សា​លារា​ជធា​នីបំ​ភ្លឺថា ​មិ​​នបា​នត​ម្រូវ​ឲ្យស​ហ​គ្រាស​ប្តូរ​ទីតាំ​ងទៅ​ជា​យ​ក្រុង​ទេ​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតកាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក ម៉េត មាសភក្ដី

សា​លារា​ជ​ធា​នី​ភ្នំ​ពេញ បាន​បក​ស្រាយ​​ឡើ​ងវិ​ញ​ថា ​ខ្លួនមិនបានតម្រូវឲ្យម្ចាស់រោងចក្រ​សហ​គ្រា​ស​ ផ្លាស់ប្តូរទីតាំង​អាជីវកម្ម​របស់​ពួកគេ​ទៅ​ជា​​យ​ក្រុង​នោះ​ឡើយ ហើយ​ចាត់​ទុក​​សេចក្ដី​ជូនដំណឹងកន្លងទៅ​ថា​​ជា​​កា​រ​​​ត​ម្រង់​​​ទិស ដើម្បី​បញ្ចៀ​ស​កា​​រក​​កស្ទះ និង​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាន​ឲ្យ VOD ដឹងនៅថ្ងៃនេះថា សាលារាជធានីភ្នំពេញ​បាន​ជួប​ជាមួយ​សមាគម​រោង​ចក្រ​កាត់ដេរនៅកម្ពុជា GMAC កាល​ពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់​ពី​តំណាង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មួយ​នេះ ​បាន​បង្ហាញ​ក្ដី​បារម្ភ​ក្រោយ​ពី​សា​លា​រាជធានី បាន​ជូន​ដំណឹង​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស​នានា​នៅ​រាជ​ធានី​ភ្នំពេញ ឲ្យ​ផ្លាស់​ប្ដូរ​ទីតាំង​ទៅ​តា​មប​​ណ្តោ​​យខ្សែ​ក្រវ៉ាត់​ក្រុង​ទី៣​វិញ ដើម្បីសម្រួលដល់ការកកស្ទះ។

លោក ម៉េតមាស ភក្តី អះអាងថា សាលារាជធានីបានបំភ្លឺទៅភាគីពាក់ពាក់ព័ន្ធថា មិនមានផែនការ​ណាមួ​យត​ម្រូ​វឲ្យម្ចាស់រោងចក្រ សហ​គ្រាស​ណាមួយ ត្រូវផ្លាស់ប្តូរទីតាំងទេ ប៉ុន្តែ លោកថា កិច្ចប្រជុំបានព្រមព្រៀងគ្នា បង្កើត​ក្រុ​​​​ម​ការងារចម្រុះមួយ ដើម្បីជួយសម្រប​សម្រួលប​ញ្ហា​នេះ។

លោក ម៉េត មាសភក្តី មាន​ប្រសាសន៍​ថា៖ «រដ្ឋបាលរាជធានីភ្នំពេញពុំមានកំណត់ ឬឲ្យធ្វើការរុះរើទីតាំងរោងចក្រ សហគ្រាស​ ឃ្លាំង​ទំនិញ​អី​ផ្សេងៗ ដែលកំពុងតែដំណើរការនៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌ ក្នុងក្រុងភ្នំពេញនេះ ទៅទីតាំងណាមួយទេ គឺបន្តប្រក្រតីភាព​នៃ​ចង្វាក់​ផលិតកម្ម​សំដៅធ្វើម៉េចការងារឧស្សាហកម្ម ដែលរកទទួលទានហ្នឹងឲ្យបានជាធម្មតា»

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី២៦ ខែ​កុម្ភៈ សាលារាជធានីភ្នំពេញបានលើកឡើងថា ចំណុច​​អាទិភាព គឺ​​​ដោះស្រាយបញ្ហាកកស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយថា បញ្ហានេះ​មួយចំណែកកើតឡើងពីកំណើនយានយន្តគ្រប់ប្រភេទ  រោងចក្រ ស​ហ​គ្រា​ស​ឃ្លាំ​ង​​ស្តុប​​ទំនិញ​ និង​យានដ្ឋាន​ជួស​ជុល​រថយន្តធំៗជាដើម។

រដ្ឋបាល​សាលារាជធានី​បាន​ជូន​ដំណឹង​​ថា៖ «ដើម្បីឲ្យសាលារាជធានីភ្នំពេញរក្សាបាន​នូវសុវត្ថិភាព​សណ្តាប់​ធ្លាប់​ និងរបៀ​បរៀបរយ​សាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ រដ្ឋ​​បាល​​រាជធា​នីភ្នំ​ពេ​​​ញ សូមស្នើរបងប្អូនប្រជាពលរដ្ឋ ម្ចាស់​រោងចក្រ​សហគ្រាស ឃ្លាំងស្តុបទំនិញ និងយា​នដ្ឋានជួ​សជុលរថ​យន្តធំ​ៗ​ ដែ​ល​​មានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជន ក្នុង​រាជ​ធានី​ភ្នំពេញ​ទាំង​អស់ រៀប​ចំផ្លា​ស់ប្តូរទីតាំង​អាជីវក​ម្មរប​ស់ខ្លួ​ន ឲ្យ​ទៅ​ស្ថិ​តនៅផ្លូវក្រវ៉ាតក្រុងទី៣ ដែលក្រសួងសាធារណការ និង​ដឹកជញ្ជូនកំពុងស្ថាបនា ឆ្លង​កាត់​ភ្នំពេញ​ និងខេត្ត​ក​ណ្តាល»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ