អាជ្ញាធរខណ្ឌដូនពេញ ហៅមន្រ្តីនគរបាល​ផ្កាយ២ម្នាក់​សួរនាំ​ពេល​ចុះបង្ក្រាបគ្រឿងញៀន

កម្លាំងប៉ូលិស និងប៉េអឹម ខណ្ឌដូនពេញ បានចាប់ប៉ូលិសផ្កាយពីរម្នាក់ និងកូនចៅប្រមាណ១០នាក់ ខណៈពេលចុះទៅបង្ក្រាបគ្រឿងញៀន​ នៅសង្កាត់ស្រះ​ចក​ ដោយមិនបានសហការជាមួយអាជ្ញាធរ​មាន​មូលដ្ឋាន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក សង្គម និង យុត្តិធំ៌ / Screenshot

អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ បានសួរនាំ​ នគរបាលពាក់​ផ្កាយ២ម្នាក់ និងមន្រ្តីក្រោមឱវាទ​ប្រមាណ១០នាក់ ដោយសារតែមិនដែលបាន​ស្គាល់់មន្រ្តី​ទាំងនោះ​​​​​។

អភិបាលខ័ណ្ឌដូនភ្នំពេញ លោក សុខ ពេញវុធ បានប្រាប់ វីអូឌី នៅថ្ងៃនេះថា ដើមចមដែលនាំឲ្យក្រុមសមត្ថកិច្ចចំរុះ រួមមាន អភិបាលខណ្ឌ អធិការនគរបាលខណ្ឌ និងប៉េអឹមខណ្ឌ ហៅ​នគរបាលផ្កាយពីរម្នាក់ដែលបម្រើការនៅអគ្គស្នងការនគរបាលជាតិ នៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ(ក១) និងកូនចៅប្រមាណ១០នាក់ សួរនាំកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ពិតមែន។ លោក បន្តថា ​ការសួរនាំនេះធ្វើឡើងដោយសារតែពួកលោកមិនស្គាល់មន្រ្តីដែល​ចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀនទាំងនោះ។

លោក មានប្រសាសន៍ថា៖ «កម្លាំងខ្ញុំចុះធ្វើរដ្ឋបាល វាជួបគ្នា យើងអត់ស្គាល់គ្នា អត់មានអីទេ។ យើងចុះធ្វើការងាររួមគ្នា ខ្ញុំធ្វើរដ្ឋបាល យើងជួបគ្នា យើងអត់​ស្គាល់គ្នា យើងក៏សួរនាំទៅ ព្រោះគាត់ស្លៀកពាក់ស៊ីវិល​»។

ទោះជាយ៉ាងណា លោក ពេញវុធ អះអាងថា ក្រោយពីសួរនាំ សមត្ថកិច្ចខណ្ឌ និងអាជ្ញាធរមូលដ្ឋាន បានសហការជានគរបាលផ្កាយពីររូបនោះ ដើម្បីធ្វើការងារចុះបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយគ្នាផងដែរ។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ មានប្រសាសន៍ថា នគរបាលផ្កាយពីរម្នាក់និងមន្រ្តីក្រោមឱវាទ​១០នាក់ដែលចុះបង្ក្រាបគ្រឿងញៀននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្វើតាមនីតិវិធីច្បាប់ និងមានបញ្ជាពីថ្នាក់លើ ព្រះរាជអាជ្ញា និងជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ​។ ប៉ុន្តែ លោកបញ្ជាក់ថា មូលហេតុដែលនាំឲ្យអាជ្ញាធរមូលដ្ឋានហៅសួរនាំ ដោយសារពេលចុះបង្ក្រាប ក្រុមការងារទាំងនោះមានអ្នកខ្លះស្លៀកពាក់ស៊ីវិល ដើម្បីការពារកុំឲ្យមានអ្នកប្រឡំប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋាននោះ​។

លោកមានប្រសាសន៍ថា៖ «ចុះបង្ក្រាប ជួនកាលមានស៊ីវិល មានឯកសណ្ឋាន បើយើងមិនប្រាប់គ្នា ច្រឡំគ្នា ស្មានតែមនុស្សមកពីណាបង្កបទល្មើស សូម្បីខ្ញុំពេលដែលគេរាយការណ៍មក ក៏ខ្ញុំត្រួតពិនិត្យដែរ។ តើចុះតាមនីតិវិធី ចុះតាមបទបញ្ជាឬអត់? […] រឿងនេះចុះតាមនីតិវិធី មានបទបញ្ជាត្រឹមត្រូវទាំងអស់»។

ប្រធាននាយកដ្ឋានការពារ​ជនក្រីក្រនៅគណៈមេធាវីកម្ពុជា លោក វ៉ា ពិសី ពន្យល់តាមច្បាប់​ថា បើមន្ត្រីនគរបាលយុត្តិធម៌ ឬមន្ត្រីជំនាញដែលចុះធ្វើការស្រាវជ្រាវរកបទល្មើសគ្រឿងញៀន អាចចុះទៅតំបន់ ឬ​ខណ្ឌណាមួយ ទាំងមានឯកសណ្ឋាន ឬមិនមានក៏បាន ប៉ុន្តែលោកថា មន្ត្រីនោះ ត្រូវជូនដំណឹង​ទៅព្រះរាជអាជ្ញាជាមុន ដោយមិនបាច់ជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានក៏បាន ដើម្បីកុំឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេតរកបទល្មើស។

លោក ពន្យល់ថា៖ «នៅក្នុងច្បាប់គ្រឿងញៀន គេបានច្បាប់អនុញ្ញាតពិសេស រហូតដល់ធ្វើជាធ្នាក់ទៀត តែត្រូវមានលិខិតចាត់តាំងច្បាស់លាស់ ប៉ុន្តែ លិខិតចាត់តាំងគេលាក់សិន គេមិនអាច​បង្ហាញទេ ទាល់តែមានចាប់ទាំងធ្នាក់ បានគេបង្ហាញលិខិត​ហ្នឹងទៅ វាអត់មានទោស​»។

កាល​ពីថ្ងៃទី១០ ខែមករា ​តម្រួត​បទ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​មន្ត្រី​ នៃ​គណៈកម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​៦នាក់ ​ក្នុង​នោះ​មាន​​ឧត្ដមសេនីយ៍​ត្រី​(ផ្កាយមួយ)ម្នាក់​ផង​ដែរ ​បន្ទាប់​ពី​មន្ត្រី​ទាំង​នោះ​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​បារី​មួយ​ក្លែង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ ទោះ​ជា​យ៉ាង​ណា​បន្ទាប់​ពី​ឃាត់​ខ្លួន​​អ្នក​ទាំង​៦​នាក់​នោះ​ត្រូវ​បាន​ដោះលែង​វិញ​  ដោយថាជាការយល់ច្រឡំ។

ចំណែក អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ លោក​ឧត្ដមសេនីយ៍​ ទូច​ យុ​ទ្ធា ​ថា​ករណី​នេះ ​គឺជា​ការ​យល់​ច្រឡំ​ ដោយថា​​មុន​ហេតុការណ៍​នោះ​ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ទទួល​សេចក្ដី​រាយការណ៍​ថា​ មាន​រថយន្ត​ដឹក​បារី​ ក្លែងក្លាយ​ចូល​ក្នុង​ឃ្លាំង​ ប៉ុន្តែ​ពេល​កម្លាំង​ចុះ​ធ្វើការ​ ក៏​ជួប​នឹង​ហេតុការណ៍​នេះ​តែ​ម្ដង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ