មន្ត្រី​ជាន់​ខ្ពស់​អាវុធហត្ថ​អះ​អាង​ថា មន្ត្រី​របស់​ខ្លួន​មិន​បាន​បាញ់​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ

ខេត្តព្រះសីហនុ- ព្រឹកថ្ងៃ25.02.2019 នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដោយលោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើសន្និសីទសារព័ត៍មានអំពី សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចូលរួមចុះអនុវត្តន៍សាលក្រម ក្នុងកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើវិវាទដីធ្លីនៅជិតវត្តអូរត្រេះ ខេត្តព្រះសីហនុកាល កាលពីដើមឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក Huy Bunleng

អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស អះអាងថា មន្ត្រី​របស់​ខ្លួន​មិន​បានបាញ់​ប្រហារ​ទៅ​លើ​ប្រជា​ពលរដ្ឋ​នោះ​ឡើយ ​​អំឡុង​ពេល​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​មួយ​ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​ ដែល​ឈាន​ទៅ​ដល់​កើតមានអំពើ​ហិង្សា​បង្ក​ឲ្យ​ពលរដ្ឋ ២​នាក់​រង​របួស។

ក្នុងសន្និសទីសារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ​នៅថ្ងៃនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី អះអាងថា កង​កម្លាំង​អាវុធ​ហត្ថ​ចំនួន ១០០​នាក់ ដែល​បំពាក់​ដោយ​កាំភ្លើង​វែង ១០​ដើម និង​កាំភ្លើង​ខ្លី ៦​ដើម ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ចុះ​ទៅ​ចូល​រួម​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា​​កន្លង​មក​នេះ នៅ​ឯ​ភូមិ​គគីរ ឃុំ​បិតត្រាំង។

អ្នក​នាំ​ពាក្យ​រូប​នេះ អះ​អាង​ទៀត​ថា អាវុធដែលបាញ់ត្រូវពលរដ្ឋម្នាក់ក្នុងថ្ងៃចុះអនុវត្តសាលដីកានោះ ជាអាវុធខ្លីប្រភេទ K59 ប៉ុន្តែ ក្រោយពីស៊ើបអង្កេត និងធ្វើកោសលវិច័យមក លោកថា ក្បាលគ្រាប់ដែលបាញ់​ចំ​ពលរដ្ឋនោះ មិនមែនជាក្បាលគ្រាប់បាញ់ដែល​ចេញដោយកងកម្លាំងអាវុធហត្ថនោះទេ។

លោកថា៖ «ខ្ញុំសូមបញ្ជាក់ថា ក្បាលគ្រាប់ដែលបាញ់ចេញពីកាំភ្លើងមួយ គឺបាញ់ចេញវាដូចគ្នា មានភាពដូចគ្នា ការពិនិត្យ ទោះបីជាប៉ុន្មានគ្រាប់ក៏ដោយ ក៏មានភាពដូចគ្នាដែរ តែបើសិនជាកាលណាចេញភាពអវិជ្ជមានអីចេះ មានន័យថា គឺ គ្រាប់កាំភ្លើងដែលត្រូវជនរងគ្រោះនោះ មិនបានចេញពីកាំភ្លើងរបស់កងរាជអាវុធហត្ថទេ។ នេះ​ចង់បញ្ជាក់កន្លែងហ្នឹងបន្តិច!»

មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធ​ហត្ថ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកជនល្មើសដែលបាញ់ពលរដ្ឋនោះ។

លោក អេង ហ៊ី បាន​ឲ្យ​ដឹង​ទៀត​ថា អង្គភាព​យោធា​បាន​សម្រេច​ព្យួរ​ការងារ​មន្ត្រី​អាវុធ​ហត្ថ​ម្នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ និង​ត្រូវ​បាន​កសាង​សំណុំ​រឿង​ទៅ​តុលាការ។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ និងមន្ត្រី ៣​នាក់ទៀត ក៏​ត្រូវបានអង្គភាពរបស់លោកដាក់ពិន័យដោយការស្ដីបន្ទោសជាលាយលក្ខណ៍​អក្សរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បាន​បង្ហាញ​នូវ​មន្ទិល​សង្ស័យ​ជុំ​វិញ​ការ​បក​ស្រាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ហើយលោក​បាន​ជំរុញ​ឲ្យ​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​មួយ សម្រាប់​ស៊ើប​អង្កេត​លើ​ករណី​នេះ ដើម្បី​ស្វែង​ជន​ដៃ​ដល់។

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា៖ «ទោះបីថា វាមិនមែនជាគ្រាប់កាំភ្លើងដែលអះអាងដោយសមត្ថកិច្ចថា វាមិនមែនជាគ្រាប់ដែលចេញពីក្រុមអ្នកដែលចុះបង្ក្រាប តើជាគ្រាប់កាំភ្លើងអ្នកណា? តួនាទីនេះ គឺស្ថិតនៅក្នុងសមត្ថកិច្ចដដែល។ បើសិនជារកមិនឃើញឲ្យច្បាស់​លាស់​ទេ ហើយការដែលចោទប្រកាន់ពីសំណាក់សាធារណជនដែលគេតែងតែផ្ដល់យោបល់ហ្នឹង តាមបណ្ដាញសង្គមទាំងអស់ហ្នឹង ការបំភ្លឺហ្នឹង នៅតែមិនអាចទទួលយកបានអញ្ចឹង»

កាលពីថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ករណីអាជ្ញាធរក្រចេះ និង​អាជ្ញាធរខេត្តព្រះសីហនុ យកកម្លាំងយោធាបង្ក្រាបពលរដ្ឋមានជម្លោះដីធ្លីនោះ ជារឿងមិនត្រឹមត្រូវ ហើយលោកបានហាមទៅអាជ្ញាធរខេត្តផ្សេងៗទៀត កុំប្រើប្រាស់កម្លាំងយោធាទៅចុះអនុវត្តសាលដីការបស់តុលាការ ដោយលោកថា សកម្មភាពនោះជារឿងខុសច្បាប់។

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះ​ខេត្តព្រះសីហនុប្រមាណ ៣០០នាក់ ដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បាន​ចុះអនុវត្តសាលដីការបស់តុលាការកំពូល ដើម្បី​វាស់វែងដីឲ្យអ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ ពលរដ្ឋម្នាក់ដែលជាកម្មករសំណង់ បានត្រូវគ្រាប់កាំភ្លើងដែល​បាញ់​ចំ​ពីក្រោយត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នង ហើយ​ពលរដ្ឋ ៦នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ហើយដោះលែងវិញនៅយប់​ថ្ងៃដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ