ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ថា តុលាការទាំង​បី​ថ្នាក់​ សម្រេច​ក្ដី​សំណុំ​រឿង​វិវាទ​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ទាំង​ខុស​ច្បាប់

សមត្ថកិច្ចចុះអន្តរាគមន៍ នៅពេលមានព្រឹត្តិការណ៍ នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពលរដ្ឋតវ៉ា ដោយដុតកង់ឡាន​រារាំងកំលាំងសមត្ថកិច្ច រឿងចង់ទៅវាស់ដីរដ្ឋគម្របព្រៃឈើឆ្នាំ២០០២ ទៅឲ្យឧកញ៉ា កាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ VD7NEWS

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ អះអាងថា តុលាការ​បាន​សម្រេច​កាត់​ក្ដី​ទាំង​ខុស​ច្បាប់​ក្នុង​សំណុំ​រឿង​វិវាទ​ដី​ធ្លី​​រវាង​ក្រុម​ប្រជា​ពលរដ្ឋ​ និង​ភរិយា​ឧកញ៉ា​ម្នាក់ នៅ​ឯ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ដែល​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ដោយ​ហិង្សា។

ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក សុខសុវណ្ណ វឌ្ឍ​នាសា​ប៊ុន អះអាងថា តាមរយៈការចុះស្រាវជ្រាវ ដី​ធ្លី​ដែល​កំពុង​មាន​ជម្លោះ​រវាង​ពលរដ្ឋ​នៅ​ភូមិ​គគីរ នៅ​ឃុំ​បិតត្រាំង និង​អ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ នោះ ត្រូវ​បាន​ស្នើ​កាត់​ចេញ​ពី​ដី​ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប៉ុន្តែ លោក​ថា ដី​នោះ​ពុំ​ទាន់​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ដី​ឯកជន​នៅ​ឡើយ​ទេ។

មេ​បក្ស​នយោបាយ​រូប​នេះ បាន​ចោទ​តុលាការទាំង​បី​​ថ្នាក់​ ដែល​បាន​សម្រេច​ឲ្យ​ភរិយា​លោក ស៊ីវ គង់ទ្រីវ ឈ្នះ​ក្ដី​នោះ​ថា មានភាពមិនប្រក្រតី និងមិនបានផ្អែកលើបទដ្ឋានច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធនោះឡើយ។​

លោក សុខសុវណ្ណ វឌ្ឍ​នាសា​ប៊ុន បន្ដថា៖ «ហើយហេតុអីបានយើងនិយាយថា ខុសច្បាប់ ព្រោះមានលិខិតមួយរបស់ក្រសួងកសិកម្មបានបញ្ជូនទៅតុលាការ ឲ្យតុលាការកុំកាត់ក្ដីហ្នឹងទៀត អាហ្នឹងដីរបស់រដ្ឋទេ មិនមែនសមត្ថកិច្ចរដ្ឋទេ អ្នកដែលប្ដឹងហ្នឹង។ […] តុលាការទេ ដែលផ្ទុយតាំងពីដើមមក ព្រោះដីហ្នឹងជាដីរបស់រដ្ឋ រដ្ឋមិនទាន់បានឆ្វៀលទេ មានតែពាក្យសុំឆ្វៀលចេញរបស់ពលរដ្ឋ ដែលដាក់ពាក្យសុំឆ្វៀលទៅក្រសួងកសិកម្ម»។

ប្រធានគណបក្សខ្មែរក្រោករូបនេះ ប្រាប់ VOD ទៀតថា លោកក៏បានដាក់របាយការណ៍មួយទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ដើម្បីឲ្យជួយអន្ដរាគមន៍ និងដាក់ទោសអ្នកជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ។

ពលរដ្ឋ​ ៣​នាក់ បាន​រង​របួស​ ក្នុង​នោះ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ បន្ទាប់​ពី​រង​គ្រាប់​កាំភ្លើង​ដែល​បាញ់​ចំ​ឆ្អឹង​ខ្នង ហើយ​ពលរដ្ឋ ៤​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​នៅ​លើ​អ្នក​ភូមិ​ប្រហែល ៣០០​នាក់ ដែល​ជំទាស់​នឹង​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះ​ទៅ​អនុវត្ត​សាល​ដីការ​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា​កន្លង​មក។

បន្ទាប់ពីការ​បង្ក្រាប​ដ៏​ហិង្សា​នេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន បាន​សម្រេច​លុប​ចោល​លិខិត​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​ឆ្វៀល​ដី​ទាំង ១៩​កន្លែង ​ចេញពី​ដែន​គម្រប់​ព្រៃឈើ​ឆ្នាំ​២០០២។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ប្រាប់ VODថា លោកមិនអាចឆ្លើយបានទេពាក់ព័ន្ធនឹងមូលហេតុនៃការលុបចោលលិខិតរបស់ក្រសួងកសិកម្ម និងបកស្រាយពីភាពចម្រូងចម្រាស់ជុំវិញការសម្រេចរបស់តុលាការខេត្ដព្រះសីហនុ និងក្រសួងនោះទេ។

លោកបន្ដថា៖ «អាហ្នឹងរឿងបច្ចេកទេសរបស់រដ្ឋបាលព្រៃឈើចាំសួរទៅខាងនោះទៅចុះ។ បច្ចេករបស់ខាងនោះ ខ្ញុំក្ដាប់អត់បាន​ទេ ចាំសួរទៅខាង​នោះទៅ […] ដូចខ្ញុំជម្រាប ចាំសួរទៅខាងព្រៃឈើ»។

ព្រះរាជអាជ្ញារងតុលាការខេត្ដព្រះសីហុន លោក លឹម ប៊ុនហេង ប្រាប់ថា លោកមិនអាចឆ្លើយបាននោះទេ ដោយថា សំណុំរឿងនេះស្ថិតនៅ​ខាង​ផ្នែកលេខាធិការដ្ឋានរដ្ឋបាល​របស់​តុលាការ​ខេត្ត​នេះ។

លោកបន្ដថា៖ «ខ្ញុំអត់មានព័ត៌មានហ្នឹងទេ ព្រោះអាហ្នឹងនៅផ្នែកខាងចៅក្រម ពាក់ព័ន្ធនឹងការកាត់សេចក្ដី ព្រោះខ្ញុំនាំពាក្យខាងផ្នែកអយ្យការ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ»

វីអូឌីបានទាក់ទងប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃតុលាការខេត្ដព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត ប៉ុន្ដែ លោកថា​ មិនទាន់អាចឆ្លើយបានទេនៅពេលនេះ។

លោកបន្ដថា៖ «អត់លឺច្បាស់ផង ខ្ញុំមកទល់ដែននេះហើយ ខ្ញុំស្ដាប់អត់ច្បាស់ ខ្ញុំមកទល់ដែនវៀតណាមហើយ»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ត្រួត​ពិនិត្យ​លើ​ករណី​នេះ ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

លោក ជិន ម៉ាលីន ប្រាប់​ថា​៖ «មិនមានផែកការចុះស្រាវជ្រាវអីទេ លុះណាតែមានពាក្យបណ្ដឹងពីភាពមិនប្រក្រតីរបស់តុលាការ។ បើគេឃើញការសម្រេចក្ដីហ្នឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់ចៅក្រម ព្រះរាជអាជ្ញា ឬមន្ដ្រីតុលាការយើងមួយចំនួន។ ប៉ុន្ដែ យន្ដការដោះស្រាយវិវាទដីធ្លីហ្នឹង គឺគេមានសមត្ថកិច្ចរបស់គេជាអ្នកខុសត្រូវ»

ជម្លោះដីធ្លីនៅឃុំបិតត្រាំង​នេះ ក៏ធ្វើឲ្យមាន​អន្ដរាគមន៍ និងប្រតិកម្មពីថ្នាក់ដឹកនាំរដ្ឋាភិបាលផងដែរ ជុំវិញការប្រើប្រាស់កម្លាំងយោធា​​បង្ក្រាប​​យ៉ាង​ហិង្សា​ទៅ​លើ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ