មេបញ្ជាការយោធាខេត្តព្រះសីហនុ អះអាងថា មន្រ្តីយោធារបស់ខ្លួនម្នាក់ដែលបានចូលរួមបង្រ្កាបដោយហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីស្ថិតក្នុងស្រុកព្រៃនប់កាលពីខែមករានោះ បានរកមុខឃើញហើយ និងត្រូវបានដាក់ឲ្យស្ថិតក្រោមការពិន័យរដ្ឋបាលយោធា ប៉ុន្តែ ពុំមានការដាក់ទោសអ្វីផ្សេងទៀតឡើយ។
វីដេអូឃ្លីបមួយផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្ហាញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ បានធាក់ច្រំទៅលើបុរសម្នាក់ទៀតក្នុងសម្លៀកបំពាក់ស៊ីវិលទាំងដៃជាប់ខ្នោះ និងកំពុងដេកដួលលើដី ហើយបុរសម្នាក់ទៀតស្លៀកពាក់ឯកសណ្ឋានជាយោធា បានយកស្វ័យកាំភ្លើង AK វាយបន្ថែមទៀតទៅលើពលរដ្ឋរូបនោះ។
មេបញ្ជាការរងយោធភូមិភាគ៣ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ លោក សាវិន វិបុល ប្រាប់ វីអូឌី នៅថ្ងៃនេះថា មន្រ្តីយោធាដែលបានប្រើអំពើហិង្សាវាយទៅលើពលរដ្ឋនោះ ត្រូវបានអង្គភាពលោកដាក់ពិន័យ និងព្យួរការងារបណ្ដោះអាសន្នបច្ចុប្បន្ននេះ។
មេបញ្ជាការយោធារូបនេះ បានទទួលស្គាល់ថា លោកបានបញ្ជូនកម្លាំងយោធាទៅចូលរួមនៅក្នុងការអនុវត្តសាលដីកាកាលពីថ្ងៃទី២៤ ខែមករាកន្លងមក ទៅតាមការស្នើសុំពីគណៈមេបញ្ជាការភាពខេត្តព្រះសីហនុ និងតុលាការកំពូល។
លោក សាវិន វិបុល មានប្រសាសន៍ថា៖ «ខ្ញុំបានផ្អាកការងារគាត់ទាំងអស់ ហើយក៏ខ្ញុំបានរាយការណ៍ជូនដល់មេបញ្ជាការភូមិភាគ ក៏ដូចមេបញ្ជាការកងទ័ពជើងគោកខេត្តដែរ។ ខ្ញុំបានអប់រំអស់ហើយ។ ក្រោមការដឹកនាំរបស់គណៈមេបញ្ជាការឯកភាពខេត្ត យើងមិនអាចប្រឆាំងគេបានទេ ព្រោះអីបើខ្ញុំប្រឆាំង គេថា ខ្ញុំប្រឆាំងអត់ធ្វើតាមបទបញ្ជា។ តែនេះស្ថិតក្រោមការដឹកនាំរបស់មេបញ្ជាការឯកភាពខេត្ត យោងតាមហ្នឹងទាំងអស់។ ហើយខ្ញុំមានលិខិតរបស់តុលាការកំពូលទៀត មកស្នើកម្លាំងខ្ញុំ និងលិខិតបង្គាប់មកពីខេត្តទៀត បើយើងអត់ឲ្យ គេថា យើងប្រឆាំងនឹងបទបញ្ជា ប្រឆាំងនឹងតុលាការ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានចាត់ទុកសកម្មភាពមន្រ្តីយោធាយកស្វ័យកាំភ្លើងវាយទៅលើពលរដ្ឋទាំងដៃចងស្លាប់សេកនោះថា ជាបទល្មើលព្រហ្មទណ្ឌ ដែលតុលាការត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។
លោក ករុណា មានប្រសាសន៍ថា៖ «បើយើងមើលការអនុវត្តច្បាប់វិញ គឺមិនទាន់អាចទទួលយកបានទេ ព្រោះជនដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌបែបហ្នឹង គឺមានទោស ហើយបើពាក់ព័ន្ធខ្លួនតួនាទីទៅទៀតហ្នឹង គឺត្រូវមានទោសធ្ងន់ធ្ងរ ដែលគេហៅថា បទល្មើសទបអាជ្ញា។ អញ្ចឹង ខាងព្រះរាជអាជ្ញាហ្នឹង ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធ្វើយ៉ាងណាកុំឲ្យអំពើរបៀបហ្នឹងកើតឡើងមកទៀត។ បើមិនអញ្ចឹងទេ ការគ្រាន់តែដាក់ទោសវិន័យក្នុងក្រមខណ្ឌនៃស្ថាប័នរបស់ខ្លួនហ្នឹង មិនធ្វើឲ្យអ្នកផ្សេងទៀតមើលឃើញទៅរាងចាលទេ»។
ក្នុងពិធីសន្និបាតបូកសរុបការងារមួយកាលពីថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ករណីអាជ្ញាធរក្រចេះ និងអាជ្ញាធរខេត្តព្រះសីហនុ យកកម្លាំងយោធាបង្ក្រាបពលរដ្ឋមានជម្លោះដីធ្លីនោះ ជារឿងមិនត្រឹមត្រូវ ហើយលោកបានហាមទៅអាជ្ញាធរខេត្តផ្សេងៗទៀត កុំប្រើប្រាស់កម្លាំងយោធាទៅចុះអនុវត្តសាលដីការបស់តុលាការ ដោយលោកថា សកម្មភាពនោះជារឿងខុសច្បាប់។
កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុប្រមាណ ៣០០នាក់ ដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បានចុះអនុវត្តសាលដីការបស់តុលាការកំពូល ដើម្បីវាស់វែងដីឲ្យអ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ ពលរដ្ឋម្នាក់ដែលជាកម្មករសំណង់ បានត្រូវគ្រាប់កាំភ្លើងដែលបាញ់ចំពីក្រោយត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នង ហើយពលរដ្ឋ ៦នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ហើយដោះលែងវិញនៅយប់ថ្ងៃដដែល៕