នាយករដ្ឋមន្ត្រី រំឭកមន្ត្រីឲ្យបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា កាលពីអាណត្តិមុន (រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមន្ត្រីក្រោមឱវាទ ឲ្យបន្តយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការ​​ប​ញ្ចូ​ល​ពួកគេ​ជា​​​​​ថ្នា​​ក់​​ដឹ​កនាំ ដើម្បីបាន​ចូលរួមសម្រេច​គោលន​យោ​បាយគាំ​ពា​រសង្គម។

ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា ដែលធ្វើឡើងក្នុងរាជនីភ្នំពេញ នាថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ៊ុន សែន ថ្លែ​ងថា ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រ ក្នុងការចូលរួមសម្រេចកិច្ចការសង្គម ទាំង​នៅ​​ថ្នាក់ជាតិ និងថ្នាក់​ក្រោ​​មជាតិ លោករំឭកទៅថ្នាក់ដឹកនាំក្រសួង និងស្ថាប័នមួយចំនួនទៀត ឲ្យតែងតាំងស្ត្រីមួយចំនួនទៀត ជាប្រ​ធាន​អ​គ្គ​នាយ​កដ្ឋាន ឬអនុប្រធាន ។

លោកថា៖ «គ្រប់ក្រសួងស្ថាប័នគប្បីពិនិត្យទទួលយកស្តី្រឲ្យមានគ្រប់នៅក្នុងរចនាសម្ព័ន្ធនៃកិច្ចការរបស់យើងៗ។ ខ្ញុំយល់ថា បច្ចុប្បន្នស្ត្រីរបស់យើងបានកសាងសមត្ថភាពបានគ្រាន់បើហើយ។ ដូច្នេះ ការចាត់​បញ្ចូលឲ្យគាត់​ទទួល​បន្ទុក បើឲ្យ​​គាត់​ធ្វើអគ្គនាយកតែម្តងវាជាការល្អ»។

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ប្រសិទ្ធិភាពនៃការលើកកម្ពស់សមភាពយេនឌ័រ ឬធានា​ឲ្យស្ត្រី​មាន​សំឡេងច្រើនបានចូលរួមសម្រេចកិច្ចការសង្គម គឺមិនស្ថិតនៅ​លើការជំរុញ​ផ្ទាល់មាត់រប​ស់មេដឹកនាំទេ តែត្រូវធ្វើច្បាប់កំណត់ថា ក្រសួងនី​មួយៗត្រូវមានស្ត្រីប៉ុន្មាន រដ្ឋសភាត្រូវមានតំណាងរាស្ត្រជាស្តី្រ ប៉ុន្មានពិតប្រាកដ។

កញ្ញាថា៖ «បើសិនជាយើងមានក្របខណ្ឌគតិយុត្តិចែងច្បាស់លាស់អញ្ចឹង ខ្ញុំមើលឃើញថា វាជាយុទ្ធសាស្ត្រល្អជាង ដោយគ្រាន់តែប្រើពាក្យជំរុញលើកទឹកចិត្ត ព្រោះការជំរុញលើកទឹកចិត្តហ្នឹង នៅក្នុងពេលតែមួយរយៈក​ន្លងទៅប្រសិទ្ធិភាពនៃ​ការនិយាយហ្នឹងវា​រសាយៗអស់ប្រ​សិទ្ធិភាព។ អ​ញ្ចឹងការជំរុញ​ឲ្យស្ត្រីចូលរួមជា​ថ្នាក់ដឹក​នាំហ្នឹ​ង វា​នៅតែគ្មានប្រសិទ្ធិភាពដដែល»។

តំណាងរាស្ត្រជាប់ឆ្នោតអាណត្តិទី៦នេះ ​មានស្ត្រីតែ១៩រូបប៉ុណ្ណោះ ក្នុងចំណោមតំណាងរាស្ត្រសរុប ១២៥ក្នុងសភា។ ចំណែកតំណែងឧបនាយករដ្ឋមន្ត្រីមាន៩ រូប មានស្រ្តីតែ១ រូប រីឯថ្នាក់រដ្ឋមន្ត្រីវិញ២៩ មា​នស្ត្រី​ជារដ្ឋ​មន្ត្រី៣រូប។ ​

ដោយឡែកសមាសភាពថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ២៥ រាជធានីខេត្ត មានអ​ភិបា​លខេ​ត្តជាស្ត្រីតែ ១រូបប៉ុណ្ណោះ គឺ​អ​ភិបាលខេត្តកោះកុង។

របាយការណ៍ធនាគារពិភពលោកឆ្នាំ២០១៦ បង្ហាញថា ស្ត្រីនៅកម្ពុជាមានចំនួនជាង ៥១ភាគរយ​នៃចំ​នួន​ប្រ​ជាជន​សរុប។ ប៉ុន្តែថា កិច្ចការងារនយោបាយត្រូវបាន​ដឹកនាំដោយបុរស។

របា​យការណ៍ដែលចងក្រងដោយគម្រោង «ស្ត្រីក្នុងវិស័យនយោបាយ» បានលើកឡើងថា​ សំឡេងស្ត្រីក្នុងឆា​កន​​យោ​បា​យ​មានសភាពស្ងប់ស្ងាត់ ហើយតំណាងស្ត្រីក្នុងស្ថាប័នអំណាចនយោបាយគឺស្ថិតនៅក្នុងកម្រិតទាប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ