លោក សុខ ទូច៖ បើ ហ៊ុន សែន ស្តាប់អឺរ៉ុប អាហ្នឹងហើយក្បត់អធិបតេយ្យភាពរបស់ខ្លួន

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់អឺរ៉ុបដោះលែងលោក កឹម សុខា ដើម្បីរក្សា EBA មែននោះ លោកថា ជាការក្បត់អធិបតេយ្យភាព ព្រោះមិនអនុវត្តតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេស។​

នៅក្នុងវេទិកាមួយនៅរាជបណ្ឌិតសភាកាលពីម្សិលមិញ លោក សុខ ទូច លើកឡើងថា ការកាត់ទោសលោក កឹម សុខា និងវិធានការលើបក្សប្រឆាំង គឺផ្អែកលើច្បាប់ និងមានភស្តុតាងត្រឹមត្រូវ។​ លោកបន្តថា បើលោក ហ៊ុន សែន ស្តាប់តាមអឺរ៉ុបដោះលែងលោក កឹម សុខា នោះជាការក្បត់អធិបតេយ្យភាព។

លោក សុខ ទូច៖ «បើ ហ៊ុន សែន ស្តាប់អឺរ៉ុប មានន័យថា​ អាហ្នឹងហើយក្បត់អធិបតេយ្យភាពរបស់ខ្លួន។ អាហ្នឹងក្បត់អធិបតេយ្យភាពរបស់ខ្លួន រកអធិបតេយ្យភាពអីទៀត? ច្បាប់មាន មិនអនុវត្ត ព្រោះសម្តេចនាយករដ្ឋមន្ត្រីជាអង្គនីតិប្រតិបត្តិ មិនមែនអង្គនីតិតុលាការទេ ហើយសម្តេចនាយករដ្ឋមន្ត្រីក៏មានសភា។ គេថា សភាឯកបក្ស តើអ្នកណាឲ្យឯកបក្ស? យួន? ឡាវ? អត់ទេ គឺប្រជាជនកម្ពុជា ដែលបោះឆ្នោតឲ្យ ៨៣,២ ភាគរយ។»

ក្នុងឱកាសនោះ លោកបានលើកឡើងពីចំណុចខ្វះចន្លោះមួយចំនួនដែលរដ្ឋាភិបាលត្រូវចាត់វិធានការធ្វើកំណែទម្រង់រួមទាំងអំពើពុករលួយផង ដើម្បីលើកទឹកឲ្យមានការវិនិយោគនៅកម្ពុជា ទោះជាមិនមាន EBA។​

លោក សុខ ទូច បញ្ជាក់ថា នេះជាឱកាសល្អរបស់រដ្ឋាភិបាលក្នុងការប្រឹងប្រែងធ្វើកំណែទម្រង់ ហើយឈានទៅទទួលបានជ័យជម្នះលើការបោះឆ្នោតនៅអាណត្តិក្រោយទៀត។​

លោក សុខ ទូច៖ «ចឹងនេះជាឱកាសយើងត្រូវតែធ្វើ សម្តេចត្រូវតែធ្វើរដ្ឋាភិបាល ត្រូវតែធ្វើ ដើម្បីយើងប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយដៃគូ។ នេះជាឱកាស មិនមែនជាឱកាសរបស់គណបក្សប្រឆាំងទេ ឯកឧត្តម សម រង្ស៊ី អើយ! ច្រឡំហើយ! ធ្វើឲ្យរដ្ឋាភិបាល ហ៊ុន សែន កាន់តែពង្រឹងសមត្ថភាពកាន់តែពង្រឹងមន្ត្រីរបស់ខ្លួន ដើម្បីយកជោគជ័យនៅឆ្នាំ២០២៣។​ បើអា EBA អត់គំហ៊កចឹង ប្រហែលជាដេកលក់។​»

កាលពីថ្ងៃទី១១ ខែកុម្ភៈ សហភាអឺរ៉ុបបានចាប់ផ្តើមនីតិវិធីដែលត្រូវការរយៈពេល១៨ខែ ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ