លោក ហ៊ុន សែន ជំរុញទៅមន្រ្តីក្រោមឱវាទឲ្យ​ការពារសិទ្ធិ​ និង​ផល​ប្រយោជន៍​ពលករចំណាក​ស្រុក

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បានជំរុញទៅស្ថាប័នពាក់ព័ន្ធ ឲ្យ​សហការគ្នាឲ្យបានល្អ ដោយ​ថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករចំណាក​ស្រុក។

សរសេរផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីល្ងាចម្សិល​មិញ​នេះ លោក ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ត្រូវគ្រប់គ្រង​ឲ្យបាន​ហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករទៅធ្វើការងារក្រៅប្រទេស និងត្រូវសហការឲ្យបានល្អជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស រួមទាំងមន្ត្រី​តំណាង​កម្ពុជា​នៅក្រៅប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ និងដាក់វិធានការនានាក្នុងគោលដៅបង្កើនសុវត្ថិភាពសម្រាប់ពលរដ្ឋដែលធ្វើចំណាកស្រុក។

លោក ហ៊ុន សែន សរសេរ​រៀប​រាប់​បន្ថែមថា៖ «ត្រូវសហការឲ្យបានល្អជាមួយក្រសួងពាក់ព័ន្ធក្នុងគណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកតំណាងពីក្រៅប្រទេស ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​ដែនដី ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ពលការិនី ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ក្នុងគោលដៅបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស»

វីអូឌី មិនសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេជុំវិញប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ ដោយផ្ញើរសារ​ផ្ញើ​ទៅ គ្មានការឆ្លើយតប។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ទទួល​ស្គាល់​ថា កន្លងមក ក្រសួងការងារបាន​ធ្វើការងារ​ជាច្រើន ដើម្បីសម្រួលដល់ពលករចំណាកស្រុក ប៉ុន្តែ លោកនៅតែមើលថា បញ្ហារបស់ពលករចំណាក់ស្រុកទាំងនោះ នៅតែបន្តកើតមាន។

លោក មឿន តុលា លើក​ឡើងថា ពលរដ្ឋខ្មែរបង្ខំចិត្តធ្វើ​ចំណាកស្រុកទៅធ្វើការងារទាំងខុសច្បាប់នោះ ដោយសារតែនីតិវិធីដើម្បីទទួល​បានភាពស្របច្បាប់​នោះ មានភាពស្មុគស្មាញ ការចំណាយលុយច្រើន និងការរង់ចាំយូរ ខណៈបញ្ហាផ្សេងៗទៀតកើតឡើងដោយខ្សោយការអនុវត្តច្បាប់ និងខ្វះយន្តការទប់ស្កាត់។

លោក មឿន តុលា មាន​ប្រសាសន៍​ថា៖ «នីតិវិធីហ្នឹង យើងគួរតែធ្វើវាឲ្យសាមញ្ញ។ ទី២ រឿងតម្លៃ តម្លៃគួរតែប្រកាសជាសាធារណៈ ដូចជា តម្លៃ Passport [លិខិតឆ្លងដែន] តម្លៃជួសឈាម តម្លៃពិនិត្យសុខភាពរបស់ពលករ។ល។ និងដាក់ឲ្យវាមានតម្លាភាព និងកុំឲ្យមានអំពើពុក​រលួយក្នុងហ្នឹង។ តែកាលណាយកថែមពីលើតម្លៃដែលរដ្ឋចេញឲ្យទៀត អាហ្នឹងខាងក្រុមហ៊ុននឹងយកហួសជាងហ្នឹងទៀតហើយ។ ទី៣ កុំតម្រូវឲ្យក្រុមហ៊ុនចុះឈ្មោះពលករដោយឲ្យរង់ចាំយូរពេក ចាំមាន Order [ការបញ្ជា]​ ចាំចុះ។ បើសិនអត់មានទេ កុំ​ចុះ យើងដឹងហើយពលរដ្ឋខ្មែរតែពេលទៅចុះឈ្មោះ គាត់ត្រូវបង់លុយ បើបង់លុយ គាត់ត្រូវខ្ចីលុយគេ។ អញ្ចឹង កាលណារង់​ចាំកាន់តែយូរ គាត់ជំពាក់ការប្រាក់កាន់តែច្រើន»

របាយការណ៍​នៃ​​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​កាលពី​​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ បង្ហាញថា រដ្ឋាភិបាល​កម្ពុ​ជា​បាន​ផ្តល់​សេវា​ស្វែងរក​ការងារ​​ធ្វើ​នៅ​ក្រៅប្រទេស​ដល់​ពលរដ្ឋ​​ចំនួន​ជាង ១​លាន ២​សែន​នាក់ ខណៈនៅ​ឆ្នាំ២០១៩​នេះ កម្ពុជា​គ្រោង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ៥ពាន់​នាក់ទៀត​ ឲ្យ​​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​​គុយវ៉ែត។

របាយការណ៍របស់ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈពេល ៦ខែ​ក្នុង​ឆ្នាំ២០១៨ ពលករ​ខ្មែរ​ចំនួន ១៩ ៨៦៩​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ត្រឡប់​​មកពី​ប្រទេស​ចំនួន ១៨ បន្ទាប់​ពី​ពួកគេ​ចាញ់​បោក​មេ​ខ្យល់ និង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ ខណៈពលករខ្មែរ ១៨៥នាក់បានស្លាប់ ដោយបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនផងដែរ។

​របាយការណ៍​ដដែល​នេះ បញ្ជាក់ថា ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ឯ​បរទេស បាន​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​និយោជក ការ​ជួញ​ដូរ​ផ្លូវ​ភេទ ការរៀបការ​ក្លែង​ក្លាយ និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ