ព្រះរាជអាជ្ញាថា ករណីបាត់ខ្លួនអ្នកមានជម្លោះដីធ្លីម្នាក់នៅព្រះវិហារ ជាចេតនាទម្លាក់កំហុសលើអាជ្ញាធរ

លោក ស៊ុំ ម៉ឺន ដែលត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ អះអាងថា លោកមិនអនុញ្ញាតឲ្យពលរដ្ឋមានជម្លោះដីធ្លីដែលកំពុងជាប់ពន្ធនាគារបណ្តោះអាសន្នបាននៅក្រៅឃុំឡើយ និងព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលលោកយល់ថា បានផ្តល់យោបល់ឲ្យពលរដ្ឋម្នាក់រត់គេចខ្លួន ដើម្បីទម្លាក់កំហុសលើអាជ្ញាធរ។​

កាលពីខែមករា ក្រុមទាហាននៅកងពលតូចលេខ ៦ ដែលការពារដីឲ្យក្រុមហ៊ុន «មេត្រីភាព» បានចាប់ខ្លួនប្រជាពលរដ្ឋ១៥នាក់ ជាបន្តបន្ទាប់ ក្រោយពីប្រជាពលរដ្ឋទាំងនោះបានដឹកនាំអ្នកភូមិតវ៉ារឿងវិវាទដីជាមួយក្រុមហ៊ុន នៅក្នុងឃុំយាង ស្រុកជាំក្សាន្ត។ ប៉ុន្តែ ក្នុងចំណោមពលរដ្ឋ១៥ នាក់ដែលក្រុមទាហានចាប់ទៅនោះ មានបាត់ខ្លួនម្នាក់ គឺឈ្មោះ ស៊ុំ ម៉ឺន រហូតមកដល់ពេលនេះ។

ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ លើកឡើងថា ករណីពលរដ្ឋម្នាក់បាត់ខ្លួនក្រោយទាហានការពារដីក្រុមហ៊ុនចាប់ខ្លួននោះ គឺមានអ្នកផ្តល់យោបល់ឲ្យរត់គេច និងលាក់ខ្លួន ដើម្បីទំលាក់កំហុសទៅលើអាជ្ញាធរ។

ព្រះរាជអាជ្ញារូបនេះ អះអាងថា ករណីតុលាការសម្រេចឃុំខ្លួនពលរដ្ឋទាំងនោះ គឺពាក់ព័ន្ធបទល្មើសបរិស្ថានមិនមែនពាក់ព័ន្ធជម្លោះដីធ្លីនោះទេ។

លោកបន្ថែមថា៖ «មានអ្នកបញ្ចេះនៅពីក្រោយខ្នង ពេលយើងចាប់បានវិញ បានសួររកអ្នកនៅពីក្រោយឃើញ ហើយយើងនឹងចាត់ការតាមផ្លូវច្បាប់ ព្រោះមានច្បាប់ចែងអ្នកលាក់បំពួន អ្នកផ្សំគំនិតក្នុងការផ្តល់ព័ត៌មាន ផ្តល់យោបល់ ដើម្បីឲ្យគេចខ្លួនក្នុងគោលបំណងទម្លាក់កំហុសមកសមត្ថកិច្ច។ ជនជាប់ឃុំទាំងអស់គ្នាហ្នឹង គឺខាងខ្ញុំមិនអនុញ្ញាតឲ្យនៅក្រៅឃុំទេ ។សិទ្ធិរបស់ចៅក្រមឲ្យនៅក្រៅ ឃុំក៏ឲ្យចុះ នោះជាសិទ្ធិរបស់គេ ប៉ុន្តែខាងហ្នឹងរក្សាសិទ្ធិប្តឹងទៅឧទ្ធរណ៍ ព្រោះវាបានទៅបំផុសបំផុលពាក្យមិនពិតច្រើនណាស់»

ភរិយារបស់លោក ស៊ុំ ម៉ឺន គឺអ្នកស្រី ភូ ភឹមម៉ៅ បានច្រានចោលការលើកឡើងរបស់ព្រះរាជអាជ្ញានេះ ដោយថា ចាប់តាំងពីស្វាមីបាត់ខ្លួនមករហូតមកទាល់ពេលនេះគឺ មិនទាន់ទទួលបានដំណឹងថានៅទីណា ស្លាប់ ឬរស់នោះទេ។

អ្នកស្រីបន្ថែមថា៖ «ចៅហ្វាយស្រុក គាត់សួរមកខ្ញុំម្សិលមិញថា គេដឹងហើយលោក ស៊ុំ ម៉ឺនកំពុងលាក់ខ្លួនពូននៅក្នុងព្រៃហ្នឹង ខ្ញុំឆ្លើយថា ចុះបើលោកចៅហ្វាយស្រុកដឹងហើយ ដើររកចុះ រកឃើញត្រង់ណា ប្រាប់ខ្ញុំផងឲ្យខ្ញុំបានជួបជុំប្តីខ្ញុំ។ ខ្ញុំកំពុងវេទនារាល់ថ្ងៃនេះ មានពីណាជួយចិញ្ចឹមកូន។ កូនរៀនផង ណាមួយកូនជាប់ពន្ធនាគារផង ណាមួយបាត់ប្តី ខ្ញុំវេទនារកអង្ករច្រកឆ្នាំងមិនបាន ហើយមកចោទថា ខ្ញុំលាក់ប្តី ខ្ញុំលាក់ត្រង់ណា?»

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ការលើកឡើងរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារនោះ គឺជាលេសមិនទទួលខុសចំពោះការបាត់ខ្លួនពលរដ្ឋតែប៉ុណ្ណោះ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះបន្តថា ករណីសមត្ថកិច្ចចាប់ខ្លួនពលរដ្ឋ១៥នាក់នោះធ្វើឡើងខុសនីតិវិធីច្បាប់ និងពាក់ព័ន្ធរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ហើយថា ការចាប់ខ្លួនពលរដ្ឋទាំងនោះក៏មិនមែនជាបទល្មើសជាក់ស្តែងដែរ។

លោកបន្ថែមថា៖ «ពាក់ព័ន្ធលោក ស៊ុំ ម៉ឺន បាត់ខ្លួននេះ ប្រសិនបើលោកព្រះរាជអាជ្ញាថា មានអ្នកនៅពីក្រោយខ្នងផ្តល់យោបល់ឲ្យរត់គេចខ្លួន អញ្ចឹងលោកព្រះរាជអាជ្ញាគួរតែស៊ើបអង្កេតបឋមមួយ ថាតើអ្នកនៅពីក្រោយនោះជាអ្នកណា? ដើម្បីហៅអ្នកនៅពីក្រោយនោះ មកធ្វើការងារសាកសួរអាហ្នឹងមួយ។ មួយវិញទៀត ប្រយ័ត្នតែអត់មានដូចអ្វីដែលលោកព្រះរាជអាជ្ញាធរថា នេះជាលេសមួយដើម្បីកុំឲ្យព័ត៌មាននេះខ្ចាត់ខ្ចាយ ចេះតែលឺសូរដល់អន្តរជាតិក្នុងការទទួលខុសរបស់អាជ្ញាធរតែប៉ុណ្ណេះ ប៉ុណ្ណោះ»

មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ពិភព​លោក​មួយ​នេះ កំពុង​តែ​ស៊ើប​អង្កេត​លើជុំវិញករណី​បាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ឯ​ខេត្ត​ព្រះវិហារដែរ ក្រោយ​ពី​ពលរដ្ឋ​ម្នាក់​នោះត្រូវ​បាន​ក្រុម​ទាហាន​ចាប់​ខ្លួន ដោយថា ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស UN បាន​ចុះ​ទៅ​ជួប​ភាគី​ពាក់​ព័ន្ធដើម្បីស្វែងរកការពិត។

អ្នក​ភូមិ​ជាង ២០០​នាក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​​ទំហំ​ជាង ៨៥០០​ហិកតា​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​នោះ បាននាំគ្នាមក​ស្វែង​រក​​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ម្ដង​រួច​មក​ហើយ​កាល​ពីថ្ងៃទី៣១ ខែមករា​កន្លង​មក ដើម្បីស្នើ​ឲ្យ​ដោះលែងពលរដ្ឋ ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ