ប្រជាកសិករនៅពោធិ៍សាត់ ថាដំឡូងមីឆ្នាំនេះមានទីផ្សារល្អជាងស្រូវ

កសិករនៅខេត្តពោធិ៍សាត់ កំពុងរៀបចំប្រមូលដំឡូងមីយកទៅទុក និងលក់ឲ្យឈ្មួញ។ រូបភាព៖ រុង រឿង

កសិករនៅខេត្តពោធិ៍សាត់អះអាងថា តម្លៃដំឡូងមីក្នុងឆ្នាំនេះប្រសើរជាងឆ្នាំមុន ខណៈដែលកសិករមួយចំនួនបង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោក ដើម្បីទូទាត់ការចំណាយក្នុងការបង្កបង្កើនផល។

កសិករនៅខេត្តពោធិ៍សាត់កំពុងមមាញឹកប្រមូលផលដំឡូងមីឲ្យទាន់ពេល ដែលដំណាំនេះឡើងថ្លៃស្របពេលដែលអាកាសធាតុក្តៅធ្វើឲ្យពួកគេងាយស្រួលហាលឆាប់ស្ងួតផងដែរ។

កសិករនៅខេត្តពោធិ៍សាត់ កំពុងរៀបចំប្រមូលដំឡូងមីយកទៅទុក និងលក់ឲ្យឈ្មួញ។ រូបភាព៖ រុង រឿង

កសិករម្នាក់កំពុងគាស់ដំឡូងមីដោយប្រើចបកាប់គឺ លោក ដាំ ឌី រស់នៅនៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានប្រាប់ វី.អូ.ឌី ឲ្យដឹងថា ការដាំដំឡូងមីឆ្នាំនេះ វាប្រសើរជាងឆ្នាំមុន ដោយសារអាកាសធាតុល្អ ភ្លៀងមិនសូវធ្លាក់ជោគជាំពេក ធ្វើឲ្យមើមដំឡូងមិនរលួយហើយមើមធំៗជាងឆ្នាំមុន។ អាកាសធាតុល្អបែបនេះធ្វើឲ្យដំឡូងមីមានគុណភាពល្អ​ និងបានថ្លៃ។

លោក ដាំ ឌី បានមានប្រសាសន៍ថា៖ «ឆ្នាំនេះ ពេលហាលដំឡូងមិនសូវនឿយដូចឆ្នាំមុន ដោយសារមេឃគ្មានភ្លៀងកក់ខែ មិនពិបាកហាលហើយសា សាហើយហាលវីញ ព្រោះអីដំឡូងពេលត្រូវទឹកភ្លៀង វាឡើងសម្បុរខ្មៅ នាំឲ្យតម្លៃថោក»។

លោក ដាំ ឌី ដាំដំឡូងមីលើផ្ទៃដីជាង១ហិកតា។ មកដល់ពេលនេះ លោកបានមូលផលដំឡូងលើផ្ទៃដី២៥អា ហើយគាត់ទទួលបានប្រាក់ជាង២លានរៀល។ លោកថា ការដាំដំឡូងមីទទួលបានប្រាក់ចំណេញជាងធ្វើស្រែ ព្រោះឆ្នាំនេះស្រូវលក់បានតម្លៃថោក។ លោកលក់ដំឡូងមីស្ងួតក្នុងតម្លៃ ៦៦០រៀលក្នុង១គីឡូក្រាម បើប្រៀបធៀបទៅនឹងឆ្នាំមុនគាត់លក់បានតែ ៥៥០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។

លោក ដាំ ឌី បានបន្តថា៖ «ការដាំដំឡូង វាគ្រាន់បើជាងដាំស្រូវ មិនសូវហត់ហើយចំណាយដើមទុនតិច ពេលលក់វាវិញបានលុយច្រើនជាងលក់ស្រូវបើធ្វើនៅលើដីប៉ឹនគ្នា»។

កសិករម្នាក់ទៀតនៅ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ គឺអ្នកស្រី ឆឹង អៀង បានមានប្រសាសន៍ថា អ្នកស្រីបានផ្លាស់ប្តូរពីការធ្វើស្រែមកដាំដំឡូងមីនៅលើផ្ទៃដីចំនួន២ហិកតាកន្លះ ព្រោះដីនេះមិនអំណោយផលក្នុងការធ្វើស្រែ។ អ្នកស្រីថា រៀងរាល់ឆ្នាំធ្វើស្រែខាតថ្លៃដើម។ អ្នកស្រី ប្រមូលផលដំឡូងមីបានជាង៤.៥០០គីឡូក្រាមលើផ្ទៃដីកន្លះហិតា ហើយដំឡូងស្ងួតលក់បានតម្លៃ ៦៦០រៀលក្នុង១គីឡូក្រាម។

កសិករនៅខេត្តពោធិ៍សាត់ កំពុងរៀបចំប្រមូលដំឡូងមីយកទៅទុក និងលក់ឲ្យឈ្មួញ។ រូបភាព៖ រុង រឿង

អ្នកស្រី ឆឹង អៀង បានមានប្រសាសន៍ថា៖ «ពីមុនៗមក ដីហ្នឹង ខ្ញុំធ្វើស្រែទេ តែមិនដែលបានផលរួចខ្លួនទេដោយដីរាងខ្ពស់ ទើបឆ្នាំនេះខ្ញុំដូរមកដាំដំឡូងវិញ លក់បានសល់លុយធ្វើដើមទៅដកចំការធំទៀត»។

អ្នកស្រី ឆឹង អៀង សប្បាយចិត្ត ដោយសារឆ្នាំនេះដំឡូងឡើងថ្លៃតាំងពីដើមរដូវប្រមូលផល ហើយអ្នកស្រីសង្ឃឹមថា វាអាចឡើងថ្លៃជាងនេះទៀត។​ គាត់ថា ការដាំដំឡូងត្រូវចំណាយដើមទុនតិចជាងធ្វើស្រែ ប៉ុន្តែពេលទទួលផលវិញបានច្រើនជាងធ្វើស្រែ។

អ្នកស្រីបន្តថា៖ «ឆ្នាំនេះដំឡូងត្រូវប៉ាន់ អ្នកយកលុយគេមកធ្វើដំឡូង អាចមានលុយសងគេវិញរួច ហើយសល់លុយបានចាយខ្លះ មិនដូចឆ្នាំមុនៗ អ្នកខ្លះបះជើង ដីជាប់ធនាគារម្ចាស់ចេញទៅថៃ»។

ឈ្មួញទិញដំឡូងមី លោក សាវ៉េត បានឲ្យដឹងថា លោកទិញតែដំឡូងស្ងួតតែប៉ុណ្ណោះ។ ឆ្នាំនេះលោកទិញដំឡូងមីថ្លៃជាងឆ្នាំមុន ព្រោះវាមានសម្បុរស និងគុណភាពល្អ។ លោកមិនពិបាករើសនោះទេ ដោយគ្រាន់តែមើលស្ងួតឬមិនស្ងួត។

លោក សាវ៉េត បានមានប្រសាសន៍ថា៖ «ប្រៀបទៅខែនឹងឆ្នាំទៅមិញ ឆ្នាំនេះ ខ្ញុំទិញមានតម្លៃខ្ពស់ជាង ដោយសារឆ្នាំនេះដំឡូងស្ងួតល្អហើយសម្បុរក៍ល្អដែរ ឆ្នាំទៅមិញខ្ញុំទិញតែ៥៥០រៀលក្នុង១គីឡូក្រាម ទាល់តែជិតអស់ដំឡូងទៅ ឡើងថ្លៃរហូតដល់៧៣០រៀលក្នុង១គីឡូក្រាម»។

លោក សាវ៉េត បន្ថែមថា លោកទិញដំឡូងមីសម្រាប់លក់ឲ្យឈ្មួញវៀតណាម ហើយលោកថា វាអាចឡើងថ្លៃទៀតសម្រាប់ដំឡូងស្ងួត និងមានគុណភាពល្អ។

កសិករនៅខេត្តពោធិ៍សាត់ កំពុងរៀបចំប្រមូលដំឡូងមីយកទៅទុក និងលក់ឲ្យឈ្មួញ។ រូបភាព៖ រុង រឿង

នៅដើមខែកុម្ភ: ឆ្នាំ២០១៩នេះ កសិករមួយចំនួននៅខេត្តពោធិ៍សាត់បានបង្ខំចិត្តលក់ស្រូវអ៊ីអ៊ែក្នុងតម្លៃថោកគឺ ១គីឡូក្រាមតម្លៃ៥៨០រៀលប៉ុណ្ណោះ ខណៈដែលឆ្នាំមុនស្រូវមានតម្លៃ៧៨០រៀលក្នុង១គីឡូក្រាម។ ពួកគាត់អះអាងលក់ស្រូវខាតថ្លៃដើម ​ ប៉ុន្តែ ពួកគាត់ត្រូវការថវិកាសម្រាប់ទូទាត់ថ្លៃចំណាយក្នុងការបង្កបង្កើនផល។

យោងតាមរបាយការណ៍មន្ទីរកសិកម្មខេត្តពោធិ៍សាត់ គិតត្រឹមខែតុលា ឆ្នាំ២០១៨ កសិករបានដាំដំឡូងមីលើផ្ទៃដីជាង១២ ០០០ហិកតា ក្នុងនោះស្រុកដែលដាំច្រើនជាងគេ គឺស្រុកភ្នំក្រវ៉ាញ មានផ្ទៃដីជាង៥០០០​ហិកតា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ