លោក ហ៊ុន សែន រិះគន់សេវា​ Wi-Fi អ៊ីនធឺណិត​​​សាធារណៈមិនដំណើរការ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City bus) បាននឹងកំពុងរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធWiFi នៅតាមរថយន្តក្រុង ដើម្បីផ្តល់ជូនបងប្អូនប្រើប្រាស់អ៉ីនធ័រណេតដោយឥតគិតថ្លៃ (រូបភាព៖ ហ្វេសប៊ុក​ សាលារាជធានីភ្នំពេញ)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានរិះគន់ការដាក់ឲ្យប្រើប្រាស់ Wi-Fi សាធារណៈនៅរាជធានីភ្នំពេញ ប៉ុន្ដែ សេវា​អ៊ីនធឺណិតមិនដំណើរការ។

ក្នុងពិធីមួយស្ដីអំពី «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅរាជធានីភ្នំពេញនៅថ្ងៃនេះ លោក ហ៊ុន សែន បានបញ្ជាឲ្យមន្ដ្រីរបស់លោកពិនិត្យពីការដាក់ឲ្យប្រើប្រាស់​សេវា​ Wi-Fi អ៊ីនធឺណិត​​សាធារណៈដល់ប្រជាពលរដ្ឋ ឬអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនៅប្រទេសកម្ពុជា។ លោកថា តាមបទពិសោធរបស់លោកកន្លងមក ប្រព័ន្ធ Wi-Fi សាធារណៈទាំងនោះ មិនដំណើរការ ឬមិនអាចប្រើប្រាស់បាននោះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំក៏សូមទាក់ទាញឲ្យមានការយកចិត្តទុកដាក់ ព្រោះស្ថានភាពដែលយើងបានធ្វើនៅទីក្រុងភ្នំពេញប៉ុន្មានកន្លែងនេះ ហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពទេ ហើយតាមធម្មតា ខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងនេះ កន្លែងនោះ ដែលហៅថា Free Wi-Fi។ ជាក់ស្ដែងនៅក្នុងសណ្ឋាគារនេះ សាកល្បងបើក Wi-Fi មើល វាចូល Wi-Fi ប៉ុន្ដែ វាមិនដំណើរ​ការ ធ្វើអីវា […]  ប្រយ័ត្នក្រុមហ៊ុនអ៊ីនធឺណិត​មក​រៀបចំឲ្យយើង រួចហើយទីចុងបំផុត ដើរវិលខ្ញាល់»

ក្រៅពីថ្លែងរិះគន់ភាពរអាក់រអួលនៃការដាក់ឲ្យប្រើប្រាស់ Wi-Fi សាធារណៈនោះ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍ រៀបចំតំឡើង Wi-Fi សាធារណៈនៅតាមតំបន់គោលដៅទេសចរណ៍ផ្សេងទៀតឲ្យបានមុនឆ្នាំ២០២៣ ដូចជា នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងបាត់ដំបង។

កាលពីខែមេសា ឆ្នាំ២០១៨ ក្រសួងទូរគមនាគមន៍ និងប្រៃសណីយ បានដាក់ឲ្យដំណើរការប្រព័ន្ធអ៊ីនធឺណិតឥតខ្សែសាធារណៈ (Public Wi-Fi) នៅទីតាំងចំនួន ៥កន្លែង នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ដូចជានៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍ក្រសួងប្រសណីយ៍ ប្រទេសកម្ពុជា មានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតប្រមាណ​ ៨លាននាក់ នៅ​ឆ្នាំ២០១៧ ពោលគឺប្រមាណ ៥០ភាគរយនៃប្រជាជនសរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ