តើ​កម្ពុជា ឬ​វៀតណាម​ទទួល​បាន​ផល​ចំណេញ​ធំ​ធេង​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន ភូជុងប្រធានាធិបតីវៀតណាម។

កម្ពុជា និង​វៀតណាម បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​គ្នា​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល ២​ថ្ងៃ​នៃ​ប្រមុខ​រដ្ឋ​វៀតណាម​នៅ​រាជ​ធានី​ភ្នំពេញ។

ប្រធានាធិបតី​វៀតណាម លោក ង្វៀន ភូជុង បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​នេះ ដោយ​បាន​ជួប​ជជែក​ជាមួយ​មេដឹកនាំ​នយោបាយ​កម្ពុជា​ក្នុង​នោះ​មាន​ទាំង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុ​ន សែន ផង​ដែរ ក្រៅ​ពី​ចូល​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី និង​សម្ដេច​សង្ឃ​នាយក​ទាំង​ពីរ​គណៈ​នៅ​ទីក្រុង​ភ្នំពេញ។

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ប្រមុខរដ្ឋវៀតណាម។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ជំនួប​ជាមួយ​មេដឹកនាំ​កម្ពុជា​ហើយ​នោះ ដំណើរ​ទស្សនកិច្ច​នៃ​មេដឹកនាំ​វៀតណាម​រូប​នេះ ក៏​ឈាន​ទៅ​ដល់​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ច​ព្រម​ព្រៀង​ចំនួន ៥ ផង​ដែរ ក្នុង​នោះ​មាន​ទាំង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​​រវាង​ប្រទេស​ទាំង​ពីរ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ ទាំង​ភាគី​កម្ពុជា និង​វៀតណាម បាន​ឈាន​ទៅ​ដល់​ការ​សម្រេច​លើក​លែង​ការ​យក​ពន្ធ​គយ​ដល់​អត្រា​សូន្យ​ភាគ​រយ​លើ​ទំនិញ​នាំ​ចូល​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ។

ក្រសួង​ពាណិជ្ជកម្ម​ បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ​ថា វៀតណាម​បាន​សម្រេច​លើក​លែង​ពន្ធគយ​លើ​ទំនិញ​កម្ពុជា​ដល់​ទៅ ៣២​មុខ ហើយ​កម្ពុជា​វិញ​ក៏​បាន​សម្រេច​ផ្ដល់​ការ​លើក​លែង​ពន្ធ​គយ​ដល់​ទំនិញ​វៀតណាម ២៦​មុខ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ឲ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃ​នេះ​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី​ដែល​ទើប​តែ​ត្រូវ​បាន​ភាគី​ប្រទេស​ទាំង​ពីរ​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពី​រ​ដែល​បាន​ផុត​កំណត់​ទៅ ក្រោយ​ពី​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​កន្លង​មក​នេះ។

ទាំង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម​កាល​ពី​ឆ្នាំ​២០១៦ និង​២០១៧​កន្លង​មក និង​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ ភាគី​វៀតណាម​សុទ្ធ​តែ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​ស្រូវ​ទំហំ​ដល់​ទៅ ៣០​ម៉ឺន​តោន និង​ថ្នាំ​ជក់​ទំហំ ៣​ពាន់​តោន ចូល​ទៅ​ទីផ្សារ​ប្រទេស​មួយ​នេះ ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ។

បើ​កិច្ច​ព្រម​ព្រៀង​ដដែល​នោះ ដែល​ចែង​ថា ស្រូវ ២​គីឡូក្រាម​មាន​ទម្ងន់​ស្មើ​នឹង​អង្ករ ១​គីឡូក្រាម​នោះ កម្ពុជា​អាច​នាំ​ចេញ​​ស្រូវ ៣០​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​វៀតណាម ដែល​ទំហំ​ស្មើ​នឹង​អង្ករ​ប្រហែល ១៥​ម៉ឺន​តោន​។

អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ បាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា ក៏​ព្រោះ​តែ​កម្ពុជា​អាច​នាំ​ចេញ​​ទំនិញ​ទៅ​កាន់​ទីផ្សារ​វៀតណាម​ដោយ​រួច​ផុត​ការ​បង់​ពន្ធ​ ​ច្រើន​ជាង​​កម្ពុជា​ផ្ដល់​ឲ្យ​វៀតណាម​វិញ​ត្រឹម​តែ ២៦​មុខ​ប៉ុណ្ណោះ។

លោក ស៊ាង ថៃ មាន​ប្រសាសន៍​ថា​៖ «យើង​ជា​មិត្ត​ភក្តិ​នឹង​គ្នា អញ្ចឹង​​ខ្ញុំ​សុំ​ទៅ​អ្នក​ឯង​ ៣២​មុខ​ហ្នឹង​ កុំ​យក​ពន្ធ។ អញ្ចឹង​វៀតណាម​គេ​ឲ្យ​យើង​ ៣២​មុខ​ហ្នឹង។ អញ្ចឹង យើង​ចំណេញ ៣២​មុខ​ហ្នឹង ដែល​យើង​នាំ​ទៅ​វៀតណាម​​មិន​បាច់​បង់​ពន្ធ។ [ចំណែក​យើង​ឲ្យ​ទៅ​គេ]​មាន​តែ​ប៉ុន្មាន​មុខ​ទេ​ តិច​ជាង​វៀតណាម ដែល​យើង​ឲ្យ​ទៅ​គាត់​ណ៎ា។ វា​តិច​ជាង​វៀតណាម​ឲ្យ​មក​យើង។ អាហ្នឹង​និយាយ​ពី​រឿង​រួច​ពន្ធ ហើយ​អត់​មាន​កូតា»

ប៉ុន្តែ អនុ​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម លោក ដូ ថាំងហៃ (Đỗ Thắng Hải) បាន​អះ​អាង​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ (Vietname News Agency) កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នេះ នឹង​ជួយ​ជំរុញ​កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ​វៀតណាម​ចូល​មក​កម្ពុជា ខណៈ​ទំនិញ​របស់​ពួកគេ​ជួប​ប្រទះ​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​ជាមួយ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ និង​ចិន។

មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ជាច្រើន​ពី​ប្រទេស​វៀតណាម ដូច​ជា លោហៈ​ធាតុ ដែក​ថែប សាច់​កំណាត់ និង​ផលិត​ផល​វាយ​នភ័ណ្ឌ ផលិត​ជ័រ​ គ្រឿង​ម៉ាស៊ីន សម្ភារៈ​គ្រឿង​បន្លាស់ និង​ថ្នាំ​ជី​គីមី​កសិកម្ម​ជាច្រើន​ប្រភេទ ខណៈ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​វៀតណាម​វិញ​នូវ​វត្ថុធាតុ​ដើម​សម្រាប់​បម្រើ​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក និង​ការ​នាំ​ចេញ ដូចជា ផលិត​ផល​កសិកម្ម​មិន​ទាន់​សម្រេច ឈើ​ហុប ​ផលិត​ផល​ត្រី និង​រ៉ែ ជាដើម។

លោក ដូ ថាំងហៃ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ថា វៀតណាម​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​៣​របស់​កម្ពុជា ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ បាន​កើន​ឡើង​ដល់​ចំនួន ៤.៧​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​កំណើន​ដល់​ទៅជិត ២៤​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៧​កន្លង​មក។

នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នេះ អនុ​រដ្ឋ​មន្ត្រី​វៀតណាម​រូប​នេះ បាន​​បញ្ជាក់​ថា វៀតណាម​ទទួល​បាន​អតិរេក​ពាណិជ្ជកម្ម ឬ​ផល​ចំណេញ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដល់ ២.៨​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ឆ្នាំ​២០១៩​ និង​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​រយៈ​ពេល ២​ឆ្នាំ។

ខណៈ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​ចូល​មក​កម្ពុជា​មាន​ទំហំ​ធំ​ជាង​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​នោះ វា​ក៏​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ខាត​បង់​ចំណូល​ពន្ធគយ​សម្រាប់​កម្ពុជា​ផង​ដែរ ក្រោយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា និង​ដាក់​ឲ្យ​អនុវត្ត​នោះ។

បើ​ទោះបី​តួលេខ​ពី​ខាង​ភាគី​វៀតណាម​បាន​បង្ហាញ​នូវ​ផល​ចំណេញ​បែប​នេះ​ក្ដី ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ នៅ​តែ​អះ​អាង​ថា កម្ពុជា​ទទួល​បាន​ផល​ចំណេញ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​ថា ផល​ចំណេញ​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​​នេះ ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​​ទំហំ​ពាណិជ្ជកម្ម​សរុប​ដែល​កម្ពុជា​មាន​ជាមួយ​ប្រទេស​វៀតណាម។

​តារាង​ឧប​សម្ព័ន្ធ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​ទ្វេ​ភាគី​កម្ពុជា-វៀតណាម ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​រយៈ​ពេល ២​ឆ្នាំ​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ បង្ហាញ​ថា ទំនិញ​កម្ពុជា​ដែល​ទទួល​បាន​ការ​លើក​លែង​ពន្ធ​គយ​ពី​វៀតណាម មាន​ផលិត​ផល​សត្វ​បក្សី​ ផ្លែ​ក្រូច​ពោធិ៍សាត់ និង​ក្រូច​ឆ្មារ ស្រូវ និង​អង្ករ​សំរូប​ជា​ច្រើន​មុខ ថ្នាំ​ជក់​ជាច្រើន​មុខ សម្ភារៈ​ប្លាស្ទីក សម្ភារៈ​វេច​ខ្ចប់ សាច់​សំពត់​ និង​ទោចក្រ​យាន ឬ​ត្រី​ចក្រ​យាន​គ្មាន​ម៉ាស៊ីន។

ចំណែក​ឯ​ផលិត​ផល​​វៀតណាម​ដែល​ទទួល​បាន​ការ​លើក​លែង​ពី​ពន្ធ​គយ​ពី​កម្ពុជា មាន​ភាគ​ច្រើន​ជា​ផលិត​ផល​អាហារ​សម្រេច​ ទំនិញ​ផលិត​ពី​​ជ័រ ដែក និង​ដែក​​​ថែប​សម្រាប់​បម្រើ​ឲ្យ​វិស័យ​​សំណង់​។

តួលេខ​ពី​ប្រព័ន្ធ​ទិន្នន័យ​ធនាគារ​ពិភព​លោក​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​សរុប​ប្រហែល ២៣០​លាន​ដុល្លារ ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដោយ​ក្នុង​នោះ​ ផលិត​ផល​ដែល​កម្ពុជា​នាំ​ចេញ​ច្រើន​បំផុត គឺ​វត្ថុ​ធាតុ​ដើម​មាន​តម្លៃ​ដល់​ទៅ​ជាង ១២២​លាន​ដុល្លារ ឬ​ស្មើ​នឹង​ទំហំ​ជាង ៥៣​ភាគរយ​នៃ​ទំហំ​នាំ​ចេញ​សរុប និង​តាម​ពី​ក្រោយ​ដោយ​ផលិត​ផល​ប្លាស្ទីក​មាន​តម្លៃ​ដល់​ទៅ​ជាង ១០៣​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ