​ជា​បញ្ហា​រសើប និង​គួរ​ឲ្យ​ខ្មាស​អៀន​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​ពិបាក​នឹង​ទទួល​យក​នៅ​ក្នុង​ចំណោម​នារី​ភេទ ប៉ុន្តែ ឪពុក​ម្ដាយ​នា​ពេល​សព្វថ្ងៃ​នេះ បង្ហាញ​នូវ​ទំនោរ​ថ្មីថា ពួកគាត់​កាន់​តែ​ហ៊ាន​និយាយ​ដោយ​បើក​ចំហរ​ទៅ​កាន់​កូនៗ​របស់​ពួកគេ​អំពី​បញ្ហា​មួយ​នេះ ហើយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ក៏​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដោយ​ចំហរ​ថែម​ទៀត​ផង​ដែរ។

ស្ត្រីម្នាក់កំពុងអង្គុយចិតបន្លែធ្វើម្ហូបសម្រាប់បាយថ្ងៃត្រង់នៅលើគ្រែមុខផ្ទះរួមជាមួយអ្នកជិតខាងដែលកំពុងផឹកស្រាបៀរផងនោះ អ្នកស្រី មុំ តាយ អាយុ ៤៣ឆ្នាំ ជាស្ត្រីមេផ្ទះដែលមានកូនសុទ្ធ​តែ​ប្រុស​ចំនួន ៤នាក់​នោះ បាន​ឲ្យ​ដឹងថា អ្នកស្រីបាននិយាយជាមួយ​កូនៗអំពីបញ្ហាផ្លូវភេទ ដោយអ្នកស្រីណែនាំកូនៗឲ្យប្រើស្រោមអនាម័យ នៅ​ពេល​រួមភេទ។

អ្នកស្រី មុំ តាយ មានប្រសាសន៍ថា៖ «ខ្ញុំឃើញគេអ្នកដទៃ! ខ្លាចឆ្លងកាត់ចឹងទៅឆ្លងមេរោគអេដស៏!… ខ្ញុំប្រាប់កូនខ្ញុំទៅ… ដេករួមរក្សជាមួយស្រីត្រូវប្រើស្រោម…វាអង្គុយស្តាប់…ម៉េចៗកុំឲ្យថា ម៉ែឪអត់បានប្រាប់កូន​អញ្ចឹងណា៎!»។

នៅឯតូបកាហ្វេជិតនោះ ស្ត្រីម្នាក់​មាន​វ័យជាង​ ៤០​ឆ្នាំ ស្ថិតក្នុង​សម្លៀក​បំពាក់​អាវវាលក្លៀកពណ៌ក្រហម ខោជើងវែងពណ៌ស មើលទៅដូចជាអ្នកលែងខ្លួនបែបអឺរ៉ុប អ្នកស្រី ម៉ិច ច័ន្ទសុភី បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មានកូនប្រុសស្រីចំនួន ៥​នាក់ ហើយ​អ្នកស្រីក៏មានបទពិសោធន៍ជជែក​រឿងផ្លូវភេទជាមួយកូនដែរ តែអ្នកស្រី​បារម្ភចំពោះកូនស្រីច្រើនជាង ដោយហាមកូនមិនឲ្យមានស្នេហានៅវ័យក្មេងទេ។

អ្នកស្រី ម៉ិច ច័ន្ទសុភី មានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់និយាយផ្ទាល់ជាមួយកូនស្រីខ្ញុំ!… អត់ចង់ឲ្យកូនមានស្នេហា…វាមានបញ្ហាច្រើន! ក្មេងវាអត់ដឹងទេ មិនដូចយើងចាស់ទេណា៎ ការពារ ឬមិនការពារ គឺក្មេងអត់ដឹងម៉ង!»

ជាអ្នកស្ម័គ្រចិត្តនៅអង្គការមួយធ្វើការផ្តោតលើស្ត្រីមានការិយាល័យនៅកណ្តាលទីក្រុងភ្នំពេញ អ្នកស្រី កង ចិន្តា អាយុ ៤៦ឆ្នាំ មានកូនបីនាក់ ប្រុសម្នាក់។ អ្នកស្រីអះ​អាង​ថា ក៏ធ្លាប់និយាយពីបញ្ហាសុខភាពផ្លូវភេទជាមួយកូនដែរកន្លងមក។ អ្នកស្រី ចិន្តា បន្ថែម​ថា អ្នកស្រី​បាន​ពន្យល់កូនសព្វបែបយ៉ាងអំពីសុខភាពផ្លូវភេទ​។ ពាក់ព័ន្ធនឹងការរួមភេទវិញ អ្នកស្រីថា មិនហាមទេ តែក៏មិនអនុញ្ញាតិដែរ។

អ្នកស្រី កង ចិន្តា មាប្រសាសន៍ថា៖ «ចង់បញ្ជាក់ប្រាប់ថា បើយកល្អ កូនកុំអាលទាន់រួមភេទ ព្រោះកូនកំពុងនៅក្នុងវ័យសិក្សា! ចង់បញ្ញាក់ថា ប្រឡូកពេលណាក៏បាន ព្រោះជាសិទ្ធិរបស់​កូនៗ និង​ក្មួយៗទេ! ក៏ប៉ុន្តែ ចង់ឲ្យកូនរៀនឲ្យបានខ្ពង់ខ្ពស់ ឲ្យមានការងារ​ធ្វើសិន មានប្រាក់ខែរបស់ខ្លួន។ អញ្ចឹង ខ្លួនមានសិទ្ធិគ្រប់គ្រាន់ចង់ធ្វើអ្វីធ្វើចុះ!»

ជាឪពុកនៃ​កូនស្រី ២​នាក់ដែល​កំពុងសិក្សានៅថ្នាក់កម្រិតមធ្យមនៅឡើយ លោក ឈាវ អភិរ៉ា ដែល​ជាមន្ត្រីជាន់ខ្ពស់ម្នាក់​នៅអង្គការធ្វើការ​ងារ​ផ្នែកសុខភាព បាន​ឲ្យ​ដឹង​ថា លោក​ឧស្សាហ៍និយាយអំពីបញ្ហាផ្លូវភេទជាមួយកូន និងជួនកាល និយាយតាមរយៈភរិយា​របស់លោក ឲ្យបន្តប្រាប់ទៅកាន់កូនស្រីបន្ថែមទៀតចំពោះបញ្ហាស៊ីជម្រៅ។ លោក អភិរ៉ា អនុញ្ញាតឲ្យកូនមានទំនាក់ទំនងស្នេហា ប៉ុន្តែ ហាមដាច់ខាតមិនឲ្យកូនរួមភេទនៅក្នុងវ័យនេះទេ។

លោក អភិរ៉ា មានប្រសាសន៍ថា៖ «ខ្ញុំបានជជែកមួយគាត់។ ទាក់ទងពេលដែលកូនទៅរៀន កូនត្រូវខិតខំសិក្សា ហើយពេលដែលមានបញ្ហាជាមួយមិត្តភក្តិបុរស ប៉ាបើកចិត្តទូលាយជជែកគ្នា! អាចគេមកលេងផ្ទះបាន ហើយទំនាក់ទំនង គឺជារឿងធម្មតា ប៉ុន្តែ កុំឲ្យប្រឡូកក្នុងការរួមភេទ។ ហើយមួយទៀតទាក់ទងនឹងកូនមានបញ្ហាសុខភាពអី កូនអាចបើកចិត្តទូលាយជជែកជាមួយប៉ា ដោយសារប៉ាធ្វើការនៅកន្លែងសុខភាព ប៉ាដឹងរឿងច្រើន ប៉ាអាចពន្យល់កូនបាន»

អ្នកជំនាញខាងសុខភាពបន្តពូជ និងផ្លូវភេទ អ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា ប្រាប់ពីផលប្រយោជន៍នៃការនិយាយពីបញ្ហាផ្លូវភេទជាមួយកូនថា នឹងអាចធ្វើឲ្យកូនចេះសម្រេចចិត្ត និងការប្រព្រឹត្តបានត្រឹមត្រូវ។ អ្នកស្រី​ថា ផ្ទុយទៅវិញ គេអាចទទួលបានព័ត៌មានខុស បើយើងមិននិយាយពីរឿងនេះ។

អ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា មានប្រសាសន៍ថា៖ «ធម្មតា ក្មេងនៅពេលចម្រើនវ័យរបស់គាត់ឡើង គឺវាជាច្បាប់ធម្មជាតិ គាត់ត្រូវតែស្វែងយល់ដឹង! បើយើងបិទមិននាំគ្នានិយាយ ក៏គង់គាត់ស្វែងរកព័ត៌មាននៅកន្លែងណាផ្សេងដែរ។ អញ្ចឹង ព័ត៌មានដែលគាត់រកហ្នឹង អាចពិតខ្លះ មិនពិតខ្លះ! អញ្ចឹង បើក្មេងត្រូវការចង់ចេះចង់ដឹងហើយ ហេតុអីយើងទាំងអស់គ្នានាំគា្នបិទ? វាមិនចំណេញទេ វាបានតែធ្វើឲ្យមនុស្សទទួលបានព័ត៌មានដែលមិនត្រឹមត្រូវទៅវិញទេ!»

នៅពេលសួរថា តើការហាម និងមិនហាមកូនរួមភេទ មួយណាសមស្របទៅនឹងបរិបទនៃជីវភាពរបស់ពលរដ្ឋខ្មែរបច្ចុប្បន្ន? វេជ្ជបណ្ឌិតរូបនេះថា មិនមានខុសមិនមានត្រូវទេ។

អ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា ឲ្យដឹងថា៖ «អាស្រ័យទៅលើស្ថានភាពជាក់ស្តែងរបស់បុគ្គល​និមួយៗ ដូចជា គេនិយាយថា មនុស្សកំពុងតែឃ្លានហើយ យើងហាមគេមិនឲ្យញ៉ាំ គាត់ច្បាស់ជាមិនស្តាប់ទេ។ អញ្ចឹងហើយបានជានៅក្នុងសារអប់រំ យើងនិយាយថា ប្រសិនបើយុវវ័យ ដើម្បីឲ្យខ្លួនមានសុវត្ថិភាពល្អ ចៀសវាងការឆ្លងអី​ផ្សេងៗ តមការរួមភេទ ប៉ុន្តែ មានសារបន្ទាប់ទៀតថា ប្រសិនបើក្មួយប្រុសក្មួយស្រីមិនអាចតមបាន ត្រូវជ្រើសរើសការរួមភេទណាដែលមានសុវត្ថិភាព»

បើមើលរបាយការណ៍ថ្មីមួយអំពីឥរិយាបទរួមភេទរបស់យុវវ័យនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ អ្នកសិក្សាស្រាវជ្រាវឯករាជ្យផ្នែកសុខភាពសាធារណៈ លោក តុង សុប្រាជ្ញ បានរកឃើញថា ទំនាក់ទំនង​ផ្លូវភេទ​ក្នុង​ចំណោម​យុវវ័យ​ដែល​អាច​នឹង​ធ្វើ​សកម្មភាព​បែប​នេះ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ឆ្នាំថ្មីនេះ​ បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល បើ​ប្រៀបធៀប​នឹង​ការសិក្សា​កាល​ពី ១០​ឆ្នាំ​មុន (២០០៩: ១២,៤% ទល់​នឹង ២០១៩:៥,៤%)។

របាយការណ៍ដដែលថា នៅមានកម្រិត​ទាប​នៅឡើយ​ចំពោះ​ចំណេះ​ដឹង​របស់​ឪពុក​ម្តាយ​ទាក់​ទង​នឹង​ការ​ទូន្មាន​កូនៗ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បំណង​របស់​ពួកគេ ដោយ​លទ្ធផល​មាន​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​កន្លង​មក​នេះ។

របក​គំហើញ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពញ្ញាក់​ស្មារតី​យុវវ័យ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​មាន​កម្រិត​ទាប​នៅ​ឡើយ ​ហើយ​ក៏​មិន​ទាន់​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ផង​ដែរ ទាក់ទិន​នឹង​សិទ្ធិ​ក្នុង​ការ​រួមភេទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ