សាលារាជធានី​នឹង​ប្តូរ​ទីតាំង​សហគ្រាស​អាជីវកម្ម​ ដើម្បី​សម្រួល​ចរាចរណ៍​

លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានបើក​កិច្ចប្រជុំ​ស្ដីពី​ការ​ជួយ​សម្រួល​ការងារ​មួយចំនួន​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ នារសៀលថ្ងៃ​អង្គារ ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ

សាលារាជធានីគ្រោងផ្លាស់ប្តូរទីតាំងអាជីវកម្ម សហគ្រាស មួយចំនួននៅទីប្រជុំជនក្នុងរាជធានីភ្នំពេញឲ្យ ទៅបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដោយថា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។

ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថា ដោយសារតែកំណើនសេដ្ឋកិច្ចជាតិរីកចំរើនបន្តបន្ទាប់ ជាពិសេសនៅរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានវិស័យដឹកជញ្ជូនសាធារណៈ​ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានអាកាស សួនច្បារ លួ ប្រឡាយ អគ្គិសនី និងសំណង់អគារតូចធំជាដើម ដែលធ្វើឲ្យកកស្ទះចរាចរ និងគ្រោះថ្នាក់ជាដើម។

ករណីនេះ សាលារាជធានីភ្នំពេញស្នើទៅម្ចាស់សហគ្រាស រោងចក្រ ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលស្ថិតនៅតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញទាំងអស់ រៀប​ចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនឲ្យស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងបណ្តាខេត្តចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះ-ឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ២១ ដែលគម្រោងសង់ផ្លូវក្រវាត់ក្រុងនេះនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២១ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែលបញ្ជាទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួមទាំងរដ្ឋបាលខណ្ឌទាំង១២ ជួយអនុវត្ត និងផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ។

ប្រធានស្តីទីកម្ម​វិធីចរាចរណ៍​ នៃ​អង្គការ​ជន​ពិការអន្តរជាតិ (ប៊ែល​ហ្ស៊ីក) លោក គង់ រតនៈ មានប្រសាសន៍ថា គម្រោ​ង​​អភិវឌ្ឍរបស់រដ្ឋាភិបាលនឹងរួមចំណែកកាត់បន្ថយការកកស្ទះ និង​គ្រោះថ្នាក់ចរាចរ ប៉ុន្តែ លោកស្នើទៅសា​លា​ក្រុងផ្តល់ពេលវេលាសមស្របដល់ម្ចាស់អាជីវកម្មទាំងនោះ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រយោជន៍ទាំងសងខាង។

លោកមានប្រសាសន៍ថា៖ «សំណូមពរទៅខាងអាជ្ញាធរក្រុង មេត្តាផ្តល់ពេលវេលាសមស្រប សម្រាប់ឲ្យម្ចាស់អាជីវកម្ម ផ្នែកខាងយានយន្ត ឲ្យគាត់មានពេលគ្រប់គ្រាន់ ហើយសំណូមពរទៅម្ចាស់អាជីវកម្ម សូមមេត្តាគិតជាប្រយោជន៍រួម ជាជាងគិតប្រយោជន៍បុគ្គល មានន័យថា គាត់ត្រូវ​រកវិធីសាស្ត្រអ្វី ដើម្បីឲ្យយើងដើរទៅមុខទាំងអស់គ្នា ដោយមិនចាំបាច់ប្រឈមមុខ​ដាក់គ្នា ក្នុងលក្ខខណ្ឌហិង្សា ឬក៏ចាប់បង្ខំណាមួយ»។

គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងកំណាត់ទី១​ មានប្រវែង​១០​ គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ប្រមាណជាង១០​ លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋវៀតណាម​ ហើយ​តភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ ​(ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សី។

ចំណែក ផ្លូវក្រវាត់ក្រុងកំណាត់ទី២ ភ្ជាប់ទៅភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ ដោយមានប្រវែង​១៧ គីឡូម៉ែត្រ​ នឹងគ្រោ​ងចំណាយជិត៦២ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលប្រជាមានិតចិន​ ដោយនឹងប្រើរយៈសាងសង់ ៣៦ខែ​ ហើយនឹងបញ្ចប់នៅឆ្នាំ២០១៩នេះ​។

រីឯផ្លូវក្រវាត់ក្រុងទី៣ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងបណ្តា​ខេត្តចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះ-ឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ២១ ដែលគម្រោងសង់ផ្លូវក្រវាត់ក្រុងនេះនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២១ខាងមុខនេះផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ