អន្តរក្រសួង នឹងប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅដើមខែក្រោយ​​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន អះអាងថា នឹងយកសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានទៅប្រជុំជាមួយអន្តរក្រសួងនៅដើមខែក្រោយនេះ​។

ក្នុងមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងព័ត៌មានបានធ្វើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន​ចប់សព្វគ្រប់កាលពីឆ្នាំ២០១៨​។ លោកបន្តថា សេចក្តីព្រាងច្បាប់នេះ ក្រសួងនឹងពិនិត្យជាមួយ​អន្តរក្រសួងបន្ថែមទៀត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ​​។

លោក មានប្រសាសន៍ថា៖ «ជំហានទីពីរ គឺការប្រជុំអន្តរក្រសួង ឥឡូវយើងចាប់ផ្តើមប្រជុំនៅថ្ងៃទី៧​ ខែ៣ គឺចាប់ផ្តើមប្រជុំជំហ៊ានទី២ គឺយើងឈរលើគោលការណ៍មួយ គឺរដ្ឋបើកឲ្យទូលាយធំបំផុត បិទឲ្យតិចបំផុត​»។

នាយកប្រតិបត្តិ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ឡំា សុជាតិ មានប្រសាសន៍ថា លោកស្វាគមន៍ដែល​ចំពោះដំណើរការដែល​ឈាន​ដល់ការប្រជុំ​អន្តរក្រសួងជុំវិញ​ច្បាប់នេះ។ លោកបង្ហាញក្តីសង្ឃឹមថា អន្តរក្រសួងនឹងរក្សាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នោះ ដើម្បីឲ្យច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន មានភាពល្អប្រសើរជាងមុន​។

​លោក មានប្រសាសន៍ថា៖ «សេចក្តីព្រាងដែលដាក់ទៅក្នុងគណៈរដ្ឋមន្ត្រីសព្វថ្ងៃ យើងសង្ឃឹមថា គាត់បញ្ជូនបន្តអនុម័តឲ្យឆាប់ ជាជាងកែលំអ ថយគុណភាពជាងមុន យើងព្រួយបារម្ភ មិនបន្ថែម ថយវិញ អាច​ជាការព្រួយបារម្ភ ព្រោះសេចក្តីព្រាង​ហ្នឹង យើងបានចូលរួម៣ឆ្នាំកន្លងមក។ យើងដឹងថា មតិយោបល់សង្គមស៊ីវិល​ អង្គការសហប្រជាជាតិជាច្រើនបានទទួលយក ​ដោយដាក់ចូលក្នុងច្បាប់ហ្នឹងរួចហើយ»។

កាលពី​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គការ និងសមាគមចំនួន​១៩ បានផ្ញើលិខិត៤ ដាច់​ដោយឡែកពីគ្នាទៅស្ថាប័នកំពូលរបស់រដ្ឋ និងរដ្ឋាភិបាល ដើម្បីឲ្យស្ថាប័ន​ទាំងនោះ​ជំរុញ​ដំណើរការតាក់តែងច្បាប់ និងអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដោយថា ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន។

ក្នុងជំនួបលើកទី៣របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីបានប្រកាស​គាំទ្រ និងធានាឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងនីតិកាលពី៦នេះផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ