ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន អះ​អាង​ថា ​ត្រូវ​បាន​ឧក្រិដ្ឋជន​លួច​យក​ទៅ​គ្រប់​គ្រង

រូបភាពផេករបស់លោក ហ៊ុន សែន (Screenshot)។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​អះអាងថា ទំព័រ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​មួយ​នេះ ត្រូវបានឧក្រិដ្ឋជន​លួច​យកទៅគ្រប់គ្រង ដែលការ​អះ​អាង​នេះបាន​កើត​ឡើង​បន្ទាប់ពីទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បានព្រមានបិទបណ្ដាញសង្គមមួយនេះមិនឲ្យមាននៅកម្ពុជា។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​មើល​ឃើញ​ថា បាន​បង្ហោះ​សារ​មួយ ដែល​រៀបរាប់​ថា ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ក្រុមហ៊ុន Facebook របស់​អាមេរិក ព្យាយាម​បិទ​គណនី និង​សារ​មួយ​ឃ្លា​ទៀត ដែល​ព្រមាន​ថា នឹងបណ្ដាញ​ទំនាក់​ទំនង​សង្គម​ដ៏​ធំ​មួយ​នេះ មិន​ឲ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សំណេរ​លើ​ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន រៀបរាប់​ថា៖ «ក្រុមហ៊ុនហ្វេសប៊ុកបានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនឹងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ»។

ទោះជាយ៉ាងណា ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​អះអាង​នៅ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​ថា ទំព័រហ្វេសប៊ុក​ផ្លូវការ​មួយ​នេះ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​អ្នក​ដទៃ ដែល​ត្រូវ​បាន​ហៅ​ថា «ក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា» និង​ទិន្នន័យ​មួយ​ចំនួន​ធំ ត្រូវ​បាន​លុប​ចោល។

ទំព័រហ្វេសប៊ុក​លោក ហ៊ុន សែន រៀបរាប់​ថា៖ «នៅមុននេះបន្តិច មានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង»។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ដោយ​ខ្លួន​ឯង​កាល​ពី​​ឆ្នាំ​មុន​ថា ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់​គ្រង​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ តែ​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន។

គិត​ត្រឹម​ថ្ងៃ​នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​អ្នក​ចុច Like និង​ Follow ដល់​ទៅ​ជិត ១១​លាន​នាក់។

ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក គេហ​ទំព័រ​របស់​លោក​ ហ៊ុន សែន ដែល​មាន​អាស័យដ្ឋាន www.samdechhunsen.gov.kh ក៏​ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់​គ្រង​ដែរ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៦ ហើយ​លោក ហ៊ុន សែន ថែម​ទាំង​បាន​ប្រកាស​មិន​អត់​ឱន​ចំពោះ​បក្ស​ប្រឆាំង​នោះ​ឡើយ ដែល​លោក​ចោទ​ថា បាន​រំខាន​លើ​គេហ​ទំព័រ​របស់​លោក។

ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក ហ៊ុន សែន ទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ទំព័រ​ហ្វសប៊ុក​របស់​សារព័ត៌មាន Fresh News ក៏​ត្រូវ​បាន​ស្ថាប័ន​ទាំង​ពីរ​នេះ អះ​អាង​ថា ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់​គ្រង​ និង​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​ផង​ដែរ​កាល​ពី​ឆ្នាំ​មុន​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ