របាយការណ៍​ថា អាជ្ញាធរ​កម្ពុជា​ដក​ហូត​ឯកសារ​មិន​ប្រក្រតី​ជាង​៣ម៉ឺន​៥​ពាន់​ច្បាប់​ពី​ជន​បរទេស​កាល​ពី​ឆ្នាំ​មុន

សមត្ថកិច្ចចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិន ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

របាយការណ៍​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា​បាន​ដក​ហូត​ឯកសារ​រដ្ឋ​បាល​មិន​ប្រក្រតី​ដែល​កាន់​កាប់​ដោយ​ជន​បរទេស​ដល់​ទៅ​ជាង ៣​ម៉ឺន ៥​ពាន់​ច្បាប់ ហើយ​ក៏​បាន​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជិត ២​ម៉ឺន​សន្លឹក​ដល់​ជន​បរទេស​ផង​ដែរ។

របាយការណ៍​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា​​បាន​ចាប់​ខ្លួន​ជន​បរទេស​ដល់​ទៅ ១៧៧​នាក់ ក្នុង​នោះជន​ជាតិ​វៀតណាម​ដល់​ទៅ ១៣៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ការ​បង្ក្រាប​ដល់​ទៅ ៧៧​លើក​ ក្រោយ​ពី​ពួកគេ​បាន​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​កម្ពុជា​បាន​សម្រេច​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោ​ប្រវេសន៍​ដល់​ទៅ​​ជាង ៥​ម៉ឺន ៧​ពាន់​នាក់ (៥៧,៤៤៤)​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ផង​ដែរ​ថា អាជ្ញាធរ​កម្ពុជា​បាន​ប្រកាស​ទទួល​ស្គាល់​ជន​បរទេស​​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ (៤៦,៣៨១​នាក់) ឬ​ស្មើ​នឹង​ជាង ១​ម៉ឺន ៤​ពាន់​គ្រួសារ (១៤,៤៤៩​គ្រួសារ) បន្ទាប់​ពី​ជន​បរទេស​ដល់​ទៅ​ជាង ៧​ម៉ឺន ៥​ពាន់​នាក់ (៧៥,០៨៩​នាក់) ​ក្នុង​រយៈ​ពេល​ពេញ​១​ឆ្នាំ​២០១៨​កន្លង​មក​នេះ។

របាយការណ៍​របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយកាលពីឆ្នាំ២០១៧ ​បានឲ្យដឹងថា លទ្ធផល​នៃការជំរឿនបានរកឃើញថា ជនបរទេស​សរុប ៤៦ ៧៧៦គ្រួសារ ឬស្មើនឹងចំនួនមនុស្ស ១៧៦ ៨១២នាក់ ក្នុងនោះស្រីចំនួន ៧៩ ៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដដែលថា ក្នុងចំណោមជនបរទេស​ទាំង​នោះ មានជនបរទេសអន្តោប្រវេសន៍​ ៧៣,៣៩៧នាក់ ក្នុង​នោះ​មាន​ស្រី ៣៥ ៨៨៨នាក់ មាន ៥សញ្ជាតិ ដែលកំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ