របាយការណ៍៖ សន្ទស្សន៍​នីតិរដ្ឋ​នៅកម្ពុជាស្ទើតែអន់ជាងគេបំផុតលើពិភពលោក

ទិដ្ឋភាពនៅពីមុខរដ្ឋសភាកម្ពុជា កាលពីពេលកន្លងទៅ។

របាយការណ៍អន្ដរជាតិមួយបន្ដចាត់ថ្នាក់កម្ពុជាជាប្រទេសមានប្រព័ន្ធយុត្ដិធម៌ទន់ខ្សោយបំផុត ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល បាន​ហៅ​​របាយការណ៍​នេះ​ថា មានចរឹត​នយោបាយ​។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» នៅថ្ងៃនេះ ដោយបន្ដចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ស្ទើរតែអន់ជាងបំផុតនៅលើពិភពលោក។

បើ​តាម​តារាង​សន្ទស្សន៍​ចេញ​ដោយ​អង្គការ​មួយ​នេះ កម្ពុជាត្រូវ​បាន​វាយ​តម្លៃ​នៅ​ចំណាត់​ថ្នាក់​១២៥ ក្នុងចំណោមបណ្ដាប្រទេស ១២៦ ពោល​គឺ​កម្ពុជាល្អ​ជាង​តែ​​ប្រទេស​វេណេស៊ុយអេឡា​តែ​មួយ​ប៉ុណ្ណោះ។

ចំណែក​ប្រទេសចំនួន៣​ដែលទទួលបានចំណាត់ល្អបំផុតនៅក្នុងរបាយការណ៍យុត្ដិធម៌នេះ គឺមាន ​ដាណឺម៉ាក ន័រវេស និងប្រទេសហ្វាំងឡង់ សុទ្ធ​តែ​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អឺរ៉ុប។

របាយការណ៍អង្គការអន្ដរជាតិនេះ បានផ្ដល់ពិន្ទុទាបដល់កម្ពុជាក្នុងសូចនាករមួយចំនួន ដូចជា ការទប់អំណាចរបស់រដ្ឋាភិបាល អំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិសេរីភាពមូលដ្ឋាន សណ្ដាប់ធ្នាប់ និងសន្ដិសុខ ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ។

អ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក ជិន ម៉ាលីន ចាត់ទុករបាយការណ៍នេះ​ថា មានលក្ខណៈនយោបាយ និងមិនមានលក្ខណៈវិទ្យាសាស្ដ្រនោះទេ។ លោកថា អង្គការមួយនេះមើលតែទៅលើករណីរំលាយគណបក្សប្រឆាំង ដែលថា ជាចំណាត់ការផ្លូវ​ច្បាប់របស់តុលាការកម្ពុជា។    

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

លោក ជិន ម៉ាលីន មាន​ប្រសាសន៍បន្ដថា៖ «បើយើងសន្និដ្ឋានពីសូចនាករដែលគាត់ប្រើ ពីវិធីសាស្ដ្រគាត់វាយតម្លៃ ខ្ញុំអាចសន្និដ្ឋានបានថា វិធីសាស្ដ្រនេះមិនមានលក្ខណៈវិទ្យាសាស្ដ្រនោះទេ ដោយថា គាត់ផ្ដោតតែទៅលើបរិបទនយោបាយ។ គាត់កំណត់ថា អ្វីដែលកើតឡើងទៅលើក្រុមបក្សនយោបាយ សង្គមស៊ីវិលដែលប្រឆាំង គឺជាការបំពានសិទ្ធិសេរីភាព បំពាននីតិរដ្ឋ បំពានអំណាចរដ្ឋ ការពិតនេះជាការអនុវត្តច្បាប់»។

ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត យល់ស្របជាមួយនឹងរបាយការណ៍ដែលចេញដោយអង្គការគម្រោងយុត្តិធម៌ពិភពលោកនេះ។ លោកសង្កេតឃើញថា ស្ថាប័នតុលាការមិនទាន់មានឯករាជ្យភាពពេញលេញ និងធានាយុត្តិធម៌ជូនពលរដ្ឋរងគ្រោះនោះទេ។

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត

លោក អំ សំអាត បន្ដថា៖ «បើយើងមើលទៅវិស័យយុត្ដិធម៌ និងប្រព័ន្ធតុលាការវិញ  ពីព្រោះគេតែងតែលើកឡើងថា ប្រព័ន្ធតុលាការយើងមិនទាន់មានភាពឯករាជ្យ ហើយវាមិនមែនជាជំនឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ គេឃើញប្រជាពលរដ្ឋក្រីក្រភាគច្រើនជួបបញ្ហារឿងដីធ្លីហ្នឹង ប្រជាពលរដ្ឋរងភាពអយុត្តិធម៌ច្រើន។​ ហើយគេឃើញមានអំពើពុករលួយកើតឡើង។ ហើយ២ឆ្នាំកន្លងមកនេះ ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំ គឺវាមានការធ្លាក់ចុះយ៉ាងខ្លាំង»។

ក្នុងរបាយការណ៍«សន្ទស្សន៍នីតិរដ្ឋសម្រាប់ឆ្នាំ២០១៧ និង២០១៨» ដែលចេញផ្សាយកាលពីចុងខែមករាឆ្នាំមុននោះ អង្គការគម្រោងយុត្តិធម៌ពិភពលោក ក៏បានចាត់ថ្នាក់កម្ពុជានៅលេខរៀងស្ទើតែចុងក្រោយគេ ពោលគឺនៅចំណាត់ថ្នាក់ទី១១២ ក្នុងចំណោម​ប្រទេស១១៣ នៅលើពិភពលោក។

បើធៀបជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ កម្ពុជានៅស្ថិតនៅបាតតារាងក្នុងចំណោមប្រទេសចំនួន១៥ នៅតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ