ឡុង គីមហ៊ាង៖ ករណីប្តីខ្ញុំ រដ្ឋាភិបាលមិនឆ្លើយតប តែមហាជនដឹងកាន់តែច្រើន

ក្រុមគ្រួសារ​និងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី ធ្វើការតវ៉ាឲ្យរុស្ស៊ីជួយអន្តរាគមន៍លើរឿងរបស់លោក រ៉ាត់ រត្នមុនី នៅមុខស្ថានទូរុស្ស៊ី។ រូបភាព៖ ហ៊ី ឆាយ /ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩

ភរិយាអ្នកបកប្រែភាសាឲ្យសារព័ត៌មានរុស្សី (RT) សង្ឃឹមទទួលបានយុត្តិធម៌ ទោះមិនមានការឆ្លើយតបពីរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលកម្ពុជាក៏ដោយ ព្រោះអ្នកស្រីថា សាធារណជនបានដឹងរឿងទាំងនេះកាន់តែច្រើន។

អ្នកស្រី ឡុង គីមហ៊ាង និងសាច់ញាតិប្រមូលផ្តុំនៅមុខស្ថានទូតរុស្ស៊ីនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ គឺជាការប្រផ្តុំលើកទី៨ ប៉ុន្តែ អ្នកស្រីថា មិនមានការឆ្លើយតបណាមួយពីរដ្ឋាភិបាលរុស្ស៊ីមករដ្ឋាភិបាលកម្ពុជានោះទេ។​ គ្រួសារលោក រត្នមុនី អះអាងថា វិធានការរបស់រដ្ឋាភិបាលនេះ ធ្វើឡើងដោយអយុត្តិធម៌ប្រឆាំងអ្នកផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។​

ទោះជាការប្រមូលផ្តុំនេះមិនមានការឆ្លើយតប ប៉ុន្តែ អ្នកស្រី ​ឡុង គីមហ៊ាង បង្ហាញការជឿជាក់ថា រឿងនេះបានដឹងដល់អ្នកនយោបាយ និងសាធារណជនកាន់តែច្រើន ដែលអាចជំរុញឲ្យស្វាមីអ្នកស្រី​ទទួលបានយុត្តិធម៌មិនខាន។​

អ្នកស្រី ឡុង គីមហ៊ាង៖ «នៅពេលដែលសាធារណជន នៅពេលដែលអ្នកនយោបាយដឹងរឿងរបស់ប្តីខ្ញុំ មានប្រយោជន៍ណាស់​ ព្រោះអ្នកនយោបាយ និងសាធារណជនអាចជួយជំរុញឲ្យមាននយុត្តិធម៌នៅក្នុងសង្គម និងជួយឲ្យប្តីខ្ញុំមានយុត្តិធម៌។​»

មេដឹកនាំ​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​ លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​សមត្ថកិច្ច​ថៃចាប់​ខ្លួន និង​បញ្ជូន​មក​កម្ពុជា​តាម​សំណើ​របស់​សមត្ថកិច្ច​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំមុន ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​ផលិត​ភាព​យន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​សារព័ត៌មាន​រុស្ស៊ីថ្ងៃ​នេះ (RT)។

លោក រត្នមុនី ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ ញុះញង់​ធ្វើ​ឲ្យ​មាន​ការ​រើសអើង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» នៅថ្ងៃនេះ ដោយបន្ដចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ស្ទើរតែអន់ជាងបំផុតនៅលើពិភពលោក។

បើ​តាម​តារាង​សន្ទស្សន៍​ចេញ​ដោយ​អង្គការ​មួយ​នេះ កម្ពុជាត្រូវ​បាន​វាយ​តម្លៃ​នៅ​ចំណាត់​ថ្នាក់​១២៥ ក្នុងចំណោមបណ្ដាប្រទេស ១២៦ ពោល​គឺ​កម្ពុជាល្អ​ជាង​តែ​​ប្រទេស​វេណេស៊ុយអេឡា​តែ​មួយ​ប៉ុណ្ណោះ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងទៅកាន់ ព្រះសង្ឃ សិស្សនិស្សិតជាច្រើនអង្គនិងនាក់ ក្នុងពិធីមួយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ថា តុលាការមានតួនាទីពីរ គឺ តួនាទីផ្នែករដ្ឋបាល និងតួនាទីនៃការសម្រេចសេចក្តី។ លោកបញ្ជាក់ថា អំណាចនៃការសម្រេចសេចក្តី គឺធ្វើឡើងទៅតាមផ្លូវច្បាប់ ដោយមិនរងសម្ពាធពីស្ថាប័នណាមួយឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ