ACU ប្រកាស​បើក​ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិស្នងការរង​នគរបាល​ខេត្តកណ្ដាល

ស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា។ រូបភាព៖ បណ្ដាញសង្គម

អង្គភាពប្រឆាំងអំពើពុករលួយ បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ទ្រព្យ​សម្បត្តិ​​របស់​មន្ត្រី​នគរបាល​ម្នាក់​ដែល​បម្រើការងារ​នៅ​ឯ​ក្នុង​ខេត្ត​កណ្ដាល បន្ទាប់​ពី​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​​លើក​ឡើង​ថា មន្ត្រី​នគរបាល​រូប​នោះ​ជូន​បណ្ណាការ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ដល់​គូ​ដណ្ដឹង​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ចំណាត់​ការ​របស់​ខ្លួន​ទៅ​លើ​មន្ត្រី​នគរបាល​រូប​នោះ​បែប​នេះ ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អង្គភាពប្រឆាំងអំពើពុករលួយ បាន​រៀបរាប់​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ថា៖ «ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​ទ្រព្យ​សម្បត្តិ និង​បំណុល​លោក​ស្នងការ​រង​ ដូចគ្នា​នឹង​លោក គឹម រស្មី ដែរ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ប៉ុន្តែ ការប្រកាសស៊ើបអង្កេត ACU  លើស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា នេះ ធ្វើឡើងក្រោយពីមានការចែករំលែកតាមបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីស្នងការរងរូបនេះ បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​​បាន​ជូន​​ថ្លៃ​បណ្ណាការ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិ​ញ្ជៀ​ន​ពេជ្រ និង​រថយន្ដ​លុ​ច្ស​ស៊ី​ស ៥៧០ មួយ​គ្រឿង​ដែលមាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​។​

វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា បាននៅឡើយទេ។

បើតាម ACU ឲ្យដឹងថា អង្គភាពនេះ ក៏បានបញ្ចប់ការស៊ើបអង្កេតអតីតមេញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី និងភរិយា រួមទាំងកូនចំនួន ៣ នាក់ របស់លោករួចរាល់ហើយដែរ។

​កាលពីថ្ងៃទី៩ ខែកុម្ភៈ ព្រះមហាក្រត្រ​ចេញពី​រាជក្រឹត្យ​លុបឈ្មោះ​អតីតមេញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ឧត្តមសេនីយត្រី(ផ្កាយ១) លោក គឹម រស្មី ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ  បន្ទាប់ពីមានការ​ស្នើសុំរបស់លោ​ក​នា​យ​ករ​ដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន។

ការ​ស្នើសុំលុបលោក គឹម រស្មី ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទនេះ ធ្វើឡើងក្រោយពី​​​មានសារ​សំ​​​ឡេ​ង​បង្ហោះ​លើ​បណ្តាញ​សង្គម ថា លោក គឹម រស្មី បាន​ចែក​លុយ ១០ម៉ឺនដុល្លារ ឲ្យកូន ៥នាក់ ក្នុង​ពិធី​ខួបកំណើ​ត​របស់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ