ក្រុមកម្មកររោងចក្រ W&D ត្រូវបានសមត្ថកិច្ចរារាំងនៅព្រឹកថ្ងៃនេះ អំឡុងពេលពួកគេដើរដង្ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយក្នុងវិវាទការងារដែលអូសបន្លាយពេលវេលាអស់រយៈពេលជាង ២ខែមកហើយនោះ។
តំណាងកម្មករ លោក សឿង ប្រុស ប្រាប់ វីអូឌី ថា សមត្ថកិច្ចប្រហែល ១០០នាក់ ដែលប្រដាប់ដោយខែល និងដំបងឆក់ បានទប់ស្កាត់ក្រុមកម្មករ បន្ទាប់ពីក្រុមកម្មករបានដើរដង្ហែក្បួនចេញពីមុខរោងចក្រ W&D បានចម្ងាយប្រហែល ៥០០ម៉ែត្រ។
តំណាងកម្មកររូបនេះបានឲ្យដឹងបន្ថែមថា ក្រុមកម្មកររោងចក្រ W&D បានសម្រេចដើរដង្ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ក្នុងវិវាទការងារ ក្រោយពីវិវាទមួយនេះមិនមានដំណោះស្រាយអស់រយៈពេលជាង ២ខែមកហើយនោះ។
លោក សឿង ប្រុស ប្រាប់ថា៖ «កម្មករគាត់គ្រោងហែញត្តិទៅខុទ្ទកាល័យសម្តេច ប៉ុន្តែ ត្រូវបានកងកម្លាំងសម្ថកិច្ចគាត់មកស្ទាក់ផ្លូវ។ សមត្ថកិច្ចចូល ១០០នាក់ជាង។ ពួកគាត់បិទផ្លូវហ្នឹង ពេលដែលកម្មករហែរបានប្រហែល ៤ ទៅ ៥០០ម៉ែត្រពីរោងចក្រ។ ព្រឹកមិញហ្នឹង ពេលដែលគាត់ហែរទៅតាមផ្លូវ៣៧១ ត្រូវកងកម្លាំងគាត់ស្ទាក់នៅត្រង់កន្លែងស្ពានដែកផ្លូវទៅចំការដូង។ ដល់ពេលក្រុមកម្មករបកមកផ្លូវ២១៧វិញ ទៅតាមផ្សារដើមគរ ត្រូវបានកងកម្លាំងមកស្ទាក់ម្តងទៀត»។
កាលពីថ្ងៃម្សិលមិញនេះ កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងខណ្ឌមានជ័យ បានដើរហែក្បួនទៅរកកិច្ចអន្តរាគមន៍ពីក្រសួងការងាររួចម្តងមកហើយ ប៉ុន្តែ ពួកគេអះអាងថា មិនទទួលបានដំណោះស្រាយនោះឡើយ។
កាលពីចុងឆ្នាំ២០១៨ កម្មករជិត ២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D បានផ្ទុះការតវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង១ពាន់នាក់ ដោយថា មិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ។ ប៉ុន្តែ ក្រោយមករោងចក្រនេះ បានប្រកាសទទួលយកកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន៕