អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ កោះហៅមន្ត្រីច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត រឿងទារប្រាក់ក្រៅផ្លូវការ​

លោក ឃឹម ចិត្រា នាយបុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារប៉ោយប៉ែត។ រូបភាព៖ បណ្ដាញសង្គម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា កោះហៅមន្ត្រីទទួលខុសត្រូវច្រកទ្វារព្រំដែនប៉ោយប៉ែតមកសាកសួរ និងស្រាវ​ជ្រា​វ ​ជុំវិញភាពមិនប្រក្រតីដែលថាមានការទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហោះក្នុងទំព័រហ្វេសរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថា អគ្គភាពមួយនេះបាន​ធ្វេីការ​កោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកសាកសួរ និងកំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះយ៉ាងយកចិត្តទុកដាក់​បំផុត។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែម សារិន បានប្រសាសន៍ថា​រហូតមក​ដល់​ពេលនេះ មិនទាន់មាន​ចំណាត់ការលើមន្រ្តី​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែតណាមួយនៅឡើយទេ។​

លោកមាន​ប្រសាសន៍ថា៖ «ចាំសិនទៅ អត់ទាន់មានរបាយការណ៍ ចាំរបាយការណ៍យ៉ាងម៉េច ចាំពេលក្រោយបានដឹង ទើបម្សិលមិញ! មានការពិតសិនបានគេចាត់នីតិវិធី វិធានការទៅតាម​ជាក់ស្តែង​»។

ប្រធាននាយកដ្ឋានទទួលបន្ទុកច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ លោក យូ សារ៉ុន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះទេ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្សសមាគមអាដហុក លោក ស៊ុំ ចន្ទគា ដែលអះអាងតាមដានករណីនេះ បានរៀបរាប់ថា នៅពេលពលករ អ្នកដើរកំសាន្ត ទិញអីវ៉ាន់ និងទៅពេទ្យពិនិត្យសុខភាពនៅប្រទេសថៃ ត្រូវបានមន្ត្រីអន្តោរប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីជំនិត តម្រូវឲ្យបំពេញបែបបទចូលទៅប្រទេសថៃ ដោយមនុស្សម្នាក់ត្រូវចំណាយម្តង​១ម៉ឺនរៀល​។ លោកថា រឿង​នេះកើតឡើងជាច្រើនឆ្នាំមកហើយ តែពុំមានដំណោះស្រាយនោះទេ។ ករណីនេះ បើរកឃើញកំហុស គឺរដ្ឋាភិបាលបញ្ឈប់មន្ត្រីទាំងនោះចេញពីតួនាទី ដាក់អ្នកថ្មីជំនួស​។

លោកមាន​ប្រសាសន៍ថា៖ «គ្រាន់តែដាក់ឈ្មោះបំរើរាស្ត្រ ប៉ុន្តែ យកឈ្មោះខ្លួនឯង ទៅបំរើរាស្ត្រ ទៅប្រមូលលុយ [ក្រៅច្បាប់] ទៀត ដកគាត់ចេញមក ទុកគេដែលស្អាតស្អំ ទុកគេដែលគេមានឆន្ទៈពិតសម្រាប់ធ្វើទៅ »។

ចំណាត់ការរបស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើឡើង​បន្ទាប់​ពីបណ្ដាញសារព័ត៌មាន និង បណ្ដាញទំនាក់ទំនងសង្គម បានលើកឡើងអំពីបញ្ហាមិនប្រក្រតីរបស់មន្រ្តីនគរបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីមួយចំនួនទៀត ទាមទារប្រាក់​ក្រៅផ្លូវការពីអ្នកទេសចរ និងអ្នករកស៊ី ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ