នាយករដ្ឋមន្ត្រី បង្ហើបថា ស្ត្រីជាទណ្ឌិតមួយចំនួនអាចនឹងត្រូវលើកលែងទោស

ស្ដ្រីដែលជាប់ក្នុងពន្ធនាគារ ជាមួយនឹងកូនតូចៗរបស់ពួកគេ។ (រូបភាព៖ របាយការណ៍សង្ខេបចេញផ្សាយ ខែតុលា ឆ្នាំ២០១៨ របស់អង្គការលីកាដូ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា ស្ត្រីជាទណ្ឌិតមួយចំនួន អាចនឹងត្រូវបានលើក​​លែងទោស ក្រោម​កិច្ច​អ​ន្ត​រា​​​គមន៍ផ្លូវច្បាប់ពីក្រុមមេធាវីរបស់លោក។

ការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីអបអរសាទរ ទិ​វាសិទ្ធិនារីអន្តរជាតិ៨មី​នា ដែលធ្វើឡើង​ក្នុងរា​ជ​ធា​នីភ្នំពេញ កាល​ថ្ងៃអង្គារសប្ដាហ៍នេះ​។

ក្នុងពិធីនេះ លោក ហ៊ុន សែន ថ្លែងថា លោកបានពិភាក្សារួចហើយ ឲ្យក្រុមមេធាវីរបស់​លោកពិនិ​ត្យមើល​ពីល​ទ្ធ​ភាព​​ជួយការពារក្តីឲ្យស្ត្រីជាទណ្ឌិត និងស្ត្រីជាពិរុទ្ធជន ដែលកំពុងឃុំ​ខ្លួនក្នុងពន្ធនាគារ ​តែពួកគេខ្វះលទ្ធភា​ពរក​មេធាវីដើម្បី​​ការ​ពារក្តី​ស្វែងរកយុត្តិធម៌។ មេដឹកនាំរូបនេះ បញ្ជាក់ថា តាមរយៈ​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​មេធាវី​នេះ ស្ត្រីជាទណ្ឌិត និងពិរុទ្ធជនមួយចំនួន អា​ច​នឹងត្រូវ​បាន​លើក​លែង​ទោស​ និងថា​ខ្លះទៀត​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​ ដោយមិនចាំបាច់រង់ចាំថ្ងៃបុណ្យ​ជាតិ​មក​ដ​ល់ដូ​ចកន្លងទៅនោះទេ។

លោកថា៖ «ព្រោះច្បាប់ពន្ធនាគារអនុញ្ញាតិឲ្យនាយករដ្ឋមន្ត្រីចុះហត្ថលេខា សុំព្រះរាជទានលើកលែងទោស​នៅពេ​លណា​​​ក៏បានដែរ។ អញ្ចឹង សុំឲ្យក្រសួងយុត្តិធម៌ និង ក្រសួងកិច្ចការនារី សហកា​រជាមួយផ្នែកព​ន្ធនាគារដើម្បីពិនិ​ត្យមើ​ល​ អ្នក​ដែលជាទណ្ឌិតជាប់ទោសជាស្ត្រីហ្នឹង អ្នកណាគប្បីត្រូវបានលើកលែងទោស»។

លោកនាយករដ្ឋមន្ត្រី បានអះអាងថា លោកបានបង្កើតមេធាវីមួយក្រុមឈ្មោះថាក្រុមមេធាវី«តេជោសែន» មានគ្នា​ប្រ​​​មា​ណ​ជា៦​០នា​ក់ ស​ម្រាប់ជួយការពារក្តីឲ្យស្ត្រីក្រីក្រ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ