លោក សម រង្ស៊ី ស្នើ​អន្ដរជាតិទប់ស្កាត់លោក ហ៊ុន សែន ដែលចង់កម្ទេចបក្សប្រឆាំង

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)

អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បានស្នើទៅសហគមន៍អន្ដរជាតិឲ្យជួយទប់ស្កាត់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានបញ្ជាឲ្យកម្ទេចបក្សប្រឆាំងដែលនៅសេសសល់ក្នុងប្រទេស​។

សារសំឡេងដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ ខែកុម្ភៈ បានបង្ហាញថា លោក ហ៊ុន សែន បានបញ្ជាឲ្យអ្នកនាំពាក្យរបស់លោក និងថ្នាក់ដឹកនាំរដ្ឋាភិបាលពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រៀមកម្ទេចក្រុមប្រឆាំងដែលនៅសេសសល់ មុនពេលសហភាពអឺរ៉ុបឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធក្នុងរយៈពេល ១៨ខែទៀត។

ក្នុងសារសំឡេងនេះ លោក ហ៊ុន សែន បានប្រាប់ដល់អ្នកនាំពាក្យទាំងអស់អំពីវិធីសាស្ដ្រ បន្សាបឥទ្ធិពល និងឈានទៅបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី។

លោក ហ៊ុន សែន ក៏ប្រាប់ទៅអ្នកនាំពាក្យរបស់លោក កុំឲ្យឆ្លើយឆ្លង ឬប្រតិកម្មតបទៅលោក សម រង្ស៊ី បន្ដទៀត និងថា ចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី គឺត្រូវអនុវត្តតាមសាលដីកាចាប់ខ្លួនរបស់តុលាការ ហើយបើមានកម្លាំងណាតដៃ គឺត្រូវកម្ចេចចោលតែម្តង។

ប៉ុន្ដែ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី បានហៅសារសំឡេងរបស់លោក ហ៊ុន សែន នេះថា នឹងបង្កជាគ្រោះថ្នាក់នៃអំពើសម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការដួលរំលំនៃរបបខ្មែរក្រហម។

លោក សម រង្ស៊ី អំពាវនាវទៅសហគមន៍អន្ដរជាតិ ជាពិសេសអង្គការសហប្រជាជាតិចាត់វិធានការ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃជនផ្ដាច់ការ។

ស្ថានការណ៍នយោបាយ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជំរុញឲ្យក្រុមប្រទេសលោកសេរីបានបង្ហាញការព្រួយបារម្ភ ជាពិសេស សហភាពអឺរ៉ុបបាននាំមុខគេក្នុងការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយចាប់ផ្ដើមនីតិវិធីដែលអាចឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ស្របពេលមានសំពាធពីសហគមន៍អន្ដរជាតិបែបនេះ លោក សម រង្ស៊ី ដែលហៅខ្លួនឯងថា​ ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានប្រកាសដឹកនាំក្រុមមេដឹកនាំបក្សប្រឆាំងឯទៀតដែលនៅក្រៅប្រទេស ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

ប៉ុន្ដែ គម្រោងធ្វើមាតុភូមិនិវត្តន៍ត្រូវបានទទួលស្វាគមន៍ដោយការព្រមានកម្ទេច និងចាប់ចងដាក់ពន្ធនាគារ ខណៈ​ក្រុមអ្នកតាមដានសង្គមព្រមានពីវបត្តិសង្គមធ្ងន់ធ្ងរ បើសេណារីយ៉ូបែបនេះកើតឡើងមែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ