អតីតតំណាងរាស្ត្រ CNRP បង្ហាញហេតុផលផ្សេងៗគ្នាជុំវិញការមិនសុំសិទ្ធិធ្វើនយោបាយ

ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួន ដែលជាប់បម្រាម អះអាងខុសៗគ្នាពីមូ​លហេតុដែលពួ​កគេមិ​ន​ទា​ន់​​​​ដាក់​ពាក្យ​សុំសិ​ទ្ធិធ្វើ​ន​យោបា​យឡើ​ងវិ​ញ។

ក្រសួងមហាផ្ទៃ​កាលពីម្សិ​លមិ​ញនេះ ​ បានចេញ​សេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ​នីតិសម្ប​ទាធ្វើ​​នយោបាយឡើងវិញរបស់អតីតមន្ត្រីបក្សប្រឆាំង តាម​មាត្រា៤៥ថ្មី​(ស្ទួន)នៃ​ច្បា​​ប់​គណបក្សនយោបាយ ដែល​ទើ​ប​ចូលជាធរមាន។

ប៉ុន្តែ ជិត២ខែមកនេះ មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិតែពីរនាក់ប៉ុណ្ណោះ គឺលោក គង់ គាំ និងកូ​នប្រុ​សម្នាក់ បានដាក់ពាក្សសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោ​មម​ន្ត្រី​​១១៨​នា​ក់​ ដែ​​ល​ជាប់បម្រាមតុលាការ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យន្ត ថារ៉ូ អះអាងថា ការដែលលោកមិន​ទាន់សម្រេចចិត្តដាក់​ពា​​ក្យសុំសិទ្ធិ្ធធ្វើ​នយោបាយឡើងវិញ ដោយសារ ប្រធានរបស់​លោក គឺលោក កឹម សុខា មិនទាន់មាន​សេរីភា​ព​នៅ​ឡើយ។

លោកថា៖ «ខ្ញុំចាំ ឯកឧត្តម​ កឹម សុខា​ មានសេរីភាពគ្រប់គ្រាន់សិន​ ទើបខ្ញុំគិតរឿងខ្ញុំក្រោយ»។

អតីតតំណាងរាស្ត្រមួយរូបទៀត គឺ លោក គឹមសួរ​ ភិរិទ្ធ មានប្រសាសន៍ថា ការមិនដាក់ពាក្យ​សុំសិទ្ធិ​ធ្វើន​យោ​បា​យឡើង​វិញ ដោយលោកគិតថា ស្ថាប័នពាក់ព័ន្ធធ្វើឡើងទាំងបំពាន ហើយថា បើលោកទៅសុំសិទ្ធិ​ធ្វើនយោបាយ​ឡើ​ង​វិញ ហាក់ដូចទទួលស្គាល់ថាការបំពាននោះ ជារឿងត្រឹមត្រូវ។

លោកថា៖ «បងអត់ដឹងខុសអី បើបងដឹងខុស បងសុំទោសគេ។ ប៉ុន្តែ បើបងអត់ដឹងខុសឲ្យបងទៅសុំទោសគេម៉េច! បើបងទៅ​សុំ​មែន អូនឯងថា បងនឹងខុសបាត់ហើយ។បានន័យថា​ យើងខុសហើយ​ បានយើង​ទៅសុំសិ​ទ្ធិគេ​មកវិញ​ហ្នឹង»។

អតីតមន្ត្រីមួយរូបទៀត លោក​ អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា សម្ពាធធំពីរ ដែលរារាំង ដល់ការសុំសិ​ទ្ធិធ្វើនយោ​បាយ​ឡើ​​ង​វិ​ញរបស់លោក។ លោក ថាសម្ពាធទី១ គឺលោក សម រង្ស៊ី ហៅអ្នកទៅសុំសិទ្ធិធ្វើនយោបាយជាម​​នុ​ស្ស​ក្បត់បក្ស ។

អតីតមន្ត្រីបក្សប្រឆាំងរូបនេះ អះអាងទៀតថា សម្ពាធទី២ បើលោកទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាល​ក្ខណៈ​ដា​ច់​ដោយឡែ​ក តាមច្បាប់ដែលគណបក្សកាន់អំណាចតាក់តែងឡើងពេលនេះ លោកថា អាចលែង​មាន​អ្នក​គាំទ្រ ហើ​យការហក់ចូលធ្វើនយោបាយឡើងវិញ ក្នុងរូបភាពបែបនេះនឹងមិនអាចរកប្រជាប្រិយភាពបានទេ ។

លោកថា៖ «ខ្ញុំបានអំពាវច្រើនលើកច្រើនសារហើយ ថាឲ្យក្រសួងមហាផ្ទៃ លោករៀបជាបញ្ជី [ជាកញ្ចប់] ទៅ ដើម្បីដាក់​ថ្វា​​យព្រះមហាក្សត្រ ព្រោះកាលណាដាក់ជាបញ្ជី វាគ្មានលក្ខខណ្ឌអីទេ។ អ្នកណាដែលលោកយល់ថា អាចគួរ​ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញបានហ្នឹង លោកអាចរៀបជាបញ្ជីថ្វាយព្រះមហាក្រត្រ យើង​អាចទទួល​យកហើយ​​ យើ​ង​មិ​នអាចបដិសេធទេ»។

លោក សម រង្ស៊ី បានផ្ញើសារនៅលើហ្វេសប៊ុក របស់លោកថា សហភាពអឺរ៉ុប បានដាក់លក្ខខណ្ឌ៥ចំនុចទៅបក្សកាន់អំណាចជាថ្នូរនឹងរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA។

បើតាមលោក សម រង្ស៊ី ទី១ រដ្ឋាភិបាល ត្រូវដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ ទី២ ត្រូវទ​ម្លាក់​បទចោទអ្នកទោសនយោបាយ និងមន្ត្រីទាំង១១៨នាក់ឲ្យធ្វើនយោបាយឡើងវិញ ទី៣ ត្រូវប្រ​គល់ស​ងអាសនៈឃុំ-សង្កាត់របស់គណបក្សប្រឆាំងទាំងជាង៥០០០មកវិញ និងបោះឆ្នោតឡើងវិញ ទាំង​ការជ្រើស​តាំងតំណាងរាស្ត្រ និង​ព្រឹទ្ធសភា។

អ្នកវិភាគនយោបាយ លោក ឯម​ សុវណ្ណារ៉ា វិភាគថា ច្បាប់បើកផ្លូវឲ្យអតីគគណបក្សប្រឆាំងធ្វើនយោបាយឡើងវិញភ្ជាប់​​នឹ​ងលក្ខខណ្ឌបែបនេះ បានបង្កប់នូវយុទ្ធសាស្ត្របន្សាបឥទ្ធិពលគណបក្សប្រឆាំង។ លោក បន្តថា យុទ្ធ​សា​ស្ត្រនេះ គ្មានប្រសិទ្ធិភាពទេ ដោយថា វាបានដើរក្រោយ លោក សម រង្ស៊ី មួយជំហាន។

អ្នកវិភាគរូបនេះ បង្ហាញការព្រួយបារម្មណ៍ថា បើបក្សកាន់អំណាចនៅតែមិនអាចអូសទាញមន្ត្រីបក្សប្រឆាំងបានទេ ក​ម្ពុ​ជា​​អាចប្រឈមកាន់តែខ្លាំងទៅនឹងវិធានការបស់សហគមន៍អន្តរជាតិ ដែលគេចង់ឲ្យកម្ពុជាបន្តដើរលើគន្លងប្រជា​​ធិប​តេយ្យ។

លោកថា៖ «បើសិនជាគោលការណ៍ច្បាប់នេះ ចេញហើយអត់មានអ្វីខុសប្លែកទេ អត់មានអ្វីឆ្លើយតបទៅនឹង​សហគមន៍អឺរ៉ុបទេ អត់មានអ្វីឆ្លើយតបទៅនឹងការចង់បានរបស់សហគមន៍អឺរ៉ុបទេ។ អញ្ចឹងយុទ្ធសាស្ត្ររបស់គ​ណប​ក្ស​​កា​ន់អំណា​ច អត់មានប្រសិទ្ធិភាពទេ»។

ជម្លោះនយោយរបស់កម្ពុជា ជំរុញឲ្យសហភាពអឺរ៉ុប ចាប់ផ្ដើម​នីតិវិធីដែល​អាចឈានទៅរកការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្រោយពីប្លុកលោកសេរីមួយនេះ ឃើញថា រដ្ឋា​​ភិបាលបានបរាជ័យក្នុងការ​ស្តារស្ថានភាព​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ