ក្រុមសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

ក្រុម​អង្គការសង្គមស៊ីវិល អំពាវនា​វ​ទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស ​ដោយថា កន្លងមក អាជ្ញាធរតែងតែធ្វើការគំរាមកំហែង និងការប្រើអំពើហិង្សាលើរាងកាយលើស្ត្រីនៅពេលដែលពួកគេចុះទៅអប់រំពលរដ្ឋនៅតាមមូលដ្ឋាន​។

ក្នុងឱកាសអបអរ​ទិវានារីអន្តរជាតិលើកទី១០៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនាខាងមុខនេះ អង្គការសង្គមស៊ីវិលចំនួន ១២ បានដាក់​​ញត្តិស្នើសុំដំណោះស្រាយ​លើបញ្ហា​ជាអាទិភាពរបស់ស្ត្រី​ចំនួន៧ ទៅរដ្ឋាភិបាល​​។ ក្នុងចំណោមបញ្ហាទាំង ៧នោះ ក្រុមអង្គការស៊ីវិល បាន​ស្នើឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស ដោយថា កន្លងមក អាជ្ញាធរមូលដ្ឋានតែងតែ គំរាមកំហែង និងការប្រើអំពើហិង្សាលើរាងកាយ និងស្មារតីលើស្ត្រីសកម្មជនសិទ្ធិមនុស្ស ក្នុងចេតនារារាំងមិនឲ្យមានការជួបជុំ និងដើរក្បួននៅទីសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌លើបញ្ហារបស់ពួកគេ។​

អង្គការសង្គមស៊ីវិល បន្ថែមថា អាជ្ញាធរមួយចំនួនក៏បានប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ ដើម្បីដាក់សម្ពាធ និងបំបិទសម្លេងរបស់ស្រ្តីសកម្មជនសិទ្ធិមនុស្ស តាមរយៈការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ឬ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងបទបំផ្លិចបំផ្លាញលើទ្រព្យសម្បត្តិឯកជន និងការចាប់ខ្លួនស្ត្រីជាដើម។

ក្រុម​អង្គការទាំងនោះ សំណូមពរថា៖ «រាជរដ្ឋាភិបាលជម្រុញឲ្យមានការអនុវត្តច្បាប់ដាច់ខាតដែលអនុលោមទៅតាមគោលការណ៍សិទ្ធិមនុស្សជាសកល និងលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំ សិទ្ធិក្នុងការចងក្រងសហជីព សិទ្ធិចូលរួម និងសិទ្ធិបង្កើតអង្គការសមាគម ដោយគ្មានការយាយីរំខាន ការឃ្លាំមើល និងការជ្រៀតជ្រែកពីសំណាក់អាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច»។

ក្រៅពីការស្នើសុំបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានស្នើដោះស្រាយបញ្ហាមួយចំនួនទៀតដូចជា បញ្ឈប់ការបៀតបៀន និងហិង្សាផ្លូវភេទលើស្ត្រីនៅកន្លែងការងារដោយគ្មានការលើកលែង , ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុកពីការកេងប្រវ័ញ្ចការងារ ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប, ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្ត្រីដែលធ្វើការងារតាមផ្ទះ និង​កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងដេរស្បែកជើងជាដើម។

អគ្គលេខាធិការសម្ព័ន្ធកសិកកម្ពុជា កញ្ញា កែវ ចាន់រ៉ា  ដែលបានចូលរួមដាក់ញត្តិស្នើសុំ ចាត់ទុក​ការគំរាមកំហែង ប្រើប្រាស់អំពើហិង្សា និងការយកប្រព័ន្ធតុលាការមកដាក់សម្ពាធលើស្រ្តីសកម្មជនសិទ្ធិមនុស្ស ថា ជាការបំបាក់ស្មារតីស្ត្រីសកម្មជន ហើយជះឥទ្ធិពលដល់ផ្សេងៗទៀត ដែលរងគ្រោះនោះ ពួកគេលែងហានតស៊ូមតិដើម្បីទាមទារយុត្តិធម៌។

 កញ្ញាថា៖ «សកម្មជនពាក់ព័ន្ធដែលធ្វើការដីធ្លីមួយចំនួន គ្រួសារគាត់តែងតែប្រាប់គាត់ ជាមួយនឹងសុវត្ថិភាពផ្ទាល់ខ្លួនគាត់ និងជីវភាពគ្រួសារ…។ បើសិនជាគាត់ទប់អត់បាន ឬមួយគាត់បានបាក់ទឹកចិត្តចំពោះការគំរាមកំហែងហ្នឹង អញ្ចឹងវាមិនត្រឹមប៉ះពាល់ដល់គាត់ឬមួយគ្រួសារគាត់ទេ ប៉ុន្តែ វាប៉ះពាល់ដល់ការចូលរួមរបស់សមាជិករបស់គាត់ តាមសហគមន៍ទៀត ព្រោះដោយសារ គាត់មនុស្សដែលគេមើលនៅក្នុងភូមិ។ អញ្ចឹង បើសិនជាថ្នាក់ដឹកនាំ ឬមួយសកម្មជនទាំងអស់ហ្នឹង គាត់បាក់ទឹកចិត្ត អញ្ចឹងអ្នកផ្សេងគាត់ក៏អាចពិចារណាក្នុងការពាសិទ្ធិមនុស្ស និងសិទ្ធិដីធ្លីដែរ» ។

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្តា​ មានប្រសាសន៍ថា ក្រសួងទទួលបានឃើញញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលរួចហើយ។ លោកស្រីបន្តថា ក្រសួងនឹងធ្វើការពិនិត្យមើល ដោយលើកយកបញ្ហាទាំងនោះទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយសង្គមស៊ីវិល ហើយ ដោយថា​ លោកស្រីថា បញ្ហាទាំងអស់នោះដោះស្រាយ។

លោកស្រីថា៖ «លិខិតហ្នឹង ខ្ញុំបានព្រីនជូនរដ្ឋមន្ត្រីខ្ញុំរួចហើយ  គាត់ថានឹងពិនិត្យមើលអញ្ចឹង។ ខ្ញុំមើលក្នុងអ៊ីធីណែតឃើញទេ ខ្ញុំមិនដឹងគេផ្ញើញត្តិតាមណា ខ្ញុំអត់ដឹងដែរ ប៉ុន្តែខ្ញុំមើលតាមអ៊ីនធីណែតឃើញទៅ ខ្ញុំព្រីនជូនគាត់ទៅ មានចំណុចខ្លះ យើងបានធ្វើរួចហើយ ចំណុចខ្លះយើងមិនទាន់បានធ្វើ ឬក៏យ៉ាងម៉េច យើងនឹងពិភាក្សាគ្នាជាមួយនឹងដៃគូរពាក់ព័ន្ធក៏ដូចជាក្រសួងផ្សេងៗអញ្ចឹង»។

បើកញ្ញា កែវ ចាន់រ៉ា ឲ្យដឹងថា កន្លងមក ក៏មានការចាប់ខ្លួនស្រ្តីសកម្មជនសិទ្ធិមនុស្សម្នាក់ត្រូវបានអាជ្ញាធរនៅខេត្តព្រះសីហនុចាប់ដាក់ពន្ធនាគារ បន្ទាប់ស្រីរូបនោះ បានដឹកនាំពលរដ្ឋតវ៉ារឿងដីធ្លី។ ដោយឡែក នៅស្វាយរៀងវិញ កញ្ញាថា ​ស្ត្រីមួយចំនួន ត្រូវបានអាជ្ញាធរគំរាមកំហែង ប្រើអំពើហិង្សា និងអ្នកខ្លះកំពុងជាប់បណ្ដឹងនៅតុលាការផងដែរ។  កញ្ញាបន្តថា ការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាលើស្ត្រីសកម្មជនការពារសិទ្ធិមនុស្សមិនមែនកើតមានតែនៅក្នុងខេត្តស្វាងរៀង និងខេត្តព្រះសីហនុនោះទេ កញ្ញាថា ករណីនេះ ក៏កំពុងកើតមាននៅរតាមខេត្តផ្សេងៗទៀតផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ