លោក ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តមណ្ឌលគិរីដកភ្នំដោះក្រមុំ យក​មក​គ្រប់​គ្រង​វិញ

រូបសំណាកទន្សោងគោព្រៃ នៅមណ្ឌលគិរី

ប្រធាន​គណបក្សខ្មែរក្រោក អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាផ្ទាល់​មាត់​ទៅអភិបាលខេត្តមណ្ឌលគិរី ឲ្យ​ដក​ហូត​យក​ភ្នំដោះក្រមុំមកទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ដោយថា មិនត្រូវឲ្យនរណារំលោភយកធ្វើជា​កម្មសិទ្ធិនោះឡើយ។

ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍ​នាសា​ប៊ុន ដែល​ជា​សមាជិក​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បាន​ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាថ្ងៃទី២៨ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់​ទៅអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអៀង ដកភ្នំដោះក្រមុំមកគ្រប់គ្រងវិញនេះ។

ទាក់ទិនរឿងនេះ អ្នកនាំពាក្យខេត្តមណ្ឌលគិរី លោក សុខ សារ៉ា លើកឡើងថា ក្រោយពីមានបញ្ជានេះ លោកថា នៅថ្ងៃនេះ ខេត្តនឹងបើកកិច្ចប្រជុំ ដើម្បីធ្វើការដោះស្រាយ។

លោក សុខ សារ៉ា ថា៖ «ក្រោយពីបានប្រជុំថ្ងៃមិញហ្នឹង ខ្ញុំក៏បានប្រជុំដែរ​។ អញ្ចឹងស្អែក លោក[អភិបាលខេត្ត]នឹងហៅគណៈ​កម្មការដោះស្រាយ ដើម្បីអនុវត្តអនុសាសន៍របស់សម្ដេច។ ស្អែក​ម៉ោង ៨ នឹងចាប់ផ្ដើមប្រជុំហើយ»

កាលពីខែធ្នូ ឆ្នាំ២០១៨​ ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី បាននំាគ្នាឡើងមកភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងក្រសួងវប្បធម៌ ឲ្យជួយដោះស្រាយ ក្រោយពីអ្នកមានអំណាច និងពលរដ្ឋមួយចំនួនបានទៅបោះទីតាំង ទន្ទ្រានយកដី​ភ្នំដោះក្រមុំជាបន្តបន្ទាប់នោះ។

ភ្នំ​ដោះ​ក្រមុំ​ ដែល​​គ្រប់​ដណ្ដប់​លើ​ដី​ទំហំ ១០២​ហិកតា ស្ថិត​​នៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ​ ស្ថិត​ក្នុង​ភូមិ​ស្វាយ​ចេក ​សង្កាត់​សុខដុម​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​កាត់​ទុក​ជា​មជ្ឈ​មណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​កាល​ពី​ឆ្នាំ​២០០៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ