សាលារាជធានីភ្នំពេញ បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្ដរ៉ក់ បន្ទាប់ពីអាជ្ញាធរបានចុះបង្ក្រាបទីតាំងមួយនេះ និងរឹបអូសបានគ្រឿងញឿនជិត ៥០គីឡូក្រាម។
ក្នុងសេចក្ដីប្រកាសកាលពីម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ក្រោយសម្រេចបិទដំណើរការមជ្ឈមណ្ឌលកម្សាន្ដរ៉ក់នេះ អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ នឹងបន្តចាត់វិធានការតាមនីតិវិធី ដើម្បីស្រាវជ្រាវកំណត់រកប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើសយកមកផ្ដន្ទាទោស។
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបន្ថែមថា៖ «ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្ដរ៉ក់ ហើយផ្ដល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្ដស្រាវជ្រាវ ឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើសនាំយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន»។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានសរសេរលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញផងដែរថា មនុស្សភាគច្រើនក្នុងចំណោមមនុស្សជាង ៣០០នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ សុទ្ធតែត្រូវបានធ្វើតេស្ត និងរកឃើញសារធាតុញៀននៅក្នុងខ្លួន។
លោក ស ថេត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ការធ្វើតេស្ដទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង ៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើនសុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន»។
បើតាមរបាយការណ៍ កាលពីវេលាម៉ោង១ និង៤៥នាទីទៀបភ្លឺថ្ងៃទី២៣ ខែកុម្ភៈ ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សប្រុសស្រីដល់ទៅ ៣១១នាក់ និងរឹបអូសបានគ្រឿងញៀនដល់ទៅ ៥០គីឡូក្រាម អំឡុងពេលចុះបង្ក្រាបនៅមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយនេះ៕