រដ្ឋាភិបាល កាត់ដី​បឹងជើងឯកជិត២ហិកតា សម្រាប់ធ្វើអាងចម្រោះ​ទឹកស្អុយ

ដីបឹងជើងឯក ថតថ្ងៃទី២៦ ខែមករា ឆ្នា២០១៩។ រូបភាព៖ ហ្វេសប៊ុក Kosal Sanaya

រដ្ឋាភិបាល បាន​សម្រេចកាត់ដី​បឹងជើងឯកទំហំជិត​២ហិកតាឲ្យអាជ្ញាធររាជធានីភ្នំពេញ​សម្រាប់ធ្វើអាងចម្រោះ​ទឹកស្អុយ

ក្នុងអនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃបឹងជើងឯក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដែល វី.អូ.ឌី ទើបទទួលបានថ្ងៃនេះ រដ្ឋាភិបាល សម្រេចកាត់ដីទំហំ១៩ ៧៣៦ ម៉ែត្រក្រឡានៅបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោជូនទៅសាលារាជធានីភ្នំពេញ ដើម្បីសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកង្វក់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី សុំមិនបញ្ជាក់បន្ថើមលើសពីនេះទេ ដោយលោកថា រង់ចាំការស្រាវជ្រាវ និងពិនិត្យលើឯកសារសិន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា វាការល្អប្រសិនបើរដ្ឋាភិបាលយកដីនោះទៅអភិវឌ្ឍដើម្បីបម្រើផលប្រយោជន៍ប្រជាជន។ ប៉ុន្តែ លោកស្នើទៅរដ្ឋាភិបាល ត្រូវបង្ហាញពីតម្លាភាពនៃការប្រើប្រាស់ដីនោះ។

លោក សន ជ័យ បន្តថា កន្លងមកគម្រោងដែលបានស្នើសុំដោយរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗនោះ ត្រូវបានលាក់លៀមព័ត៌មាន និងដីនៅតំបន់បឹងមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានទន្រ្ទានយកដោយអ្នកមានលុយ មាន​អំណាចរួចទៅហើយ។

លោកបន្ថែមថា៖ «ឲ្យតែការអភិវឌ្ឍមួយជាផលប្រយោជន៍សាធារណៈដែលជាតម្រូវការមហាជន ខ្ញុំយល់ថា វាជារឿងល្អ ប៉ុន្តែធ្វើយ៉ាងម៉េចកុំឲ្យផែនការនេះ វាក្លាយទៅជាកម្មវត្ថុមួយដែលកើតមាននូវជម្លោះ ដែលទាក់ទងដីនៅតាមមាត់បឹង។ ព្រោះកន្លងមក យើងឃើញមានរឿងអាស្រូវជាច្រើនទាក់ទងនឹងការគ្រប់គ្រងអាងស្តុកទឹក ឬបឹងស្តុកទឹកក្នុងរាជធានីភ្នំពេញនេះ ដោយសារព័ត៌មានមួយចំនួននៃគម្រោងស្នើដោយរដ្ឋាភិបាលហ្នឹង មិនមានតម្លាភាពប៉ុន្មានទេ ដោយសារតែរដ្ឋាបាលថ្នាក់ក្រោមជាតិខ្លះបំពេញ ការងារដោយលាក់លៀម»

ផ្នែកខ្លះនៃ​បឹង​ធំៗ​ចំនួន ៤ មាន​​បឹង​ពោងពាយ បឹងកក់ បឹង​ទំពុន និង​បឹង​ជើងឯក ដែលនៅក្នុង និង​ជាយ​រាជធានី​ភ្នំពេញ ត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនមួយចំនួនធ្វើការអភិវឌ្ឍ​សម្រាប់​ធ្វើជា​តំបន់​ពាណិជ្ជកម្មនិង​ទីក្រុង​រណប​ជាដើម។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើអនុប្រយោគដោយកាត់ដីអាងស្តុកទឹកបឹងទំពុនទំហំ៣៥ហិកតាបន្ថែមទៀត ដើម្បីផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយធ្វើការអភិវឌ្ឍ។

កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​ឯកភាព​ទៅ​តាម​សំណើ​របស់​សាលារាជ​ធានី​ភ្នំពេញ​ផងដែរ ដែល​បាន​ស្នើ​កាត់​ដី​បឹងតាមោក ២០​ហិកតា សម្រាប់​សាង​សង់​ផ្សារ​បន្លែ និង​ចំណត​រថយន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ