លោក ហ៊ុន សែន បញ្ជាទៅក្រសួងការងារដោះស្រាយបញ្ហារោងចក្របញ្ឈប់កម្មករ

នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាទៅក្រសួងការងារឲ្យសហការជាមួយភាគីរោងចក្រធ្វើការដោះស្រាយ ករណីបញ្ឈប់កម្មករក្នុងវិវាទការងារកន្លងមក។

ក្នុងពិធីជួបសំណះសំណាលជាមួយកម្មកររោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា ការបញ្ឈប់កម្មករ ដោយសារ ជម្លោះការងារនោះ លោកថា មិនជាជម្រើសរើសល្អទេ។ លោកជំរុញទៅក្រសួងការងារ សហការជាមួយភាគីរោងចក្រធ្វើការដោះស្រាយ ដោយទទួលយកកម្មករដែលរោងចក្របញ្ឈប់នោះចូលធ្វើការងារវិញ។

លោកថ្លែងថា៖ «សូមឲ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការកិច្ចការងារនេះ ជាមួយនឹងកម្មករ អាចជាមួយនឹងម្ចាស់រោងចក្រ សូមកុំអាលយកវិធានការប្រញាប់ប្រញាល់បញ្ឈប់កម្មករ ត្រូវខិតខំសម្របសម្រួលឲ្យពួកគេបានទទួលការងារធ្វើ។ នេះ វាមិនមែនជា កំហុសធ្ងន់ធ្ងរដែលជាប្រភេទនៃកំហុសព្រហ្មទណ្ឌនោះទេ។ បើសិនជាកំហុសព្រហ្មទណ្ឌតុលាការ គេនឹងចាត់វិធានការទៅលើបញ្ហានោះ ប៉ុន្តែ ក្នុងវិវាទការងារ មិនគួរឈានទៅដល់បណ្ដេញចេញនូវអ្នកធ្វើការ ប៉ុន្តែ វិធានការសន្ទនា និងអប់រំ គឺជាវិធានការចំបាច់»។

ការស្នើរបស់លោក ហ៊ុន សែន  ធ្វើឡើងស្របពេលដែលកម្មករជាង១០០នាក់​ដែល​បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ត្រូវបានថៅកែបញ្ឈប់ពីការងារ បន្ទាប់ពីពួកគេបាននាំកម្មករតវ៉ា ដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ករណីថៅកែរោងចក្រឈប់កម្មករពីការងារកន្លងមកគឺកើតឡើងច្រើន ដោយមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ លោកចាត់ទុកការបញ្ឈប់កម្មករពីការងារ គឺរឿងខុសច្បាប់ ដោយសារកម្មកដែលក្រុមហ៊ុនបញ្ឈប់នោះ  ភាគច្រើនជាស្រ្តីមានផ្ទៃពោះ និងតំណាងសហជីព ឬអ្នកដឹកនាំកម្មករតវ៉ាជាដើម។

ទោះជាយ៉ាង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកមិញនេះ កម្មកររោងចក្រ W&D  ម្នាក់ក្នុងចំណោមអ្នកដែលរោងចក្របញ្ឈប់ពីការងារនោះលោក ផាត់ សាមុត ប្រាប់វីអូឌីថា  អាជ្ញាធរខណ្ឌមានជ័យ បានហៅពួកគាត់ ទៅធ្វើការដោះស្រាយនៅរសៀលនេះ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ