កម្ពុជា​ចាប់ផ្ដើម​ជំរឿន​ស្ថិតិ​ប្រជាជន​លើក​ទី​៣​នៅ​ថ្ងៃ​នេះ

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិត ជួប​សម្ភាស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​គេហ​ដ្ឋាន​របស់​លោក​នៅ​ឯ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៩។ រូបថត៖ NIS

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​​ដំណើរការ​ធ្វើ​ជំរឿន​ស្ថិតិ​ប្រជាជន​​របស់​ខ្លួន​នៅ​ថ្ងៃ​​អាទិត្យ​នេះ ដែល​ជា​ជំរឿន​លើក​ទី​៣ នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

បើ​តាម​ប្រតិទិន​របស់​វិទ្យាស្ថាន​ស្ថិតិ​ជាតិ កម្ពុជា​កំពុង​រៀបចំ​ដំណើរការ​ធ្វើ​ជំរឿន​ប្រជាជន​របស់​ខ្លួន​រយៈ​ពេល ១១​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​០៣ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ខែ​មករា​កន្លង​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​ផ្ដល់​ព័ត៌មាន​ដល់​មន្ត្រី​ចុះ​ធ្វើ​ជំរឿន ដោយ​​ថា ដំណើរការ​ជំរឿន​នេះ មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ទៀត​ថា ជំរឿន​ស្ថិតិ​ប្រជាជន​នេះ ក៏​នឹង​មិន​ធ្វើឲ្យ​ប្រជាជន​ខាត​បង់​ប្រាក់​កាស​ផង​ដែរ ប៉ុន្តែ ដើម្បី​អនាគត​របស់​ប្រជាជន​កម្ពុជា​។

កម្ពុជា​បាន​រៀបចំ​ជំរឿន​ស្ថិតិ​ប្រជាជន​​ចំនួន ២​លើក​រួច​មក​ហើយ នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​មក​នេះ។

ជំរឿន​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង ១១​លាន​នាក់ ដោយ​ក្នុង​នោះ​ពលរដ្ឋ​ដល់​ទៅ​ជាង ៩.៦​លាន​នាក់ រស់នៅ​តាម​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។

ចំណែក​ឯ​ជំរឿន​លើក​ទី​នៅ​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​ជាង ១៣​លាន​នាក់ ក្នុង​នោះ​ប្រជាជន​ជាង ៥០​ភាគរយ គឺ​ជា​ស្ត្រី ហើយ​ប្រជាជន​ដល់​ទៅ​ជាង ១០.៧៨​លាន​នាក់ រស់​នៅ​តាម​តំបន់​ជន​បទ។

តួលេខ​របស់​ធនាគារ​ពិភព​លោក បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ជាង ១៦​លាន​នាក់​នៅ​ឆ្នាំ​២០១៧​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ