រដ្ឋាភិបាល បានសម្រេចកាត់ដីជាង២០០ហិកតាចេញពីដែនជម្រកសត្វព្រៃណាំលៀ និងដែនជម្រកសត្វព្រៃស្រែពក ដើម្បីធ្វើសម្បទានឲ្យគ្រួសារកងទ័ព និងនគរបាលឈរជើងការពារតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
យោងតាមអនុក្រឹត្យដែលផ្សព្វផ្សាយក្នុងព្រះរាជកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ ២០១៨ រដ្ឋាភិបាល បានកាត់ផ្ទៃដីសរុបទំហំ ២៤០ ហិកតា ស្ថិតនៅឃុំដាក់ដាំស្រុកអូររាំង ឃុំក្រង់តេះនៃស្រុកពេជ្រាដា និងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញពីដែនជម្រកសត្វព្រៃណាំលៀ និងដែនជម្រសត្វព្រៃស្រែពក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ។
ប្រភពដដែល ឲ្យដឹងថា ដីចំនួន២៤០ហិកតាដែលកាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ នៃដែនជម្រកសត្វព្រៃណាំលៀ និងដែនជម្រកសត្វព្រៃស្រែពកនេះ សម្រាប់ធ្វើសម្បទានដីសង្គមកិច្ចជូនទៅគ្រួសារកងទ័ព និងនគរបាលជាតិដែលឈរជើងការពារតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
អ្នកប្រឹក្សាយោបល់សម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា ចាត់ទុកការកាត់ដីចេញពីដែនជម្រកសត្វព្រៃទៅឲ្យគ្រួសារកងទ័ព និងនគរបាលនោះ ថាជាការបើកផ្លូវឲ្យមានបទល្មើសព្រៃឈើកាន់ខ្លាំងឡើង។
លោកថា៖ «កាលណាយើងអ្នកធ្លាប់មានអំណាច ទៅរស់នៅជាប់ព្រំដែនហ្នឹង អញ្ចឹងមនោសញ្ចេតនាដែលគាត់ធ្លាប់នៅហ្នឹង គឺមិនអាចកាត់បានទេ ។ អញ្ចឹងការកាត់បំផ្លាញព្រៃឈើកាន់តែរាលដាលទៅ ! កាលមុនគាត់ធ្លាប់ធ្វើការងារកងកម្លាំង អញ្ចឹងរវាងវៀតណាម-កម្ពុជា គាត់ធ្លាប់ស្គាល់ទាំងអស់។ អញ្ចឹង ការប្រព្រឹត្តបទល្មើសនៅពេលគាត់ជិតហ្នឹង ហើយវាកាន់តែខ្លាំង»។
ប៉ុន្តែ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច យល់ថា ការផ្ដល់ដីដល់គ្រួសារកងទ័ព និងនគរបាលនៅតំបន់នោះជារឿងល្អ ដោយថា ពួកគាត់អាចជួយកាត់បន្ថយបទល្មើសព្រៃឈើឆ្លងដែន និងឃ្លាំមើលពីខ្សែបន្ទាត់ព្រំដែនបានទៀតផង។
លោក ថា៖ «វាជារឿងល្អ ! រឿងល្អ វាមាន ៣ ទី១ តំបន់ហ្នឹង ខ្ញុំដើរហើយ គឺអត់មានមនុស្សទេ កន្លែងហ្នឹងជាកន្លែងរកស៊ីឈើធំបំផុតនៅក្នុងខេត្តមណ្ឌលគិរី ហ្នឹង។ អញ្ចឹងទេ បើបានទៅ វាជាទៅបង្គោលព្រំដែនផង អ្នកដែលបានឲ្យប្រជាជនខ្មែររស់នៅផង ហើយទី៣ ដើរទៅកុំឲ្យខ្មោចលង កុំឲ្យដូចអ្នកខ្លះថា មានស្អីហ្នឹង គឺវាអត់មានមនុស្សទេ នៅតាមព្រំដែនហ្នឹង គ្មានសោះតែម្ដង ប៉ុន្តែ ត្រង់កាត់យ៉ាងម៉េច ខ្ញុំអត់ដឹងទេផ្លូវច្បាប់ខ្ញុំអត់ដឹងទេ»។
មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា លោក ប៉ែន ប៊ុណ្ណារ៍ ក៏យល់ឃើញស្រដៀងគ្នានឹងលោក សុខ ទូច ដែរ។ ប៉ុន្តែលោក ចង់ឲ្យរដ្ឋាភិបាល ពិចារណាផ្ដល់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋដែលគ្មានដីឲ្យទៅរស់នៅតាមព្រំដែនផងដែរ។
លោក មានប្រសាសន៍ថា៖ «យើងឃើញថា វាមានការអភិវឌ្ឍ និងវិធីសាស្ត្រការពារប្រជាពលរដ្ឋយើង ព្រោះយើងចង់បានទីតាំងពិតប្រាកដ និងការពាររបស់ប្រជាពលរដ្ឋយើង។ មិនមែនត្រឹមតែកងទ័ព សូម្បីតែប្រជាពលរដ្ឋ យើងឲ្យពួកគាត់ទីតាំងនៅតាមបណ្ដោយព្រំដែន ដើម្បីជាកម្លាំងជួយការពារព្រំដែនរបស់យើងដែរ។ ក្រៅពីការពារព្រំដែនហ្នឹង ប្រសិនជាប្រជាពលរដ្ឋតាំងទីលំនៅនោះ គាត់ក៏មានឆន្ទៈក្នុងការពារព្រៃឈើ គាត់ជាកម្លាំងមួយទប់ស្កាត់ការនាំចេញឈើខុសច្បាប់ មួយចំណែកធំដែរ»។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបញ្ជូនកងទ័ពមួយចំនួនឲ្យទៅឈរជើងនៅទូទាំងប្រទេស ដើម្បីជួយការពារព្រៃឈើ ដោយថា មិនត្រូវឃុបឃិត ឬបើកដៃឲ្យឈ្មួញកាប់ផ្លាញព្រៃឈើនោះទេ។
ដែនជម្រកសត្វព្រៃណាំលៀ ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃ កាលពីឆ្នាំ២០១៦ លើផ្ទៃដីជាង២ម៉ឺនហិកតា(២១ ៩៣៣)។
ចំណែកឯដែនជម្រកសត្វព្រៃស្រែពក ក៏ត្រូវរដ្ឋាភិបាល ដាក់បញ្ចូលជាដែនជម្រកសត្វព្រៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ លើផ្ទៃដីជាង ៣សែន ៧ម៉ឺនហិកតា(៣៧២.៩៧១) ដែលមានភូមិសាស្ត្រស្ថិតក្នុងស្រុកកោះញែក ស្រុកកែវសីមា ក្រុងសែនមនោរម្យ និងស្រុកអូរាំង ខេត្តមណ្ឌលគិរី៕