ក្រសួង​រ៉ែ​ ​ផ្អាក​​អាជីវកម្ម​​រ៉ែ​​ថ្ម​ និង​​ខ្សាច់​​ចំនួន​​៦​ ​ដោយ​ថា​​ជា​​ការ​​ព្រមាន​ដែល​មិន​គោរព​​ការ​ណែនាំ​​

ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មន្ត្រីក្រសួងរ៉ែ និងថាមពល ចុះត្រួតពិនិត្យតំបន់ធ្វើអាជីវកម្មរ៉ែ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រូបភាព៖ ហ្វេសប៊ុក Ministry of Mines and Energy Cambodia

ក្រសួង​រ៉ែ និង​ថាមពល សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អាជីវកម្ម​ចំនួន​៦​ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ​ ចំនួន​១​សប្ដាហ៍​ ដោយ​ថា​ ជា​ការ​ព្រមាន​ដែលពួកគេ​មិន​គោរពតាមការណែនាំរបស់ក្រសួង​។

​យោងតាមការចុះផ្សាយលើទំព័រ​ហ្វេសបុក​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​ចេញ​​នៅ​ថ្ងៃ​នេះ​ ​ក្រុម​ហ៊ុន​ទាំង​៦​ ដែល​ក្រសួង​ព្យួរ​អាជ្ញាប័ណ្ណ​នោះ​ មាន​២​ជា​ក្រុមហ៊ុន​រ៉ែ​ថ្ម​សំណង់ ១​ជា​ក្រុមហ៊ុន​បូម​ខ្សាច់​បក និង​៣​ជា​ក្រុម​ហ៊ុន​បូម​ខ្សាច់​ស្ទឹង។

ក្រសួង ​សរសេរ​ថា៖ « ក្រុមហ៊ុន​ចំនួន​០៦ ពុំ​បាន​គោរព​តាម​ស្មារតី​នៃ​អង្គ​ប្រជុំ​ណែនាំ ​ពិសេស​សារាចរ​ណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ ដូច្នេះ​ក្រសួង​បាន​សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​រយៈពេល​១សបា្តហ៍​ ជា​ការ​ព្រមាន និង​អាច​ឈាន​ដល់​ការ​បញ្ចប់​អាជ្ញាប័ណ្ណ​តែ​ម្តង​ក្នុង​ករណី​មិន​រាងចាល » ។

បើ​តាម​ក្រសួង​រ៉ែ និង​ថាមពល មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​នេះ គឺ​ក្រុម​អធិការ​កិច្ច​ក្រសួង​ធ្លាប់​ប្រជុំ​ណែនាំ​ពី​ការ​អនុវត្ត​គោល​ការណ៍​ការ​យក​រ៉ែ​ដល់​ក្រុម​ហ៊ុន​ទាំង​៦​នេះ​ និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ក្នុង​ខេត្ត​ចំនួន​ពីរ​ដង​រួច​មក​ហើយ​កាល​ពី​ខែ​មុន និង​ដើម​ខែ​មីនា​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ