នាយករដ្ឋមន្ត្រី អំពាវនាវកុំឲ្យខ្វល់ពីការអត្ថាធិប្បាយជុំវិញផលប៉ះពាល់នៃការព្យួរ EBA របស់អឺរ៉ុប

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​នៅ​ឆ្នាំ​​២០១៩ របស់​ក្រសួង​មហាផ្ទៃ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ រូបថត៖ ទំព័រហ្វេសប៊ុក​លោក ហ៊ុន សែន

លោ​​កនាយ​ក​រដ្ឋមន្ត្រី ​​ហ៊ុ​ន សែន​​ អំពាវនាវកុំឲ្យព​លរ​ដ្ឋ មន្ត្រីរា​ជការ​ និងកងម្លាំងប្រដាប់អាវុធ ចាប់អារម្មណ៍​ទៅ លើការអត្ថាធិប្បាយជុំវិញផលប៉ះពាល់បើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។

ក្នុងពិធីបិទសន្និបាតនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន សែន ថ្លែងថា​ ក្រោយពី​​សហ​​ភាព​​អឺរ៉ុ​បដំណើ​រការព្យួរ EBA ពីក​​ម្ពុជា ​មាន​អ្នកអត្ថាធិប្បាយមួយចំនួនលើកឡើងថា វិធានការនេះ​នឹង​ធ្វើ​​ឲ្យក​ម្ពុ​ជា​រង​ផ​លប៉ះពាល់ធ្ងន់ធ្ងរ ដល់កម្មករ និងពលរដ្ឋ មន្ត្រីរាជការមួយចំនួនទៀតជាដើម។

លោក ហ៊ុន សែន ថ្លែងទៀតថា EBA មុននឹងក្រោយគង់តែនឹងបាត់។ លោកថា ដូចនេះ រដ្ឋាភិបាលនឹងរិះរកគ្រប់វិធី ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាកាត់តែមានភាពប្រកួតប្រជែងខ្លាំង មិនឲ្យកម្ពុជាស្លាប់ដោយសារអត់ EBA នេះទេ។

លោកថា៖ «ជនរួមជាតិ ជាពិសេសកម្មករ កម្មការនី បើនៅតែមានមុខរបរមានការងារធ្វើ  មានប្រាក់ចំណូល​ សុំកុំ​ខ្វ​ល់​ពី​​នរណានិយាយពីអ្វី។ មន្ត្រីរាជការ កងកម្លាំងប្រ​ដាប់អាវុធ និងនិវត្តន៍ជន ​បើនៅតែ​ទទួល​បានបៀវ​ត្សពីរស​ប្តា​ហ៍ម្ត​ង សុំ​កុំខ្វ​​ល់​​ពីនរណានិយាយពីអ្វី គឺត្រូវបន្តតាមពាក្យ ​ឆ្កែចេះតែព្រុះមនុស្សចេះតែដើរ»។

សហ​ភាពអឺរ៉ុបកាលពីថ្ងទី១២ ខែកុម្ភៈ​នេះ បានផ្ដើម​ដំណើរការនីតិវិធីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយអះ​អាង​​ថា វិធានការនេះ កើត​ឡើង​ក្រោយពីខ្លួនមើលឃើញថា រដ្ឋាភិបាលក​ម្ពុជា ដែលដឹក​​នាំ​​ដោ​​យលោក ហ៊ុន សែន មិន​បាន​ស្តារ​ប្រ​ជា​ធិបតេយ្យ​ឡើង​វិញ ខណៈអតីតបក្ស​ប្រឆាំងនៅតែត្រូ​វបានគេ​ផាត់​ចេ​ញ​​ពី​ឆាកន​យោ​​បាយ លោក កឹម សុខា នៅ​តែ​បន្ត​ឃុំ​ខ្លួន​ជិត ១៨ខែមកនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស លោក មឿន តុលា ពន្យល់ថា ការសម្រេចិត្តផ្នែកន​យោ​បាយបានផ្សារភ្ជាប់ទៅនឹងកត្តាសេដ្ឋកិច្ចរបស់ពលរដ្ឋ និងសង្គមទាំងមូល។

 លោក មឿន តុលា មានប្រសាសន៍ថា ការបាត់បង់ EBA នឹងធ្វើឲ្យកម្មកររាប់ម៉ឺននាក់ ប្រឈមនឹងបាត់បង់ការងារ អ្នកវិនិយោគមួយចំនួនអាចដកខ្លួនចេញពីកម្ពុជា​ ព្រោះសង្វាក់ផលិតកម្មរបស់ពួកគេត្រូវបង់ថ្លៃ​ច្រើនជាងមុ​ន។​​ លោ​​កថា ផលប៉ះពាល់នឹងធ្លាក់ទៅលើមន្ត្រីរាជការ ប៉ូលីស​ទាហាន​ផងដែរ ព្រោះអ្នកទាំងនោះ មានកូន ឬប្រព​ន្ធ របស់ពួកគេខ្លះជា​អ្ន​ករកចំណូលបានពីវិស័យកាត់ដេរនេះ។

លោក មឿន តុលា បង្ហាញការខកចិត្តថា ចរន្តនយោបាយបែបនេះ​ ហាក់ដើរផ្ទុយពីប្រទេសជិតខាង ដែល​ថា គេកំ​ពុ​ង​ប្រកួតគ្នាដណ្តើមទីផ្សារអឺរ៉ុប ទោះបីប្រទេសគេ​រីក​ច​ម្រើន​ជាងកម្ពុជា ហើយអឺរ៉ុប មិ​នបានផ្តល់ប្រព័ន្ធអនុគ្រោះឲ្យ​ក៏ដោយ។

លោកថា៖ «យើងមើលជុំវិញយើង ថៃនាំទំនិញទៅសហភាពអឺរ៉ុប គ្រាន់តែអឺរ៉ុបចេញកាតលឿង រឿងម្ហូបអា​ហារ គ្រឿ​ង​ស​មុទ្រថៃ ចាប់ផ្តើមកែភ្លាម គេខ្លាចបាត់បង់ណាស់។ចំណែក វៀតណាម គេព្យាយាមចង់បានទីផ្សារអឺរ៉ុបមែនទែន ហើ​​​​​យ​យើ​ងបានហើយ រហូតគេមិនឲ្យបង់ពន្ធទៀត យើងមិនចេះថែរក្សា អាហ្នឹងយើងគួរខ្មាស់គេដែរណាស់»។

អ្នកវិភាគនយោបាយ លោក បណ្ឌិត​ ឡៅ ម៉ុងហៃ ថា សារនយោបាយបែបនេះរបស់លោក ហ៊ុន សែន បង្ហាញថា រដ្ឋាភិបាលហាក់មិន​បានត្រៀ​ម​ខ្លួនការពារប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះទេ ។

ប៉ុន្តែ​ អ្នកវិភាគរូបនេះ រំឭកថា បើការសម្រេចចិត្តផ្នែកនយោបាយ​ណាមួយធ្វើឲ្យប៉ះ​ពាល់ដល់ប្រយោ​ជន៍ពលរដ្ឋ​និង​ស​ង្គម​​នោះ លោកថា រដ្ឋាភិបាលកំពុងដើរផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ។

លោកថា៖ «ប្រសិនបើ [សម្រេចហ្នឹង] វាប៉ះពាល់ដល់ការរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ អាហ្នឹងមាន​ការខ្វះខា​តបំពេញករណីកិច្ចក្នុងនាមជាអ្នកដឹកនាំ ព្រោះក្នុងរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋយកចិត្តទុកដាក់ ជាអាទិភា​ពដ​ល់​​ជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ»។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC កាលពីថ្ងៃចន្ទ បាន​ចេញសេចក្ដី​ថ្លែងការណ៍​បង្ហាញការព្រួយបារម្ភថា​ បើកម្ពុជាបាត់បង់ EBA​ ​ ធ្វើ​ឲ្យ​វិស័យឧស្សាហកម្មកាត់ដេរ​​ មាន​ហានិភ័យ ​សម្រាប់​ការប្រ​កួត​ប្រ​​ជែងជាមួយ ប្រ​ទេ​សក្នុងតំបន់ និងប៉ះពាល់ការងារកម្មករ​មិន​តិច​ជាង៧០​ម៉ឺន​នាក់ ក្នុងនោះ​៨០​ភាគរយ​ជា​ស្ត្រី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ