CNRP ទាមទារជាថ្មីឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់

លោក កឹម សុខា (រូបកណ្ដាល) និងមន្ត្រីតុលាការកម្ពុជា។ (រូបភាព៖ បណ្ដាញសង្គម/ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨)

អតីតបក្សប្រឆាំង បាន​ទាមទារជាថ្មីម្ដងទៀតឲ្យរដ្ឋាភិបាលដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​នា​ពេល​សព្វ​ថ្ងៃ ដោះលែងលោក កឹម សុខា បន្ទាន់ ដោយថា លោកបានជាប់ឃុំឃាំងទាំងអយុត្ដិធម៌​អស់រយៈពេលជាង ១ឆ្នាំមកហើយ។

អតីតគណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះថា គិតត្រឹមថ្ងៃទី៣ ខែ​មីនានេះ លោក កឹម សុខា ត្រូវបានគេចាប់ឃុំឃាំងទាំងអយុត្តិធម៌អស់រយៈពេល ១៨ខែមកហើយ និងទាមទារឲ្យដោះលែង​លោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌអ្វីទាំងអស់។

ក្នុងសេចក្ដីថ្លែងការណ៍​ដដែល​នេះ អតីតគណបក្សសង្គ្រោះជាតិក៏ស្នើទៅឲ្យសហគមន៍អន្ដរជាតិ ឲ្យ​ចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញ​ឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

មិនប៉ុន្មានថ្ងៃក្រោយចំណាត់ការរបស់អឺរ៉ុបនេះ សហរដ្ឋអាមេរិក​ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ​បានបង្ហោះរូបថត​របស់អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ហើយ​រៀបរាប់​ថា លោកត្រូវបានគេចាប់ឃុំឃាំងអស់រយៈពេលជាង ១ឆ្នាំ​ដោយ «អយុត្តិធម៌» និងគ្មានភស្ដុតាងណាមួយសោះ។

ប៉ុន្ដែ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍សម្ដែងនូវការខកចិត្ត ដោយចាត់ទុកសកម្មភាពនេះ​ថា «មិនមានលក្ខណៈការទូត» និង «មិនគោរពអធិបតេយ្យរបស់កម្ពុជា»។

ចំណែក​ក្រសួងយុត្ដិធម៌ក៏បានចេញមុខបកស្រាយករណីនេះផងដែរថា លោក​ កឹម​ សុខា ​ត្រូវព្រះរា​ជអាជ្ញា​ដោះ​​លែងឲ្យនៅ​​ក្រៅឃុំ​​តាំ​ង​​ពី ៦​ខែមុនមក​ម៉្លេះ ពោលគឺនៅពេលលោកត្រូវបានគេផ្ទេរពីការជាប់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកជាការជាប់ឃុំនៅក្នុងផ្ទះវិញ កាលពីដើម​ខែកញ្ញា ឆ្នាំ២០១៨នោះ។   

លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនទាំងយប់​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទថា បានឃុប​ឃិត​ជាមួយ​ស​ហរដ្ឋ​អាមេរិក ​ចង់ផ្តួលរំលំរដ្ឋាភិបាល។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​នៅ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់ព្រំដែនវៀតណាម​អស់​រយៈ​ពេល​ជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួនក្នុងផ្ទះវិញ នៅរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ